ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងកង្វល់ពីបាតុកម្មដែលអាចបង្កទៅជាបដិវត្តពណ៌និងអាចនឹងបន្តកើត ជាសង្គ្រាម។ ជាមួយគ្នានេះលោកបញ្ជាឱ្យមានតាមដាននិងទប់ស្កាត់រឿងបាតុកម្មទាំងនេះឲ្យទាន់ពេល។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាឲ្យមានការតាមឃ្លាំមើលចលនាបាតុកម្មនានារបស់ក្រុមកម្មកររោងចក្រយ៉ាងតឹងរឹងដោយភ័យខ្លាចហានិភ័យចំពោះបដិវត្តពណ៌។
បដិវត្តពណ៌ដែលមានប្រវត្តិកើតចេញពីក្រុមយុវជននៅមជ្ឈឹមបូព៌ាដែលមិនពេញចិត្តចំពោះអយុត្តិធម៌សង្គម។ «អាបាតុកម្មនោះហើយបើសិនយើងដោះស្រាយមិនបានទេវាអាចក្លាយជាបដិវត្តពណ៌មួយ ហើយបដិវត្តពណ៍នោះហើយដែលវានាំដល់ឱ្យមានសង្គ្រាមច្របូកច្របល់ពេញសង្គម ហើយស្ត្រីនោះហើយដែលត្រូវទទួលបន្ទុកចិញ្ចឹមកូន ចិញ្ចឹមគ្រួសារ។ គណៈកម្មការបាតុកម្ម កូដកម្មដែលមានស្ត្រីធ្វើការនៅក្នុងនោះដែរត្រូវចាំឱ្យច្បាស់តាមដានរឿងហ្នឹងឱ្យជាប់មិនត្រូវឱ្យវាកើតនោះទេ»។
លោករដ្ឋមន្ត្រីអ៊ិត សំហេង បានថ្លែងដូច្នេះក្នុងពិធីប្រារព្ធទិវាសិទ្ធនារីអន្តរជាតិ៨មិនា នៅក្នុងក្រសួងការងារកាលពីថ្ងៃចន្ទ័ម្សិលមិញនេះ។
លោក អ៊ិត សំហេង បានរលឹកថា កាលពីឆ្នាំ ២០១៣មានបាតុកម្មតវ៉ាដ៏ធំមួយរបស់ក្រុមកម្មកររោងចក្រដើម្បីទាមទារតម្លើងប្រាក់ខែ។ ការតវ៉ាដ៏អូសបន្លាយបានបង្កឲ្យកម្មករមួយចំនួនបាត់បង់ជីវិត។
ការណ៍នេះ លោក អ៊ិត សំហេង សង្កត់ធ្ងន់ថា«មិនត្រូវឱ្យមានបាតុកម្មដូច្នេះបន្តកើតមានទៀតនោះទេ។» លោករដ្ឋមន្ត្រីក្រសួងការងារ បន្ថែមពីនេះទៀតលោកថា ប្រសិនបើមិនមានការបង្ក្រាបបាតុកម្មទេ នឹងអាចបង្កជាបដិវត្តពណ៌រួចបន្តកើតជាសង្គ្រាម។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា (CCAWDU) សោកស្តាយចំពោះការលើកទ្បើងនេះ។«ខ្ញុំមិនដឹងបដិវត្តពណ៌សង្គ្រាមស្អីៗហ្នឹងវាកើតទ្បើងយ៉ាងម៉េចទេព្រោះយើងធ្វើការជិត ២០-៣០ឆ្នាំហើយធ្វើតែអញ្ចឹង ហើយរដ្ឋាភិបាល ឬក្រសួងខ្លួនឯងភ័យអារឿងបដិវត្តពណ៌អីយើងមិនដែលនឹងឃើញផងកម្មករណាដែលចង់ទៅធ្វើបដិវត្តពណ៌ជាមួយរដ្ឋាភិបាល ជាមួយក្រសួងអីនោះ គ្រាន់តែទៅឱ្យរកដោះស្រាយហ្នឹង»។
ចំណែកនាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកទ្បើងថាការទាមទាររបស់ក្រុមកម្មករដែលឈានទៅរកការធ្វើបាតុកម្មនោះមិនអាចកើតជាបដិវត្តពណ៌ទៅរួចនោះទេព្រោះកម្មករទាមទាររកតែដំណោះស្រាយពីក្រសួង ឬពីរដ្ឋាភិបាលប៉ុណ្ណោះ។«រដ្ឋា ភិបាលថ្លឹងថ្លែងឱ្យមែនទែនរឿងការប្រើពាក្យថាបដិវត្តពណ៌ដែលចេញពីបាតុកម្មដែលគ្រាន់តែទាមទារបាយហូបគ្រប់គ្រាន់ ខ្ញុំថាវាទៅមិនរួចនោះទេ ហើយភាសារនេះនិយាយទៅភាសាមួយដែលគេហៅវាអាក្រក់ស្តាប់សម្រាប់សង្គមកម្ពុជា។ដើម្បីដោះស្រាយបញ្ហានេះខ្ញុំថាទាល់តែមានក្រុម ការងារបស់ក្រសួងហ្នឹងសកម្មក្នុងការស៊ើបអង្កេតហើយនឹងចាត់វិធានការភ្លាមៗពេលមានបញ្ហាកើតទ្បើង»។
សូមជម្រាបថាក្រោយការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ ក្រុមកម្មកររោងចក្រជាច្រើនពាន់នាក់បានតវ៉ាទាមទារតម្លើងប្រាក់ ខែឲ្យបានដល់ចំនួន ១៦០ដុល្លារក្នុងមួយខែ ប៉ុន្តែក្រោយមកពួកគេត្រូវបានក្រុមសមត្ថកិច្ចបង្ក្រាប។ ការបង្ក្រាបនោះបណ្តាលឲ្យកម្មករ ៤នាក់ត្រូវបាញ់សម្លាប់ និងកម្មករម្នាក់បាត់ខ្លួនរហូតមកទល់ពេលនេះនិងមនុស្សចំនួន ៤០នាក់រងរបួស៕