en     km
en     km

ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​នៅ​តែ​រួមចំណែក​បង្ក​ឲ្យ​មាន​ហិង្សា​លើ​ស្ដ្រី​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ទាំង​ វិទ្យុ​ ទូរទស្សន៍​ និង​កាសែត​ នៅ​តែ​ជា​ច​លករ​មួយ​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​ទៅ​លើ​ស្ដ្រី​  តាម​រយៈ​ការ​ផលិតកម្ម​វិធី​និង​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ​ដែល​មាន​រូបភាព​ហិង្សា​។​ ករណី​នេះ​ទាំង​និពន្ធ​នាយក​កាសែត​និង​សាស្ដ្រាចារ្យ​សារព័ត៌មាន​យល់​ថា​ ពិតជា​នៅ​មាន​ករណី​នេះ​មែន​ ប៉ុន្ដែ​ក្នុង​កម្រិត​តិច​តូច​ប៉ុណ្ណោះ​។​

 

intro

«​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តែ​រួមចំណែក​បង្ក​ឲ្យ​មាន​ហិង្សា​លើ​ស្ដ្រី​»​។​ នេះ​ជា​ការ​ប្រសាសន៍​របស់​លោកស្រី​ រស់​ សុភាព​ នាយិការ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GADC​ ដែល​លោកស្រី​បាន​លើក​ឡើង​ ក្នុង​សិក្ខាសាលា​មួយ​ស្ដី​ពី​ “​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ការ​យល់​ដឹង​យេ​ន​ឌ័​រ​”​ ។​ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ ខ្មែរ​សុ​រិ​ន​ រយៈពេល​០២​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​០២​ ដល់​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៧​ រាជធានី​ភ្នំពេញ​។​

​តែ​យ៉ាងណា​នាយិកា​អង្គកា​ GADC​ សង្កត់ធ្ងន់​ថា​ ថ្វីបើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ចូលរួម​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ស្ដ្រី​ក៏​ពិតមែន​ ប៉ុន្ដែ​មិនមែន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​សុទ្ធតែ​រួមចំណែក​ទាំងស្រុង​ក្នុង​ការ​ជំរុញ​អំពើ​ហិង្សា​លើ​ស្ដ្រី​ទេ​ គ្រាន់តែ​ភាគច្រើន​បាន​រួមចំណែក​ករណី​នេះ​តាម​រយៈ​កម្មវិធី​ផ្សាយ​ឬ​ការ​បោះពុម្ពផ្សាយ​របស់​ពួក​គេ​។​ លោកស្រី​ រស់​ សុភាព​ បន្ដ​ថា​ ទាំង​ស្ថានីយ៍​វិទ្យុ​ ទូរទស្សន៍​ និង​ស្ថាប័ន​កាសែត​ គួរតែ​សិក្សា​ឲ្យ​បាន​ច្រើន​ឡើង​វិញ​ជុំវិញ​កម្មវិធី​ផ្សាយ​របស់​ខ្លួន​ ថា​ តើ​ជា​ការ​ជួយ​សង្គម​កាត់​បន្ថយ​ហិង្សា​លើ​ស្ដ្រី​ ឬ​ក៏​ជា​ការ​បង្ហាញ​របៀប​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​។

rossopheap
​លោកស្រី​ រស់​ សុភាព

​លោកស្រី​ រស់​ សុភាព​ ៖«​ពេល​ខ្លះ​យើង​កំពុង​តែ​ប្រាប់​ប្រជាពលរដ្ឋ​ថា​ យើង​កំពុង​បញ្ឈប់​អំពើ​ហិង្សា​ ប៉ុន្ដែ​យើង​បាន​បោះពុម្ព​សៀវភៅ​មក​ថា​ នែ​ ការ​ធ្វើអំពើ​ហិង្សា​គេ​យក​អានេះ​ទៅ​ធ្វើ​ គេ​យក​កាំបិត​ទៅ​កាប់​ យក​កាំបិត​ចិតបន្លែ​ទៅ​ចាក់​ ហើយ​បង្ហាញ​អំពី​សម្ភារៈ​ទាំងអស់​ហ្នឹង​ បង្ហាញ​ទៅ​ក្មេង​ឃើញ។​»​​

​ជា​ការ​ឆ្លើយ​តប​លោក​ ទាវ​ សារៈ​មុន្នី​ និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​ មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​ស្ថាប័ន​កាសែត​មួយ​ចំនួន​បាន​កែ​លំអ​ ការ​ចុះ​ផ្សាយ​រូបភាព​របស់​ខ្លួន​បាន​ច្រើន​ហើយ​។​ ប៉ុន្ដែ​លោក​ក៏​ទទួលស្គាល់​ផង​ដែរ​ថា​ កាសែត​ខ្លះ​នៅ​តែ​មានការ​ចុះ​ផ្សាយ​រូបភាព​ដែល​ ជំរុញ​និង​បង្រៀន​ពី​សកម្មភាព​ប្រព្រឹត្ដ​ហិង្សា​ពិតមែន​ ប៉ុន្ដែ​លោក​ថា​ មិនមែន​ជា​ទូទៅ​នោះ​ទេ​ ជាក់ស្ដែង​ដូច​ស្ថាប័ន​របស់​លោក​ តាំងពី​ដើម​មក​គឺ​មានការ​ប្រុង​ប្រយ័ត្ន​ណាស់​ករណី​ផ្សព្វផ្សាយ​រូបភាព​ដែល​មិន​សមរម្យ​ដាក់​លើ​ទំព័រ​កាសែត​។​

​លោក​ ទាវ​ សារៈ​មុន្នី​៖«​សម្រាប់​ខ្ញុំ​យល់​ឃើញ​ថា​ ការ​បង្ហាញ​រូបភាព​ហ្នឹង​ (​ហិង្សា​)​ វា​នៅ​តែ​មាន​ តែ​វា​បើ​យើង​ធៀប​ទៅ​ពេល​មុន​ វា​កែ​លម្អ​បាន​ច្រើន​ហើយ​  ដោយសារ​តែ​ស្ថាប័ន​ព័ត៌មាន​នីមួយៗ​ យល់​ដឹង​បាន​ច្រើន​ហើយ។​»​​

teav
​លោក​ ទាវ​ សារៈ​មុន្នី និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា

​ចំណែក​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​ព័ត៌មាន​ មាន​ប្រសាសន៍​ថា​ ជា​ការ​ពិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​នៅ​កម្ពុជា​ ពិតជា​នៅ​តែ​មានការ​ផ្សព្វផ្សាយ​ខុស​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ពិតមែន​។​

​តែ​ករណី​នេះ​លោក​យល់​ថា​ អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​ភាគច្រើន​ គឺ​សុទ្ធសឹងតែ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​ដែល​ទើបតែ​ង្កើ​ត​។​ ជុំវិញ​រឿង​នេះ​លោក​យល់​ថា​ ដើម្បី​កុំ​ឲ្យ​ប្រព័ន្ធ​ផ្សាយ​ក្លាយ​ខ្លួន​ជា​អ្នក​ជំរុញ​ករណី​ហិង្សា​ឬ​បង្រៀន​សាធារណៈជន​ពី​របៀប​ប្រព្រឹត្ដ​ហិង្សា​ ស្ថាប័ន​ឬ​អង្គភាព​នោះ​ត្រូវ​តែ​គិតគូរ​ឡើង​វិញ​ឲ្យ​បាន​ហ្មតចត់​មុន​ពេល​ដែល​សម្រេច​ចុះ​ផ្សាយ​អត្ថបទ​ជា​សាធារណៈ​។​

​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​ ៖«​រយៈពេល​ជាង​ ២០​ឆ្នាំ​កន្លង​មកនេះ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​គឺ​កើនឡើង​ច្រើន​ ប៉ុន្ដែ​ទន្ទឹម​នឹង​នេះ​យើង​ក៏​ទទួលស្គាល់​ថា​ នៅ​មាន​កំហុស​វិជ្ជាជីវៈ​នៅ​សល់​ខ្លះ​ដែល​អ្នក​សារព័ត៌មាន​ខ្លះ​គាត់​ទើបតែ​ប្រកប​អាជីព​ថ្មីៗ​ គាត់​អត់​យល់​និង​មិន​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។​»

moeun
លោក​ មឿ​ន​ ឈាន​ណា​រិ​​ទ្ធ

​សូម​ជម្រាប​ថា​ ការ​អះអាង​របស់​នាយិកា​អង្គការ​អភិវឌ្ឍន៍​ និង​យេ​ន​ឌ័​រ​ដើម្បី​កម្ពុជា​ ផ្អែក​ទៅ​លើ​របាយការណ៍​របស់​អង្គការ​មូលនិធិ​អាស៊ី​ដែល​បង្ហាញ​ កាលពី​ថ្ងៃ​ទី​០៩​ ធ្នូ​ ឆ្នាំ​២០១៦​  ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​ដែល​មិន​ថយ​ចុះ​ ពីព្រោះ​តែ​កម្មវិធី​មួយ​ចំនួន​របស់​ស្ថានីយ៍ទូរទស្សន៍​ល្បីៗ​នៅ​កម្ពុជា​ សុទ្ធតែ​ផ្ទុក​នូវ​ខ្លឹមសារ​អំពើ​ហិង្សា​ គ្រប់​ទម្រង់​ទៅ​លើ​ស្ត្រី​។​ តាម​អង្គការ​នេះ​ កម្មវិធី​ទូរទស្សន៍​បាន​ផ្ទុក​នូវ​ខ្លឹមសារ​អំពើ​ហិង្សា​លើ​ស្ត្រី​ខ្លាំង​ជាងគេ​។​ បន្ថែម​ពី​នេះ​អង្គការ​នេះ​បាន​រក​ឃើញ​ទៀត​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​និង​កុមារ​ ភាគច្រើន​ទាំង​អ្នក​រង​គ្រោះ​និង​អ្នក​ប្រព្រឹត្ដ​ គឺ​ពួក​គេ​មានការ​ចេះ​ដឹង​តិចតួច​ ហើយ​ជាង​នេះ​ពួក​គេ​ជា​ក្រុម​មនុស្ស​មាន​អាយុ​ចន្លោះ​ពី​ ២៦​ដល់​៤៩​ឆ្នាំ​ ជា​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​៕

Share

ព័ត៌មានទាក់ទង

Image