ភ្នំពេញ៖លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលរដ្ឋាភិបាលកម្ពុជា ឃាឃាំង មិនឱ្យ ចូលស្រុក បានអបអរសាទរជូនលោក កឹម សុខា ដែលទើបក្លាយជាប្រធានបក្ស និងអនុប្រធាន ៣រូបទៀត មានលោកស្រីអនុប្រធាន មូរ សុខហួរ លោកអនុប្រធាន ប៉ុល ហម និងលោកអនុប្រធាន អេង ឆៃអ៊ាង។
នេះបើតាម បណ្តាញសង្គមលោក សម រង្ស៊ី បានសរសេរ ៖«អបអរសាទរ សមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៧។»
លោក សម រង្ស៊ី បានលាលែងពីប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃ ទី១១ កុម្ភៈ មុន ៣ថ្ងៃ ដែល សមាជិកសភា បក្សប្រជាជនកម្ពុជា អនុម័តច្បាប់វិសោធនកម្ម ស្ដីពីគណបក្សនយោបាយ ដែលនាំឱ្យលោក បាត់បង់ឱកាស ជាប្រធានគណបក្ស។
ភ្លាមៗបន្ទាប់ពីលោក កឹម សុខា ជាប់ឆ្នោតជាប្រធានគណបក្សសង្គ្រោះជាតិពេញសិទ្ធិ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក៏បានផ្ញើសារជូនពរលោក កឹម សុខា ផងដែរ។ ជាមួយគ្នានេះ លោក កឹម សុខា បានឆ្លើយតបដោយការជូនពរត្រឡប់ វិញ។ ប៉ុន្តែសារនយោបាយ របស់ សម្ដេច នាយករដ្ឋមន្ត្រី និង លោក កឹម សុខា មិនបាននិយាយពីនយោបាយអ្វីឡើយ ៕