ភ្នំពេញ ៖ អង្គការតម្លាភាពអន្តរជាតិបានលាតត្រដាងនៅថ្ងៃអង្គារនេះថា ស្ថាបន័រដ្ឋចំនួនបីបានជាប់ចំណាត់ថ្នាក់អាក្រក់បំផុតក្នុងរឿងអំពើពុករលួយ។ ក្នុងនោះមានស្ថាប័នតុលាការ ស្ថាបន័ប៉ូលិសនិងសា្ថប័នសាធារណៈផ្សេងទៀត។ មន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាលទទួលស្គាល់ថា មានអំពើពុករលួយតិចតួចប៉ុណ្ណោះក្នុងស្ថាប័នដែលត្រូវលើកឡើងខាងលើនេះ។
មន្ត្រីតុលាការជាប់ចំណាត់ថ្នាក់លេខ១ បីឆ្នាំជាប់ៗគ្នាក្នុងការប្រព្រឹត្តិអំពើពុករលួយ។ តាមពីក្រោយដោយមន្ត្រីប៉ូលិស ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងរយៈបីឆ្នាំជាប់គ្នាដែរ។ ហើយមន្ត្រីរដ្ឋាភិបាលប្រព្រឹត្តិអំពើពុករលួយច្រើនជាងគេឈរនៅលំដាប់ទី ៣។ នេះគឺជាការរកឃើញអង្គការតម្លាភាពអន្តរដែលមានមូលដ្ឋាននៅក្នុងក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។
នៅក្នុងរបាយការណ៍ដែលធ្វើនៅប្រទេសកម្ពុជាដែលបង្ហាញជាសាធារណៈនៅថ្ងៃអង្គារទី២៨ ខែកុម្ភៈនេះ អង្គការតម្លាភាពអន្តរបានបង្ហាញថាអំពើពុករលួយនៅតាមស្ថាបន័តុលាការមានការថយចុះបន្តិចបន្តួច ប៉ុន្តែការប្រព្រឹត្តិអំពើពុករលួយរបស់មន្ត្រីតុលាការនៅតែឈរនៅលំដាប់នាំមុខស្ថាបន័ផ្សេងៗទាំងអស់។ពោលគឺក្នុងចំណោមប្រជាពលរដ្ឋដែលបានជួបសម្ភាសន៍ចំនួន ១០០៣នាក់នៅក្នុងខេត្តក្រុង រាជធានីទាំង២៥ ៧២ភាគរយ បានឆ្លើយដាក់អំពើពុករលួយក្នុងស្ថាបន័តុលាការនៅឆ្នាំ ២០១១។ តួលេខនៃអំពើពុករលួយក្នុងស្ថាបន័តុលាការនេះបានធ្លាក់ចុះចំនួន ១២ភាគរយនៅឆ្នាំ ២០១៣និងបន្តធ្លាក់មួយភាគរយទៀតនៅឆ្នាំ២០១៦។
ដោយឡែកប្រជាពលរដ្ឋចំនួន ៦១ភាគរយបានស្តីបន្ទោសអំពើពុករលួយក្នុងស្ថាបន័ប៉ូលិសនៅឆ្នាំ ២០១១។ ហើយអំពើពុករលួយក្នុងជួរប៉ូលិសបានធ្លាក់មកត្រឹម ៣៧ភាគរយនៅឆ្នាំ ២០១៣ មុននឹងហក់មកដល់ ៥២ភាគរយវិញនៅឆ្នាំ២០១៦។
ជាមួយគ្នានេះ ៥១ភាគរយក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវបានសម្ភាសន៍កាលពីឆ្នាំ ២០១១ បង្ហាញថាមានអំពើពុករលួយបង្កឡើងដោយមន្ត្រីរដ្ឋាភិបាល។ហើយតួលេខនេះមានការធ្លាក់ចុះនៅត្រឹម៣០ភាគរយនៅឆ្នាំ ២០១៣ មុននឹងស្ទុះឡើងមកវិញរហូតដល់ ៤៤ភាគរយនៅឆ្នាំ ២០១៦។
អង្គការតម្លាភាពអន្តរជាតិក៏បានបង្ហាញផងដែរថាពលរដ្ឋចំនួន ៤៤ ភាគរយបានលើកពីអំពើពុករលួយក្នុងការិយាល័យនាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៦។ ក្រៅពីនោះក៏មានអំពើពុករលួយនៅស្ថាបន័ពន្ធដា ម្ចាស់ក្រុមហ៊ុនឬអាជីវកម្មផ្សេងៗនិងអំពើពុកករលួយប្រព្រឹត្តិដោយសមាជិកសភា ក្រុមប្រឹក្សានិងមន្ត្រីរដ្ឋាភិបាលថ្នាក់មូលដ្ឋានផងដែរ។ អង្គការតម្លាភាពអន្តរជាតិបានស្តីបន្ទោសក្នុងរបាយការណ៍របស់ខ្លួនថា«ស្ថាបន័សាធារណៈដែលបង្កើតឡើងដើម្បីការពារប្រជាពលរដ្ឋ ដើម្បីផ្តល់យុត្តិធម៌និងលើកកំពស់សិទ្ធិមនុស្ស បែរទៅជាត្រូវបានប្រជាពលរដ្ឋបន្តមើលឃើញថាជាស្ថាបន័ដែលរំលោភអំណាចនិងមុខងាររបស់ខ្លួនទៅវិញ។»។
