វ៉ាស៊ិនតោន៖ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានច្រានចោលបណ្ដឹងរបស់ប្រធានាធិបតី ដូណាល់ត្រាំ ដែលចោទអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពីបទបានបញ្ជាឲ្យលួចថតសំឡេង របស់លោកក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
ជុំវិញរឿងនេះលោក James Comey ត្រូវបានរាយការណ៍មកថា លោកបានប្រាប់ទៅមន្ដ្រីរដ្ឋអាជ្ញាឲ្យច្រានចោលបណ្ដឹងរបស់លោក ដូណាល់ត្រាំ ដែលប្ដឹងលោក អូបាម៉ា ករណីរឿងនេះ ដោយចាត់ទុកថា មិនមានភស្ដុតាងគ្រប់គ្រាន់។ តាមសារព័ត៌មាន New York Times ការបដិសេធរបស់ប្រធាន FBI ធ្វើឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ដែលលោកចាត់ទុកថា បណ្ដឹងខ្លះបើ FBI ស៊ើបអង្កេតអាចជាការរំលោភលើច្បាប់របស់ប្រទេស។
តាមប្រភពដដែលលោក ដូណាល់ត្រាំ មិនបានទទួលយកការច្រានចោលនេះទេ ហើយអំពាវនាវឲ្យ សភាធ្វើការស៊ើបអង្កេតថា តើលោក អូបាម៉ា បានធ្វើការ បំពានអំណាចរបស់រដ្ឋដែរឬទេ។
ភាពចម្រូងចម្រាសនយោបាយនៅសហរដ្ឋអាមេរិក បានកើតឡើងនៅពេលដែលប្រទេសមហាអំណាច ខាងលទ្ធិប្រជាធិបតេយ្យមួយនេះ ឆ្លងកាត់ការបោះឆ្នោត កាលពីចុងឆ្នាំ២០១៦ ជ្រើសរើសធានាធិបតី ដ៏ចម្រូងចម្រាស ដែលពេលនោះ មានការសង្ស័យថា លោក ដូណាល់ត្រាំ បានឈ្នះឆ្នោត ដោយកើតចេញពីភាពមិនប្រក្រតីមួយចំនួន ប៉ុន្ដែគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ បានបើកចំហឲ្យមានការស៊ើបអង្កេត ហើយមណ្ឌលបោះឆ្នោតមួយចំនួនក៏ត្រូវបានរាប់សន្លឹកឆ្នោតឡើងវិញផងដែរ៕