លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបង្ហាញជំហររបស់លោក មិនប្រឆាំងនឹងបំណងកែរដ្ឋធម្មនុញ្ញមាត្រា២ទេ បើកែ មាត្រានោះទៅ នាំឲ្យកម្ពុជាបានចំណេញ។ ប៉ុន្តែ អ្នកវិភាគយល់ថា ការកែរដ្ឋធម្មនុញ្ញនេះនឹងមិននាំឲ្យកម្ពុជាបានផលចំណេញនោះឡើយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០១៥ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយពេលលោកត្រឡប់ពីប្រទេសបារាំង មកដល់កម្ពុជាវិញថា នៅពេលលោកបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលក្ខណៈគ្រួសារ លោកនាយករដ្ឋមន្ត្រី បាននិយាយជាមួយលោក អំពីការធ្វើវិសោធនកម្មមាត្រា២ ថាបញ្ចូលផែនទីដែលបារាំងផលិតឆ្នាំ១៩១៤ នឹងអំណោយផលដល់ប្រទេសកម្ពុជា ជាងផែនទីដទៃទៀត។
ទាក់ទងនឹងបញ្ហានេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី យល់ថា បើសិនជាការយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ នោះ ដើម្បីតែសម្របសម្រួលនយោបាយឲ្យមានការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ នោះវានឹងមិនមែនជាការប្រសើរសម្រាប់ផលប្រយោជន៍ជាតិឡើយ។
ចំណែកឯ លោកសាស្ត្រាចារ្យ សូ ចន្ថា អ្នកវិទ្យាសាស្ត្រនយោបាយឯនោះវិញ មានប្រសាសន៍ថា អ្នកនយោបាយគួរតែរកការឯកភាពគ្នាផ្ទៃក្នុងជាមុនសិន មុននឹងកែរដ្ឋធម្មនុញ្ញ ដូចជាធ្វើការស្ទង់មតិជាដើម។ លោកសាស្ត្រាចារ្យយល់ថា ការកែរដ្ឋធម្មនុញ្ញនេះ គ្រាន់តែជាហេតុផលនយោបាយប៉ុណ្ណោះ គឺមិនមែនដើម្បីឯកភាពជាតិទាំងស្រុងឡើយ។
បើតាមប្រសាសន៍លោក សម រង្ស៊ីខាងលើឃើញថា គម្រោងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២នេះ បានលើកមកពិភាក្សារវាងមេដឹកនាំគណបក្សនយោបាយធំៗទាំងពីររួចហើយ គឺរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ី ចំណែកឯអនុសាសន៍របស់លោក សុខ ទូច ទើបតែត្រូវបានលើកឡើងក្រោយជំនួបរវាងមេដឹកនាំទាំងពីរនោះប៉ុណ្ណោះ។ ជាមួយគ្នាដែរ ការចាប់ខ្លួនអ្នកនយោបាយគណបក្សសង្គ្រោះជាតិឡើងវិញ ដែលអ្នកទាំងនោះជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យ រួមទាំងការចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី គឺលោកហុង សុខហួរ ក៏ធ្វើឡើងក្រោយការពិភាក្សាអំពីការកែធម្មនុញ្ញនោះដែរ ដែលកត្តានេះអ្នកវិភាគយល់ថា ជាការគាបសង្កត់ឲ្យគណបក្សសង្គ្រោះជាតិយល់ព្រមចូលរួមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២៕