en     km
en     km

ស្ថានទូត​ជប៉ុន​៖​ជប៉ុន​សង្ឃឹមថា​ បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​បង្ក​បរិយាកាស​ល្អ​សម្រាប់​ការ​បោះ​ឆ្នោត​ (​មាន​សំឡេង​)

Share

​ភ្នំពេញ​៖​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ដាក់​ការ​សង្ឃឹមថា​ ទាំង​គណបក្សកាន់អំណាច​ និង​គណបក្សប្រឆាំង​ បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​បរិយាកាស​នយោបាយ​មួយ​ដែល​អនុគ្រោះ​ដល់​ការ​បោះ​ឆ្នោត​នោះ​។​

 

jappan

ទាំង​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ និង​ មន្ត្រី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​សាទរ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ជប៉ុន​ ខណៈ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា​ ជា​គតិបណ្ឌិត​របស់​សម្ដេច​ ហ៊ុន​ សែន​ ដែល​ឲ្យ​ជប៉ុន​ជួយ​កម្ពុជា​រឿង​បោះ​ឆ្នោត​។​

​ការ​បង្ហាញ​ក្ដី​សង្ឃឹម​របស់​ស្ថានទូត​ ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​ទំនងជា​លើក​ដំបូង​ហើយ​ដែល​បាន​ឆ្លើយ​តាម​ អ៊ី​ម៉ែ​ល​ មក​កាន់​វិទ្យុ​ស្ត្រី​FM102​ ដែល​បាន​ចោទសួរ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុ​ជានា​ពេល​ចុង​ក្រោយ​នេះ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ប្រទេស​ជប៉ុន​ ផ្តល់​សារៈសំខាន់​លើ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកបដោយ​សេរី​ និង​ យុត្តិធម៌​ ដែល​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​។​ ក្នុង​ន័យ​នេះ​ ស្ថានទូត​ជប៉ុន​ នឹង​បន្ត​តាមដាន​ស្ថាន​ការ​យ៉ាង​យកចិត្តទុកដាក់​រួម​ទាំង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​បាន​ធ្វើ​វិសោធនកម្ម​រួច​ហើយ​។

​ទាក់ទិន​រឿង​ នេះ​ លោក​ ហង្ស​ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ទទួលស្គាល់​ថា​ ប្រទេស​ជប៉ុន​ ពិតជា​ខិតខំ​ជួយ​កម្ពុជា​ខាង​កិច្ចការ​បោះ​ឆ្នោត​ដោយ​យកចិត្តទុកដាក់​ពិតប្រាកដ​មែន​។​ លោក​បាន​និយាយ​ថា​ ជប៉ុន​ជួយ​ទាំង​ ថវិកា​ ទាំង​សម្ភារៈ​និង​ ទាំង​បច្ចេកទេស​ផង​ដែរ​។​ «​ជប៉ុន​បាន​ជួយ​ថវិកា​ចំនួន​ជាង​មួយ​លាន​ដុល្លារ​ និង​ជួយ​ជា​គំនិត​ផ្សេងៗ​ កិច្ចការ​កែទម្រង់​ឲ្យ​កាន់តែ​រីក​ចម្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។​ ជា​ឧបករណ៍​គាត់​បាន​តម្លើង​សេវា​ កន្លែង​ផ្ទុក​ខួរក្បាល​នូវ​ព័ត៌មាន​និង​ទិន្នន័យ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​អ្នកបោះឆ្នោត​»​។​

hang-puthea

​ជប៉ុន​ជា​ ប្រទេស​មួយ​ ប្ដេជ្ញា​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ តាម​រយៈ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​២៣​ តុលា​ ១៩៩១​។​ តែ​ការ​ជួយ​ផ្នែក​បោះ​ឆ្នោត​នេះ​ ទំនង​ទើបតែ​ជា​លើក​ដំបូង​របស់​ប្រទេស​ជឿនលឿន​មួយ​នេះ​ ។​ លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​ថា​ និ​ច​ហ្វិ​ច​ ក៏​បាន​ទទួលស្គាល់​ចំពោះ​ ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស​ និង​ថវិកា​របស់​ប្រទេស​ជប៉ុន​ ដោយ​ចាត់​ទុក​ថា​ ជប៉ុន​ ជួយ​គឺ​ជួយ​ទាំង​ភាព​ស្មោះត្រង់​។​ «​ជប៉ុន​គាត់​ធ្វើ​អ​ញ្ចឹ​ង​វា​ល្អ​ប្រពៃ​ហើយ​ ខ្ញុំ​រីករាយ​ណាស់​លឺ​ថា​ គេ​ជួយ​យើង​ក្នុង​ការ​រៀបចំ​តាមដាន​សភាពការណ៍​នយោបាយ​ ឃើញ​ស្រាប់​ហើយ​អ្នកនយោបាយ​ខ្មែរ​ មិន​ទាន់​ដឹង​អី​រវល់​តែ​ឈ្លោះ​គ្នា​ អ​ញ្ចឹ​ង​បាន​ចំនុច​នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​ ដែល​យើង​គួរតែ​អបអរសាទរ​»​។

​ការ​ដែល​ប្រទេស​ជប៉ុន​ សម្រេច​ជួយ​កិច្ចការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​ ជា​លើក​ដំបូង​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​ថា​ ត្រូវ​មាន​សហគមន៍​អន្តរជាតិ​ជួយ​កិច្ចការ​នេះ​ ទើប​កម្ពុជា​អាច​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ភាព​សុ​ក្រិ​ត្យ​ និង​យុត្តិធម៌​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​មាន​ប្រសាសន៍​ថា​ គឺជា​ស្នាដៃ​ និង​ភាព​វាងវៃ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ទើប​មាន​សហគមន៍​អន្តរជាតិ​ចូល​ជួយ​ប្រទេស​កម្ពុជា​។​ «​យើង​ឃើញ​ការ​អំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ សុំ​ឲ្យ​បរទេស​ចូលរួម​នៅ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​សុ​ក្រិ​ត្យ​ ប្រសើរ​ជាង​មុន​ទៀត​»​។​

pai

​ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​២​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៦​នៅ​ឆ្នាំ​២០១៨​។​ ការ​បោះ​ឆ្នោត​លើក​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ជា​ច្រើន​រយ​នាក់​មក​ឃ្លាំមើល​ស្ថានការណ៍​ឃោស នាបោះឆ្នោត​គណបក្ស​នីមួយៗ​នៅ​ប្រទេស​កម្ពុជា​៕

Share

ព័ត៌មានទាក់ទង

Image