en     km
en     km

តុលាការ​ពន្យា​ពេល​ប្រកាស​សាលដីការ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​

Share

ភ្នំពេញ៖ តុលាការ​កំពូល​នៅ​ថ្ងៃនេះ​បាន​លើក​ពេល​ប្រកាស​សាល​ដិ​កា​ ស្តី​ពី​បណ្តឹងសុំ​ទាម​ទារ​​ឲ្យ​ដោះ​លែង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គជ​ប​ ស្រប​ពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ស្នើ​សុំ​ឲ្យ​ដោះ​លែង​ពួក​គេ​ ជា​បន្ទាន់​។​

 

adhoc-02

​តុលាការ​កំពូល​បាន​បើក​សវនាការ​នៅ​ថ្ងៃ​ទី​ ៦​ ខែ​ មីនា​ស្តី​ពី​បណ្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​បន្ត​ឃុំខ្លួន​​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​អា​ដ​ហុ​ក​ចំនួន​ ៤​រូប​ និង​អតីត​អគ្គ​លេខា​ធិការ​រង​គណកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គជ​ប​)​មួយ​រូប​។​

​ប៉ុន្តែ​ការ​ប្រកាស​សាល​ដិ​កា​ត្រូវ​ពន្យា​ពេល​រហូត​ដល់​ថ្ងៃ​ទី​១៣​ខែ​មិ​នា​ស​ប្តា​ហ៍​ក្រោយ​។​
​នេះ​បើ​យោង​តាម​ក្រុម​មេធាវី​ក្រោយ​ពី​សវនាការ​។​

​កាលពី​ខែតុលា​ ឆ្នាំ​២០១៦​ សាលាដំបូង​សម្រេច​ពន្យា​ពេល​ឃុំខ្លួន​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គជ​ប​ ទាំងនេះ​រយៈពេល​៦​ខែ​ទៀត​ដោយ​យក​ហេតុផល​ថា​ត្រូវ​បន្ត​ការ​ស៊ើប​ អង្កេត​។​

​លោក​ ឡោ​ ជុន​ធី​ មេធាវី​ការពារ​ជនជាប់ចោទ​បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​នៅ​ថ្ងៃនេះ​ថា​ ការ​សម្រេច​បន្ត​ឃុំខ្លួន​ក្តី​របស់​លោក​ អាច​នឹង​ប៉ះពាល់​ដល់​បញ្ហា​ផ្លូវចិត្ត​ និង​ជីវភាព​ដល់​ក្រុម​គ្រួសារ​កូនក្តី​លោក​។​

លោក​មេធាវី​ ជុន​ធី​ បាន​ស្នើ​ឲ្យ​តុលាការ​ពិចារណា​អំពី​ការ​បន្ត​ឃុំខ្លួន​កូនក្តី​របស់​លោក​ ស្រប​ពេល​ដែល​ដំណើរការ​ស៊ើបអង្កេត​ទទួល​បាន​លទ្ធិ​ផល​តិចតួច​។​

«​តើ​យុត្តិធម៌​នៅ​កន្លែង​ណា​ រក​កំហុស​នៅ​ក្នុង​នីតិវិធី​និង​ បើរ​កមក​ដល់​ពេល​នេះ​ ៦​ខែ​ហើយ​ អត់​មានការ​រីក​ចំរើន​វា​តិចតួច​បំផុត​ ផលវិបាក​ទៅ​លើ​កូនក្តី​របស់​យើង​ដែល​គាត់​ជាប់​ឃុំ​ ទាំង​ស្ថានភាព​ផ្លូវចិត្ត​ ផ្លូវ​កាយ​ ទាំង​សេដ្ឋកិច្ច​ កូនចៅ​របស់​គាត់​នៅ​តូចៗ​»​។​

​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បួន​រូប​ រួម​មាន​លោកស្រី​ លឹ​ម​ មុន្នី​ លោក​ នី​ សុខា​ លោក​ ណៃ​ វ៉ង់​ដា​ និង​លោក​ យី​ សុខសាន្ត​ រួម​ទាំង​ លោក​ នី​ ចរិយា​ គណ​លេខាធិការ​រង​គណកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​។​

​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​ចាប់តាំងពី​ខែឧសភា​ ឆ្នាំ​២០១៦​ មក​ម្ល៉េះ​ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​សូកប៉ាន់​ សា​ក្ស៊ី​ តាម​មាត្រា​ ៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​។​ ការ​ឃុំខ្លួន​អ្នក​ទាំងនោះ​ រហូត​មក​ដល់​ពេល​នោះ​ចំនួន​ ៣១២​ ថ្ងៃ​ ហើយ​។​

​កាលពី​ថ្ងៃ​ទី​ ៥​ ខែមីនា​ ម្សិលមិញ​ អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៧៨​ បាន​អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បួន​រូប​ និង​មន្ត្រី​គ​.​ជ​.​ប​ ជា​បន្ទាន់​។​

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ខ្លួន​ក្រុម​អង្គការ​ទាំងនេះ​បាន​សំដែង​ការ​ព្រូ​យ​បារម្ភ​ចំពោះ​ការ​កើនឡើង​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​មក​លើ​សេរីភាព​ជា​មូលដ្ឋាន​។

​ហើយ​អង្គការ​ទាំងនេះ​ចាត់​ទុក​ថា​គឺជា​«​ការ​វាយប្រហារ​ដោយសារ​ហេតុផល​នយោបាយ​។​»
​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ចាត់​ទុក​ថា​«​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្លាយជា​គោលដៅ​គំរាមកំហែង​ យាយី​តាម​ផ្លូវ​តុលាការ​ និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​។​»

​អង្គការ​ទាំង​៧៨​ ហាក់​មើលឃើញ​ថា​ អាជ្ញាធរ​បាន​ប្រើ​យុទ្ធសាស្ត្រ​បាន​គិត​ទុកជា​មុន​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ និង​រារាំង​សំឡេង​ជំទាស់​ មុន​ការ​បោះ​ឆ្នោត​ឃុំ​/​សង្កាត់​ និង​បោះ​ឆ្នោតជាតិ។

លោក​ផៃ​ ស៊ី​ផា​ន​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​បាន​ពន្យល់​ថា​រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​ដោះ​លែង​មន្ត្រី​សង្គម​ស៊ី​វិល​និង​អតីត​អគ្គលេខាធិការ​រង​ គជ​ប​ បាន​ទេ​ដោយសារ​ការ​សម្រេច​នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។​

លោក​ផៃ​ ស៊ី​ផា​ន​ បាន​ហៅ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងនោះ​ថា​«​ធ្វើការ​បម្រើ​តាម​ឆន្ទៈ​របស់​ជនបរទេស​»៕

 

Share

ព័ត៌មានទាក់ទង

Image