ភ្នំពេញ ៖ ក្រសួងមហាផ្ទៃអគ្គនាយកពន្ធនាគារ បានបញ្ជាក់នៅក្នុងលិខិតបំភ្លឺ ឆ្លើយតបទៅនិងអតីតអ្នកជាប់ឃុំបានបរិហាពីការប្រើប្រាស់គ្រឿញៀ និងល្បែងស៊ីសង ថាគ្មានឡើយនៅក្នុងពន្ធនាគារ។ អគ្គនាយកពន្ធនាគារ អះអាងថា គ្រឿងញៀន និងល្បែងស៊ីសង់គឺជារឿងខុសច្បាប់នៅក្នុងពន្ធនាគារ។
អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃបានច្រានចោលសេចក្តីរាយការណ៍ព័ត៌មានដែលថាមានការប្រើប្រាស់គ្រឿងញៀននិងការលេងល្បែងស៊ីសងនៅក្នុងមន្ទីរឃុំឃាំង។
ការបដិសេធនេះ ក្រោយពីអតីតអ្នកទោស លោកគង់ រ៉ៃយ៉ា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោកបានឃើញពិរុទ្ធជនរាប់រយនាក់ បានប្រើប្រាស់គ្រឿងញឿន និងលេងល្បែងស៊ីសងនៅក្នុងពន្ធនាគារយ៉ាងអណាធិបតេយ្យ។ អតីតនិស្សិតរូបនេះបានជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស រយៈពេល ១៨ខែ ក្រោមបទចោទថាលោកបានញោះញង់ឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជាតាមរយៈការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
លោកគង់ រ៉ៃយ៉ា ត្រូវបានដោះលែងអោយមានសេរីភាពវិញកាលពីថ្ងៃពុធទី២២ខែកុម្ភៈ។
នៅក្នុងលិខិតបំភ្លឺ នៅថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៧នេះ លោកនុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា «គ្រឿងញៀន និងល្បែងស៊ីសង់គឺជារឿងខុសច្បាប់នៅក្នុងពន្ធនាគារនិងគឺជាអ្វីពន្ធនាគាបានហាមឃាត់។»
លោក នុត សវនា បានប្រាប់វិទ្យុស្ត្រីថា មានការជក់បារីនៅក្នុងបន្ទប់ឃុំឃាំងខ្លះ ប៉ុន្តែមិនមានការប្រើប្រាស់គ្រឿងញៀនឬល្បែងស៊ីសងនោះទេ។
«ជាក់ស្តែងគិតទៅតែ ២៦ នាក់ ដែលមានផ្ទុកសារជាតិញៀន ជាជនជាប់ឃុំ បើយើងគិតជាភាគរយពាក់កណ្តាល់មួយភាគ។ វាក៏ធ្ងន់ធ្ងរដែរ ទោះបីមានចំនួនតិចតួចក្តី ប៉ុន្តែយើងអត់ឱនឲ្យបានទេ យើងធ្វើការពង្រឹងរឹតបណ្តឹងបន្ថែមទៀត ការនាំចូលរបស់ហាមឃាត់ហ្នឹង»។
លិខិតក្រសួងមហាផ្ទៃដដែល បញ្ជាក់ថា កាលពីពាក់កណ្តាលខែ មករា ឆ្នាំ ២០១៧ មន្ត្រីជំនាញ ក្រសួងមហាផ្ទៃ បានចុះពិនិត្យទឹកម៉ូតអ្នកជាប់ឃុំ ដើម្បីរកសារធាតុញៀន ហើយ បានរកឃើញថា អ្នកជាប់ឃុំផ្ទុកសារជាតិញៀនសរុបចំនួន ៦៩ នាក់ក្នុងចំណោមអ្នកទោស សរុបចំនួន៥០៩៧ នាក់។
នៅក្នុងចំណោមអ្នកផ្ទុកសារធាតុញៀនទាំង៦៩ នាក់ មាន៤៣ នាក់ គឺ ជាអ្នកទោសដែលទើបនឹងចាប់បញ្ចូនទៅឃុំខ្លួន ហើយអ្នកទោសចាស់មានផ្ទុកសារជាតិញៀន ចំនួន ២៦ នាក់។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថាមិនអាចផ្តល់សេចក្តីអត្ថាធិប្បាយលើការប្រើ ប្រាស់គ្រឿងញៀនក្នុងពន្ធនាគារនោះទេដោយសារអង្គការរបស់លោកមិនអាចចូលទៅស្រង់របាយការណ៍អំពីការប្រើប្រាស់គ្រឿងញៀនក្នុងពន្ធ នាគារបាន។
ដោយឡែកលោកពិន សុខុម អ្នកសម្របសម្រួលកម្មវិធីសង្គ្រោះជីវិតរបស់អង្គការមិត្តសំឡាញ់ដែលធ្វើកិច្ចការលើកុមារញៀនគ្រឿងញៀននៅតាមផ្លូវជាច្រើនក៏មិនអាចអធិប្បាយអំពីករណីសេពគ្រឿងញៀនក្នុងពន្ធនាគារបែបណានោះដែរ។តាមរបាយការណ៍ក្រសួងមហាផ្ទៃបូកសរុបលទ្ធ ផលការងារឆ្នាំ ២០១៦ បានបង្ហាញថា មន្ត្រីអនុរក្សពន្ធនាគារបានឆែកឆេររកឃើញគ្រឿងញៀនចំនួន ១៥៧ កញ្ចប់ ដែលប៉ងយកចូលទៅក្នុងពន្ធ នាគារ ហើយក្នុងនោះ មន្ត្រីអនុរក្សពន្ធនាគារបានឆែកឆេររកឃើញគ្រឿងញៀន ៣៥ កញ្ចប់ ពីអ្នកទៅសួរសុខទុក្ខអ្នកទោស។
ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានជិត ២ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យក្នុងករណីបានជាង ៧០០០ នាក់ និងរឹមអូសវត្ថុតាំំងសារធាតុញៀន ១០០ គីឡូក្រាម៕