សៀមរាប៖ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បន្ដវាយប្រហារលើសហរដ្ឋអាមេរិកករណីទម្លាក់គ្រាប់បែកសម្លាប់កុមារកម្ពុជា ដែលសម្ដេចហៅអាមេរិកថា ជាប្រទេសចក្រពត្តិ។
ការថ្លែងរបស់សម្ដេច ហ៊ុន សែន ដូចនេះ ធ្វើឡើង នៅក្នុងកម្មវិធី បើកសន្និសីទ អន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍន៍កុមារតូច ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នៅខេត្តសៀម ព្រឹកថ្ងៃទី ០១ មីនា ឆ្នាំ ២០១៧ នេះ។
ក្នុងពិធីនេះ សម្ដេច បានរំលឹកឡើងពីអតីតកាលដែលកុមារកម្ពុជារងគ្រោះដោសារការទម្លាក់គ្រាប់បែកអាមេរិកក្នុងសង្គ្រាមដើមទសវត្ស ទី៧០ ។
ក្រៅពីនិយាយពីកម្ពុជាសម្ដេចនាយករដ្ឋមន្ដ្រីក៏លើកឡើងអំពី សង្គ្រាមនៅបណ្ដាប្រទេសមួយចំនួនដែលអាមេរិកជាប់ពាក់ព័ន្ធ ហើយបណ្ដាលឱ្យកុមាររាប់រយនាក់បានស្លាប់ដូចជានៅប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ។
សម្ដេចអំពាវនាវឱ្យមានការឯកភាពគ្នា ស្ដីបន្ទោសលើប្រទេសអាមេរិក និងប្រទេសមួយចំនួនទៀតដែលចូលពាក់ព័ន្ធក្នុងសង្គ្រាម ហើយបណ្ដាលឱ្យកុមារស្លាប់ និងវេទនាមកដល់ពេលនេះ។
សន្និសីទនេះរៀបចំឡើងនៅខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០១ ដល់០៣ ខែមីនា ដោយមានប្រតិភូអន្តរជាតិមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួមប្រមាណ ៣០០នាក់ និងប្រតិភូជាតិមកពីក្រសួងស្ថាប័នពាក់ព័ន្ធនឹងវិស័យអប់រំ និងកុមារប្រមាណជា ២០០នាក់ផងដែរ៕