ភ្នំពេញ ៖ ស្ត្រីសកម្មជនសិទ្ធិមនុស្ស ស្ត្រីសកម្មជនដីធ្លី និងស្ត្រីចេញមុខតស៊ូមតិក្នុងសង្គមនៅតែប្រឈមការរើងអើងទាំងក្នុងសង្គម និងគ្រួសារ ហើយជារឿយៗស្ត្រីទាំងនោះតែតែងរងអំពើហិង្សាពីសំណាក់សមត្ថកិច្ច។
នេះជាការលើកឡើងរបស់នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្ស ក្នុងកម្មវិធីតាំងពិព័រណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស ស្តីពីរូបថតសកម្មជនជាស្ត្រី អ្នកការពារសិទ្ធិមនុស្ស សិទ្ធិកម្មករ និងសិទ្ធិដីធ្លី នៅព្រឹកថ្ងៃទី៧ មីនានេះ។
លោកស្ត្រី ចក់ សុភាព នាយិកា មជ្ឈមណ្ឌលសិទ្ធិមនុស្ស មានប្រសាសន៍ថា បញ្ហាប្រឈមរបស់ស្ត្រីសកម្មជនដីធ្លី និងស្ត្រីសកម្មជនការពារសិទ្ធិជាដើម តែងតែទទួលរងការគម្រាមកំហែង យាយីពីអាជ្ញាធរ ហើយក៏រងការចាប់ចង់ដាក់ពន្ធនាគារផងដែរ នៅពេលស្ត្រីទាំងនោះស្វែងរកកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងសហគមន៍។
លោកស្រីក៏បានលើកករណីជាក់ស្តែង ដូចជា មន្ត្រីការពារសិទ្ធិមនុស្ស លោកស្រី លឹម មុន្នី និងស្ត្រីសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី បានជាប់ពន្ធ នាគារដោយសារសកម្មភាពចេញមុខការពារសិទ្ធិពលរដ្ឋ និងសកម្មភាពទាមទារសិទ្ធិដីធ្លី។
លោកស្រី ចក់ សុភាព យល់ថា សកម្មភាពរបស់សកម្មជនជាស្ត្រីក្នុងសង្គម គួរតែត្រូវបានទទួលការការពារ និងលើកទឹកចិត្ត ពីគ្រប់មជ្ឈដ្ឋានពាក់ ព័ន្ធ ពិសេសអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងកម្មវិធីដែលធ្វើឡើងជិត ៥ ម៉ោង ក៏មានរៀបចំការសម្តែងឈុតឆាកខ្លីៗស្តីពីការចូលរួមរបស់ស្ត្រីក្នុងការតស៊ូមតិក្នុងសង្គម ដែលសម្តែងដោយស្ត្រីរងគ្រោះក្នុងជម្លោះដីធ្លីតែម្តង។
យ៉ាងណាក្នុងឈុតសម្តែងនោះដែល ក៏បានបង្ហាញពីការរើសអើងពីក្រុមគ្រួសារ និងការយាយីពាប់ជ្រាយពីអាជ្ញាធរដែនដីផងដែរ។
តំណាងស្ត្រីសហគមន៍ផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញមួយរូប បានថ្លែងចាប់អារម្មណ៍ក្នុងវេទិកាថា អ្នកស្រីតែងទទួលរងការប្រមាថជាពាក្យសម្តីពីសំណាក់អាជ្ញាធរដែនដី ហើយក៏ធ្លាប់រងហិង្សាពីសមត្ថកិច្ចផងដែរនៅពេលចេញទាមទារឱ្យអាជ្ញាធរស្វេងរកដំណោះស្រាយជូនសហគមន៍ដែលកំពុងរងការបណ្តេញចេញ។
ក្នុងកម្មវិធីតាំងរូបថតសកម្មជនជាស្ត្រីនេះ ក៏មានការចូលរួមពីលោកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលសិទ្ធិមនុស្សប្រចាំនៅកម្ពុជាផងដែរ។ លោកស្រីថ្លែងថា នៅលើពិភពលោក ក៏មិនខុសពីកម្ពុជានោះទេ ស្ត្រីបានធ្វើការយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយក្នុងសហគមន៍របស់ពួកគេ។ លោកស្រី ក៏ថ្លែងជំរុញឱ្យស្ត្រី រួមគ្នាការពារសិទ្ធិ និងទាមទារសិទ្ធពីការរំលោភបំពានផ្សេងៗឱ្យបានសកម្ម។ លោកស្រីបន្តថា សកម្មជនការពារសិទ្ធិមនុស្សជាស្ត្រីគឺមានអំណោយទានច្រើនជាងបរុស ដោយស្ត្រីមានភាពបទបែន ភាពសម្រូបសម្រួល និងភាពឆ្លាតវៃច្រើន។
សូមជំរាបថា ក្នុងកម្មវិធីតាំងពិព័រណ៍រូបថតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សនេះ ក៏មានការចាក់បញ្ចាំងវីដេអូខ្លី ស្ដីពីការអំពាវនាវរបស់គ្រួសារអ្នកការពារសិទ្ធិមនុស្ស ការចែករំលែកបទពិសោធន៍ និងការប្រឈមរបស់សកម្មជនជាស្ត្រីផងដែរ។ ការសម្តែងរឿងខ្លី ហើយក៏មានតាំងរូបថតប្រ មាណ ២០ផ្ទាំង ដែលជារូបថតរបស់ស្ត្រីការពារសិទ្ធិមនុស្ស ស្ត្រីសកម្មជនដីធ្លី និងស្ត្រីការពារសិទ្ធិកម្មករ អបជាមួយប្រវត្តិរូបសង្ខេបរបស់ស្ត្រីនិមួយៗផងដែរ។ ក្នុងចំណោមរូបថតទាំង ២០ផ្ទាំងនេះ គេឃើញមានរូបលោកស្រី លឹម មុន្នី មន្ត្រីការពារសិទ្ធិមនុស្សសមាគមន៍អាដហុក អ្នកស្រី ទេព វន្នី និង ប៊ូវ សោភា សកម្មជនដីធ្លីតំបន់បឹងកក់ ព្រមទាំងអ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ដីធ្លីតំបន់ឡពាង ខេត្តកំពុងឆ្នាំង និងសកម្មជនស្ត្រីផ្សេងៗទៀត៕