សេអ៊ូល៖ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងនៅព្រឹកព្រលឹមថ្ងៃចន្ទ នេះបានបាញ់កាំជ្រូចជាច្រើនគ្រាប់ចេញពីតំបន់ដែលខ្លួនគ្រប់គ្រងចូលទៅដែនសមុទ្រ ដែលកាំជ្រូចទាំងនោះអាចរត់បាន ១ពាន់គីឡូម៉ែត្រ។
តាមសេចក្ដីរាយការណ៍កាំជ្រូទាំងនោះត្រូវបាញ់ចេញពីតំបន់ Tongchang-ri នៅព្រំដែនភាគខាងជើងរវាងចិននិងកូរ៉េខាងជើង។ ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា កាំជ្រូចទាំងនោះបានធ្លាក់ចូលទៅក្នុងដែនសមុទ្រជប៉ុន។ ការបាញ់កាំជ្រូចដែលធ្វើឡើងដោយកូរ៉េខាងជើងនៅថ្ងៃនេះជាថ្មីទៀត ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា គឺជាការផ្គើនអង្គការសហប្រជាជាតិ និង វាយបកទៅលើលោក ដូណាល់ត្រាំ ដែលទើបតែឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ការបាញ់កាំជ្រូចរបស់កូរ៉េខាងជើង ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅលើឧបទ្វីកូរ៉េ។ ការធ្វើសមយុទ្ធអាមេរិក កូរ៉េខាងត្បូង ធ្វើឡើងដើម្បីអ្វី ដែលគេហៅថា ការពង្រឹងអំណាចយោធាប្រឆាំងកូរ៉េខាងជើង ដែលតែងតែបង្ករឿងមិនចេះឈប់៕ប្រភព:CNA