ភ្នំពេញ ៖ កិច្ចសន្ទនាតាមទូរស័ព្ទរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិថ្មី ប្រមាណជាង ១៣ នាទី បានបង្ហាញនូវការបង្គាប់បញ្ជាមួយចំនួនរបស់សម្តេច ហ៊ុន សែន ទៅកាន់លោក កឹម សុខា ឱ្យធ្វើតាមខ្លួន ដែលអ្នកវិភាគយល់ឃើញថា នេះជានយោបាយប៉ែងជើងដែលអ្នកនយោបាយតែងយកមកប្រើ ដើម្បីធ្វើឱ្យប្រជាប្រិយភាពបក្សម្ខាងទៀតចុះស្រុត។
សារសំឡេងសន្ទានរបស់ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិថ្មីលោក កឹម សុខា ត្រូវបានទំព័រហ្វេសប៊ុកឈ្មោះ សីហា ទម្លាយជាសាធារណៈ ហើយត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនផ្សព្វផ្សាយបន្ត បានបង្ហាញពីការបង្គាប់បញ្ជារបស់សម្តេច ហ៊ុន សែន ទៅកាន់លោក កឹម សុខា ឱ្យធ្វើតាមដើម្បីឱ្យលោក កឹម សុខា បានក្តាប់យកឱកាសជាមេបក្ស។
ក្នុងឃ្លិបសំឡេងរយៈពេលប្រមាណជាង ១៣ នាទីនេះ សម្តេច ហ៊ុន សែន ក៏បានទទួលស្គាល់ថា ជាការពិត។ ក្នុងខ្សែអាត់សំឡេងដែលត្រូវបានសន្ទនាតាំងពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ២០១៦មកនោះ សម្តេច បានបង្គាប់ឱ្យលោក កឹម សុខា ទៅព្រមានលោក សម រង្ស៊ី ពីករណីលោក សម រង្ស៊ី បាននិយាយបង្ខូចគ្រួសារសម្តេច ដោយថា លោក ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនាំវៀតណាម ឡេ ដឹកថូ។ ត្រង់ចំណុចនេះលោក កឹម សុខា ក៏បានយល់ស្រប ហើយបានបន្ទូរពីក្រោយសម្តេចថា សម្តីលោក សម រង្ស៊ី គឺមិនសមរម្យ។
សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន និងលោក កឹម សុខា
ក្នុងខ្សែអាត់សំឡេងដដែរនោះសម្តេច ក៏បានឱ្យលោក កឹម សុខា ចេញទៅចុះឈ្មោះបោះឆ្នោត ហើយទៅផ្ទះវិញ ដែលសម្តេចថា គ្មាននរណាហ៊ានចាប់នោះទេ បើគ្មានបញ្ជាពីសម្តេច។ ត្រង់ចំណុចនេះ លោក កឹម សុខា ក៏បានយល់ព្រមតាម តែជាក់ស្តែងក្រោយពីលោក កឹម សុខា បានចុះឈ្មោះបោះឆ្នោតហើយ ក៏បានត្រឡប់ទៅទីស្នាក់ការបក្ស គឺរហូតទល់តែមានការលើកលែងទោសពីព្រះមហាក្សត្រ។
មួយវិញទៀតសម្តេច ហ៊ុន សែន ក៏បានបង្គាប់ឱ្យលោក កឹម សុខា ត្រឡប់ទៅផ្ទះកុំពួនសង្ខំក្នុងបក្សបន្តទៀត ដោយសម្តេចថា ទោសរបស់លោក កឹម សុខា មិនដល់ថ្នាក់ចាប់ខ្លួនភ្លាមៗនោះទេ។ យ៉ាងណាក្នុងកិច្ចសន្ទនានោះ លោក កឹម សុខា ក៏បានអង្វរនាយករដ្ឋមន្ត្រីបញ្ជាឱ្យតុលាការទម្លាក់ចោលបទចោទរបស់ខ្លួន តែសម្តេច មិនយល់ព្រមតាម។
សូមស្តាប់ប្រសាសន៍របស់សម្តេច និងលោក កឹម សុខា
ជុំវិញខ្សែអាត់សំឡេងបែកធ្លាយរវាងមេបក្សធំៗទាំងពីរជាសាធារណៈនេះ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្រ្តយល់ថា នេះជាល្បិចនយោបាយមួយរបស់ដៃគូម្ខាងចង់ ឱ្យដៃគូម្ខាងទៀតបែកបាក់ផ្ទៃក្នុងបក្ស និងជាវិធីសាស្ត្រដើម្បីទម្លាក់ប្រជាប្រិយភាពរបស់គូប្រជែងពីសំណាក់អ្នកគាំទ្រ។ តែយ៉ាងណាលោក ឯម សុវណ្ណារ៉ា ថា នេះជាវិធីសាស្ត្រចាស់កម្រិល និងដដែលៗ ដែលលោកថា គឺមិនសូវមានប្រសិទ្ធិដើម្បីឱ្យគណបក្សប្រឆាំងស្រុតស្រក់ប្រជាប្រិយភាពនោះទេ។ សូមស្តាប់ប្រសាសន៍លោក ឯម សុវណ្ណារ៉ា
ឆ្លើយតបការយល់ឃើញខាងលើ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា សារសំឡេងដែលបានបែកធ្លាយនេះ គឺវិធីសាស្ត្ររបស់អ្នកនយោបាយរៀងៗខ្លួនដើម្បីបំបាក់ដៃគូម្ខាងទៀត ដែលលោកថា វិធីបំបាក់ដៃគូរនេះនៅតាមបណ្តាប្រទេសធំៗមួយចំនួនក៏គេប្រើដែលដើម្បីជ័យជំនះរបស់ខ្លួន។សូមស្តាប់ប្រសាសន៍លោក សុខ ឥសាន្ត
សារឆ្លងឆ្លើយតាមទូរស័ព្ទរវាងសម្តេច ហ៊ុន សែន និងលោក កឹម សុខា នេះត្រូវបានគេដឹងថា ធ្វើឡើងនៅថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ២០១៦ គឺមុនពិធី បុណ្យភ្ជុំបិណ្ឌ។ ចំណែកលោក កឹម សុខា ត្រូវបាននាយករដ្ឋមន្ត្រីស្នើសុំលើកលែងទោសពីអង្គព្រះមហាក្សត្រគឺនៅថ្ងៃទី០២ ធ្នូ ឆ្នាំ២០១៦។