ក្នុងរបាយការណ៍កាលពីពេលថ្មីៗនេះ អង្គការតម្លាភាពអន្តរជាតិបញ្ជាក់ថា ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថា្នក់លេខ១៥៦ ក្នុង១៧៦ ប្រទេសដែលមានអំពើពុករលួយ។ គឺមានន័យថាស្ថានភាពពុករលួយក្នុងប្រទេសកម្ពុជាមានលក្ខណៈអាក្រក់។ ហើយកាន់តែធ្ងន់ធ្ងរជាងនេះក្នុងចំណោមប្រទេសទាំងដប់នៃសមាគមអាស៊ាន ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទីដប់គឺនៅពីក្រោមប្រទេសឡាវនិងប្រទេសភូមា។
លោក ព្រាប កុល នាយកប្រិតិបត្តិអង្គការតម្លាភាពកម្ពុជាដែលជាផ្នែកមួយរបស់អង្គការតម្លាភាពអន្តរជាតិលើកឡើងថា ប្រសិនបើរដ្ឋាភិបាលនិងគណបក្សនយោបាយដែលប្រកួតប្រជែងយកអំពើពុករលួយដាក់បញ្ចូលក្នុងរបៀបវីរៈនយោបាយរបស់ខ្លួននោះ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងមានភាពល្អប្រសើរនៅថ្ងៃខាងមុខ។ «គន្លឹះសំខាន់បំផុតដែលយើងត្រូវធ្វើឱ្យបាន គឺធ្វើមិចឱ្យមានការជឿទុកចិត្តទៅលើប្រព័ន្ធយុត្តិធម៌ ទៅលើអង្គភាពសំខាន់ៗ ដែលមានតួអង្គក្នុងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ឱ្យគាត់មានភាពឯករាជ្យ ឱ្យគាត់ធ្វើការងារឱ្យបានម៉ឺងម៉ាត់តាមវិជ្ជាជីវៈ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ ទទួលស្គាល់ថាមានអំពើពុករលួយនៅក្នុងស្ថាប័នតុលាការ ប៉ុន្តែមិនច្រើនដូចសន្ទស្សន៍នៅក្នុងរបាយការណ៍ដែលបានសន្និដ្ឋាននេះឡើយ។
លោក ជិន ម៉ាលីន ឆ្លើយតបថា របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ មិនបានឆ្លុះបញ្ចាំងនូវការពិតជាក់ស្តែង ហើយគ្មានលក្ខណៈជាវិទ្យា សាស្ត្រ។ «តើទិន្នន័យដែលគាត់បានមកបានពីខាងណាខ្លះ ហើយអ្នកខ្លះដែលចូលរួមក្នុងការផ្តល់ព័ត៌មានធ្វើរបាយការណ៍នេះ យើងមើល ឃើញតែភាគីតែម្ខាងទេ។ ឃើញតែសង្គមស៊ីវិលក្រុមគាត់ហ្នឹង និងទិន្នន័យដែលផ្តល់ដោយសង្គមស៊ីវិល ដែលមាននិន្នាការអាចមានជារបៀបវារៈនយោ បាយនៅពីក្រោយ ក៏ប៉ុន្តែគាត់មិនដែលទទួលបានទិន្នន័យ ឬការចូលរួមពីខាងភាគីរដ្ឋាភិបាលទេ។»
ជាងនេះទៅទៀតអ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលអះអាងថាក្រសួងមានយន្តការតាមដានត្រួតពិនិត្យស្ថាបន័តុលាការរួចហើយ។
ចំណែកលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថាតួលេខនៃរបាយការណ៍ខាងលើ គឺខ្ពស់ពេកមិនគួរឱ្យជឿ។«រឿងពុករលួយហ្នឹងវាមិនអត់ទេ ប្រទេសណាក៏ដោយ និយាយប្រទេសណាក៏មានពុករលួយដែរ សូម្បីនៅប្រទេសមហាធិបតេយ្យមានករណីខ្លះ កើតមកជារឿយៗដែរ ប៉ុន្តែវាគ្រាន់ថាវាមិនច្រើន ដូចដល់ ៥២%ពុករលួយហ្នឹងទៅមិនរួចទេ»។
អ្នកនាំពាក្យរដ្ឋសភាតំណាងគណបក្សប្រជាជនកម្ពុជាមិនធ្វើអត្ថាធិប្បាយចំពោះការលើកឡើងក្នុងរបាយការណ៍ដែលថាមានអំពើពុករលួយប្រ ព្រឹត្តិដោយតំណាងរាស្ត្រនោះទេ។ ទោះជាយ៉ាងណារបាយការណ៍ក៏បានបង្ហាញពីការថយចុះនៃអំពើពុករលួយចន្លោះពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១៦ ក្នុងសេវាសាធារណៈ ដូចជាក្នុងស្ថាបន័ប៉ូលិស ក្នុងជួរមន្ត្រីបញ្ជាក់ឯកសារតាមមូលដ្ឋាននិងនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យរដ្ឋជាដើម៕