ភ្នំពេញ ៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ និងការិយាល័យសំរាប់ការសិក្សាអប់រំនៅសហរដ្ឋអាមេរិក នឹងរួមគ្នារៀបចំតាំងពិព័រណ៍ ឆ្នាំ២០១៧ ស្ដីពីការសិក្សាអប់រំនៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ពីម៉ោង ៣រសៀល ដល់ម៉ោង ៧យប់ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់រាជធានីភ្នំពេញ ។
តំណាងចំនួន ២០រូប មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យឈានមុខក្នុងសហរដ្ឋអាមេរិក នឹងជំរាបជជូនដល់សិស្សនិស្សិតកម្ពុជា ស្ដីអំពី កម្មវិធីសិក្សានៅថ្នាក់ឧត្ដមសិក្សា លក្ខខ័ណ្ឌទាមទារក្នុងការចុះឈ្មោះចូលរៀន និងឱកាសអាហារូបករណ៍ នៅសហរដ្ឋអាមេរិក។
ស្ថាប័នចូលរួមដទៃទៀតនៅក្នុងពិព័រណ៍នេះ នឹងផ្ដល់ព័ត៌មានស្ដីពីទិដ្ឋាការសំរាប់សិស្សនិស្សិត កម្មវិធីផ្លាស់ប្ដូរការសិក្សា និងអាហារូបករណ៍ជាដើម។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយការិយាល័យ Education USA ។ ការិយាល័យ Education USA គឺជាដៃគូរវាងស្ថានទូតសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា ដែលផ្ដល់សេវាប្រឹក្សាផ្នែកអប់រំដោយឥតគិតថ្លៃ ដល់សិក្សនិស្សិត ដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក។
សេវាកម្មរបស់ Education USA គឺ ឥតគិតថ្លៃ និងបើកចំហរដល់សាធារណជនទូទៅ ។ ការិយាល័យរបស់ Education USA ស្ថិតនៅក្នុងបណ្ណាល័យនៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រ ហើយបើកបំរើជូនសាធារណជន ៧ថ្ងៃក្នុងមួយសប្ដាហ៍ ៕