en     km
en     km

កម្ពុជា​ស្នើ​ឲ្យ​អា​មេ​រិ​ក​ផ្អាក​បញ្ជូន​ពលរដ្ឋ​ខ្លួន​ត្រឡប់​មក​វិញ​ (មានសំឡេង)

Share

 ​ភ្នំពេញ​៖​ កម្ពុជា​កំពុង​ស្វែងរក​លទ្ធភាព​ផ្អាក​ការ​បញ្ជូន​ពលរដ្ឋ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​នៅ​អា​មេ​រិ​កមក​កាន់​កម្ពុជា​វិញ​។​ ​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​ ក្រសួងការបរទេស​កម្ពុជា​បាន​លើក​ផែនការ​ចរចា​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន​ ដើម្បី​ទប់ស្កាត់​ការ​បញ្ជូន​ពួក​គេ​ស្រប​ពេល​ដែល​មិន​ទាន់​មានការ​ចរចា​ថ្មី​។​ 

 

ouchh-borith
​លោក​ អ៊ុ​ច​ បូ​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​

​ក្រសួងការបរទេស​កម្ពុជា​បាន​ដាក់​ផែនការ​ថា​ ត្រូវ​បន្ត​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៧​នេះ​ ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក​ផ្អាក​ការ​ចាត់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ខុសច្បាប់​មក​កាន់​មាតុប្រទេស​ពួក​គេ​វិញ​។​ ក្រសួងការបរទេស​បាន​កំណត់​ផែនការ​ការងារ​ដូច្នេះ​ ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គា​ រ​ទី​២៨​ កុម្ភៈ​នេះ​ ក្នុង​ទីក្រុង​ភ្នំពេញ​។​ យោង​តាម​កិច្ចព្រមព្រាង​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​ កម្ពុជា​ត្រូវ​ទទួលយក​ពលរដ្ឋ​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​អា​មេ​រិ​ក​ចំនួន​ ៣៦​នាក់​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ​។

​លោក​ អ៊ុ​ច​ បូ​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្ដិការ​អន្ដរជាតិ​កម្ពុជា​ មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា​ កម្ពុជា​ត្រូវ​បន្ដ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​បន្ដ​ទៀត​ស្ដី​ពី​ “​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​កម្ពុជា​និង​អា​មេ​រិ​ក​ស្ដី​ពី​ការ​ធ្វើ​មាតុភូមិនិវត្ដន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​”​ មុន​នឹង​ទទួលយក​ពលរដ្ឋ​ទាំងនោះ​មក​វិញ​។​ លោក​ អ៊ុ​ច​ បូ​រិ​ទ្ធ​ ប្រកាស​ថា​ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ មុន​ពេល​មានការ​ពិភាក្សា​ករណី​នេះ​ច្បាស់លាស់​ កម្ពុជា​នឹង​មិន​ទទួលយក​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បញ្ជូន​ពី​អា​មេ​រិ​ក​វិញ​នោះ​ជា​ដាច់ខាត​។​ «​តែ​ផ្អាក​គឺ​ផ្អាក​ហើយ​ បើ​យើង​មិន​ព្រម​ទទួល​រឿង​អី​ អ្នកឯង​បញ្ជូន​មក​កើត​ ហើយ​យើង​មិនមែន​ឲ្យ​បញ្ឈប់​ទេ​ យើង​គ្រាន់តែ​ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​ទេ​ ដើម្បី​ឲ្យ​យើង​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់លាស់​។​»

​ជាមួយ​គ្នា​នេះ​ លោក​ អ៊ុ​ច​ បូ​រិ​ទ្ធ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ មូលហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​សំណើ​នេះ​ ពីព្រោះ​តែ​មាន​ពលរដ្ឋ​ខ្មែ​ជា​ច្រើន​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ជួយ​អន្ដរាគមន៍​រក​ដំណោះស្រាយ​ជុំវិញ​រឿង​នេះ​ ដោយសារ​អ្នក​ទាំងនោះ​អះអាង​ថា​ ការ​វិល​ត្រឡប់​របស់​ពួក​គេ​ពី​សហរដ្ឋអាមេរិក​ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ផល​លំបាក​ជា​ច្រើន​ក្នុង​ការ​តាំង​លំនៅ​ថ្មី​។

​កាលពី​ថ្ងៃ​ទី​១០​ កុម្ភៈ​ ឆ្នាំ​២០១៧​ ទាំង​មន្ត្រី​រដ្ឋាភិបាល​ ទាំង​អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​សុទ្ធតែ​បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​ដាក់​សំណើសុំ​ចរចា​អំពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​ពលរដ្ឋ​កម្ពុជា​ ពី​សហរដ្ឋអាមេរិក​វិញ​រួច​ហើយ​។​ ពលរដ្ឋ​ទាំងនេះ​នឹង​ត្រូវ​បញ្ជូន​មក​កាន់​កម្ពុជា​ក្រោយ​ពី​ពួក​គេ​ត្រូវ​ចោទប្រកាន់​ ពី​ការ​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ​។​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ខាង​ភាគី​កម្ពុជា​នៅ​មិន​ទាន់​ទទួល​ចម្លើយ​យ៉ាងណា​ពី​ភាគី​អា​មេ​រិ​ក​នេះ​ទេ​។​

​ក្នុង​ចម្លើយ​តាម​សារ​អេ​ឡិច​ត្រូ​និក​ ឬ​ អ៊ី​ម៉ែ​ល​នៅ​ក្នុង​ខែ​នេះ​ អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​លោក​ ជេ​ រ៉ា​ម៉េ​ន​ (Jay​ Raman)​ បាន​បញ្ជាក់​ឡើង​វិញ​ថា​ ៖«​យើង​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជុំវិញ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនជាតិ​នៃ​ប្រទេស​នេះ​។​»

​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​អា​មេ​រិ​ក​ បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន​ និង​ទទួលយក​ពលរដ្ឋ​ខ្មែរ​ កាលពី​ឆ្នាំ​២០០២​។​ យោង​តាម​កិច្ចព្រមព្រៀង​នេះ​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ណា​ ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ឲ្យ​ត្រឡប់​មក​មាតុភូមិ​វិញ​។​ រហូត​មក​ទល់​ពេល​នេះ​ប្រទេស​កម្ពុជា​បាន​ទទួលយក​ពលរដ្ឋ​ កម្ពុជា​ដែល​ត្រូវ​បញ្ជូន​ចេញពី​សហរដ្ឋអាមេរិក​មាន​ចំនួន​ ៥០០​នាក់​ហើយ​។​

​លោក​អ៊ុ​ច​ បូ​រិ​ទ្ធ​ គូសបញ្ជាក់​ថា​ ជំហរ​របស់​កម្ពុជា​គឺ​ «​មិន​ចង់​ឲ្យ​មានការ​ព្រាត់ប្រាស់​ក្រុម​គ្រួសារ​និង​រង​ទុក្ខវេទនា​ដោយសារ​ការ​បែក​ប្រាក់​គ្រួសារ​»​ បន្ត​ទៀត​ដូច​គ្រា​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​សម័យ​សង្គ្រាម​នោះ​៕

Share

ព័ត៌មានទាក់ទង

Image