ភ្នំពេញ៖ តាមរយៈកម្មវិធីតាំងពិព័រណ៍ប្រចាំឆ្នាំស្ដីពីការអប់រំនៅសហរដ្ឋអាមេរិក លោក William Heidt បានស្នើឱ្យនិស្សិតកម្ពុជាដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិកគួរជ្រើសរើសមុខវិជ្ជាវិទ្យាសាស្ដ្របច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា ជាជាងមុខវិជ្ជាដទៃទៀត។
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងដូចនេះ នៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងកម្មវិធីតាំងពិព័រណ៍អាហារូបករណ៍ ស្ដីពីការសិក្សាអប់រំនៅសហរដ្ឋអាមេរិក ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ម្សិលមិញ ។
នៅក្នុងពិធីនេះ លោក William Heidt បានលើកឡើងថា កន្លងមកសិស្សិនិស្សិតកម្ពុជា ភាគច្រើនដែលទៅសិក្សានៅសហរដ្ឋអាមេរិក បានយកមុខជំនាញសេដ្ឋកិច្ច ជំនួញ គណនេយ្យ និងទំនាក់ទំនងអន្ដរជាតិ។ ប៉ុន្ដែ លោកថា នៅមានមុខវិជ្ជាច្រើនផ្សេងទៀតដែលសំខាន់ ហើយសិស្សនិស្សិតកម្ពុជាគួរតែពិចារណា ធ្វើការសិក្សា ដូចជាមុខ វិទ្យាសាស្ដ្រ បច្ចេកទេសវិស្វកម្ម និងគណិតវិទ្យាជាដើម ដែលជួយជំរុញសេដ្ឋកិច្ចឱ្យប្រទេសកម្ពុជាមានការរីកចំរើននៅថ្ងៃខាងមុខ។
លោក William Heidt ៖ «យើងដឹងជាទូទៅគឺសិស្សនិស្សិតកម្ពុជាគាត់មានចំណង់ចំណូលចិត្តសិក្សាលើមុខវិជ្ជាទាក់ទងរឿង សេដ្ឋកិច្ច មុខជំនួញ គណនេយ្យ ទំនាក់ទំនងអន្ដរជាតិ។ ក៏ប៉ុន្ដែមានមុខវិជ្ជាច្រើនផ្សេងៗទៀតដែលសិស្សនិស្សិតកម្ពុជាគួរតែស្វះស្វែងរកការសិក្សាសំខាន់ៗ ទាក់ទង ដូចជា វិទ្យាសាស្ដ្រ បច្ចេកទេសវិស្វកម្ម និងគណិតវិទ្យា ដែលខ្ញុំគិតថា មុខវិជ្ជាទាំងអស់នោះ គឺ នឹងជួយជំរុញឱ្យប្រទេសកម្ពុជាមានការរីកចំរើនលូតលាស់ផ្នែកសេដ្ឋកិច្ចទៅថ្ងៃក្រោយ»។
ជាមួយគ្នានេះ លោក William Heidt ក៏បានណែនាំដល់សិស្សនិស្សិតកម្ពុជា ធ្វើការតាមដានព័ត៌មានអប់រំរបស់ស្ថានទូតអាមេរិក និងទំនាក់ទំនងជាមួយមជ្ឈមណ្ឌលប្រឹក្សាយោបល់សហរដ្ឋអាមេករិក (Education USA) ដោយផ្ទាល់ ដើម្បីពិគ្រោះយោបល់ជាមួយអ្នកជំនាញអប់រំស្វែងរកឱកាសទៅសិក្សានៅអាមេរិកផងដែរ។
តាម លោក William Heidt ដដែល ចំនួនសិស្សិនិស្សិតកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិកលើមុខវិជ្ជា វិទ្យាសាស្ដ្រ បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា មានប្រហែល ២៥ ភាគរយ គឺជាង៥០០នាក់។
ជុំវិញរឿងនេះដែរ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ក៏បានជម្រុញ ហើយគាំទ្រ លើកការឡើងរបស់លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផងដែរដែលលោកថា បើសិស្ស និស្សិតកម្ពុជា អាចស្វះស្វែងសិក្សាលើមុខវិជ្ជា វិទ្យាសាស្ដ្រ បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា ឱកាសការងាររបស់ពួកគេកាន់តែមានច្រើន ហើយដំណើរការសេដ្ឋកិច្ចជាតិក៏កាន់តែមានកម្រិតខ្ពស់ និងល្អប្រសើរផងដែរ។
លោក រស់ សាលីន ៖«នេះជាការផ្ដោតសំខាន់របស់ក្រសួងអប់រំយុវជននិងកីឡា ជាពិសេសគឺរាជរដ្ឋាភិបាលបានកំណត់នូវទិសដៅច្បាស់លាស់ក្នុងគោលនយោយបានអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ នោះ បានចង្អុលទិសក្នុងការបង្កើនវិនិយោគនៅក្នុងឧស្សាហកម្មធុនធ្ងន់ ពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន កសិកម្ម និងអេឡិចត្រូនិចជាដើម ។ ការលើករបស់ឯកឧត្ដមអគ្គរដ្ឋទូតនេះ ជាការលើកមួយដែលជម្រុញឱ្យនិស្សិតកម្ពុជាទៅរៀនប្រទេសណា ឬក៏រៀននៅស្រុកទេ គឺ បើសិនជាគាត់អាចពង្រីកលើមុខវិជ្ជាផ្នែកបច្ចេកទេស និងវិទ្យាសាស្ដ្រ កាន់តែខ្ពស់ ឱកាសការងាររបស់គាត់កាន់តែច្រើន ហើយគាំទ្រទៅដល់ដំណើរការសេដ្ឋកិច្ចជាតិផង នៅពេលដែលឧស្សាហកម្មកាន់តែលូតលាស់ខ្លាំង ចឹងតម្រូវការខាងផ្នែកវិទ្យាសាស្ដ្រ បច្ចេកវិទ្យាក្នុងកម្រិតខ្ពស់កាន់តែច្រើនផងដែរ»។
ក្នុងកម្មវិធីតាំងពីព័រណ៌ប្រចាំឆ្នាំស្ដីពីការអប់រំនៅសហរដ្ឋអាមេរិក មានតំណាងមកពីមកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យឈានមុខក្នុងសហរដ្ឋអាមេរិកចំនួន ២០រូប ដែលបានជំរាបជជូនដល់សិស្សនិស្សិតកម្ពុជា ស្ដីអំពី កម្មវិធីសិក្សានៅថ្នាក់ឧត្ដមសិក្សា លក្ខខ័ណ្ឌទាមទារក្នុងការចុះឈ្មោះចូលរៀន និងឱកាសអាហារូបករណ៍ នៅសហរដ្ឋអាមេរិក។
ក្រៅពីនេះស្ថាប័នពាក់ព័ន្ធនឹងវិស័យអប់រំមួយចំនួនទៀតរួមទាំងសិស្សិ និស្សិត មកពីបណ្ដាគ្រឹះស្ថានរដ្ឋ និងឯកជន ក៏មានវត្តមានចូលរួមនៅក្នុងពិព័រណ៍នេះផងដែរ។
សូមជម្រាបដែរថា កម្មវិធីតាំងពិព័រណ៌អប់រំសហរដ្ឋអាមេរិកនៅថ្ងៃម្សិលមិញ ត្រូវបានរៀបចំឡើងដោយការិយាល័យ Education USA ។
ការិយាល័យ Education USA គឺជាដៃគូរវាងស្ថានទូតសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជាដែលផ្ដល់សេវាប្រឹក្សាផ្នែកអប់រំដោយឥតគិតថ្លៃ ដល់សិក្សនិស្សិត ដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក៕