អឿត អាង ហៅ ជួប សម្លាប់ បានប្រាប់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះថាខ្លួនបានសម្លាប់លោកកែម ឡី ដោយផ្ទាល់ដៃ។ ការសារភាពនៅក្នុងសវនាការនៅថ្ងៃពុធនេះ ក្នុងទីក្រុងភ្នំពេញ។
ក្នុងសវនាការនេះតុលាការបានបង្ហាញភស្តុតាងតិចតួចដែលបង្ហាញពីការប្រព្រឹត្តិជាក់ស្តែងរបស់ជនជាប់សង្ស័យ។
លោក ធូ វិរៈរាយការណ៍
ជនជាប់ចោទជួប សម្លាប់ បានសារភាពថាបានសម្លាប់ លោកបណ្ឌិត កែម ឡី ដែលជា អ្នកវិភាគដ៏ល្បីឈ្មោះមួយរូប កាលពីប្រាំពីរខែមុននេះ។
ជួប សម្លាប់ ដែលគេដឹងថាមានឈ្មោះដើមគឺ អឿត អាង ត្រូវចាប់ខ្លួននិងចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុននិងកាន់កាប់នឹិងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតក្រោយពីត្រូវសង្ស័យថាបានបាញ់សម្លាប់លោកបណ្ឌិតកែម ឡី។
លោកបណ្ឌិតកែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងផ្សារម៉ាតនៃស្ថានីយ៍ប្រេងឥន្ទនៈកាលកិចក្បែរភ្លើងស្តុបបូកគោ កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦។
នៅក្នុងសវនាការរយៈពេលប្រាំម៉ោងនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធទី១ខែមិនានេះ
ជួប សម្លាប់ ដែលមានឈ្មោះដើមជា អឿត អាង បានអះអាងថាខ្លួនបានទៅទិញកាំភ្លើងខ្លីនៅប្រទេសថៃថ្លៃជិតមួយពាន់ដុល្លារដើម្បីបាញ់សម្លាប់លោកបណ្ឌិតកែម ឡី។ មូលហេតុដោយសារតែលោកកែម ឡី ជំពាក់បំណុលលោកមិនព្រមសងចំនួន៣០០០ដុល្លារអាមេរិក។
នៅក្នុងសវនាការតុលាការបានបង្ហាញវីដេអូគ្លីបខ្លីមួយដែលបង្ហាញរូបជនជាប់ចោទពីក្រោយខ្នង មានពាក់មួកនិងបានបង្ហាញពីសកម្មភាពដកកាំភ្លើងខ្លីរបស់ខ្លួន។ប៉ុន្តែ វីឌីអូនេះ មិនបានបង្ហាញពីសកម្មភាពបាញ់សម្លាប់លោកបណ្ឌីត កែម ឡី ដោយរបៀបណាឡើយ។
លោក យុង ផានិត មេធាវីការពារក្តីឲ្យជនជាប់ចោទ ប្រាប់អ្នករាយការណ៍ព័ត៌ក្រោយសវនការថា ការសារភាពរបស់កូនក្តីរបស់លោកបានស៊ីសង្វាក់គ្នាទៅនិងភស្តុតាំង។ លោកមេធាវី បានស្នើសុំឲ្យចៅក្រម បន្ធូបន្ថយទោសដល់កូនក្តីរបស់ខ្លួន។ «ដំណើរការព្រឹកមិញដូចខ្ញុំបានសន្និដ្ឋានគឺថា ជនត្រូវចោទទួលស្គាល់ហើយ មានភស្តុតាំងស៊ីសង្វាក់គឺគ្រាន់តែសុំស្ថានសម្រាលដល់តុលាការ។ រឿងតុលាការដាក់ទោសប៉ុន្មានអាហ្នឹងអាស្រ័យខាងលើតុលាការគាត់ជាដាក់ទោស»។
ទោះជាយ៉ាងណាជនជាប់ចោទបានឆ្លើយចំពោះមុខចៅក្រមជំនុំជម្រះដោយបដិសេធមិនទទួលយកអត្តសញ្ញាណដែលមន្ត្រីយុត្តិធម៌រកឃើញថា លោកមានឈ្មោះ អឿត អាង និងច្រានចោលស្រុកកំណើតនៅខេត្ត សៀមរាប។ បន្ថែមពីនោះជនជាប់ចោទ ក៏មិនទទួលស្គាល់ថា មានប្រពន្ធកូន និងម្តាយដែរ។
លោក អំ សំអាត អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីការដូដែល បានចូលអង្កេតក្នុងសនវនការជំនុំជម្រះ មិនជឿថា លោកបណ្ឌិត កែម ឡី ជំពាក់លុយ ជនជាប់ចោទឈ្មោះ ជួប សម្លាប់ឡើយ។ លោក សំអាត បញ្ជាក់ថា ការចាក់វីឌីអូពីអង់ចង់ចាំពីកាមរ៉ាសុវត្ថិភាពក្នុងផ្សារម៉ាតគឺ មិនបានបង្ហាញពីសកម្មភាពបាញ់លោក បណ្ឌិត កែម ឡី ទេ។ «កន្លែងការខ្ចី ខ្ញុំនៅដូចជាមិនជឿ ដោយសារយើងមើលសមត្ថិភាពលោកបណ្ឌិត កែម ឡី គាត់ខ្វះលុយ៣០០០ដុល្លារអត់ ដូចជាមិនខ្វះទេ ហើយកន្លងមកខ្ញុំធ្លាប់ឃើញលោក កែម ឡី ធ្លាប់ដកលុយជួយគេ ១០០ ២០០ (ដុល្លារ) ដែលគេអត់មានលុយ ជួបអ្នកក្រីក្រ គឺគាត់តែងតែជួយ»។
សាលាដំបូងនឹងប្រកាសសាលក្រម ក្នុងសំណុំរឿងបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧។