ភ្នំពេញ៖ដោយសារតែមិនទាន់មានលទ្ធភាពដាក់ការិយាល័យតំណាងនៅតាមបណ្តាខេត្ត ក្រុមប្រឹក្សាអាជ្ញាកណ្តាលកំពុងជួបប្រទះនូវការលំបាកមួយចំនួនក្នុងការដោះស្រាយវិវាទការងារជូនក្រុមកម្មករនិងនិយោជក។
ដោយមើលឃើញការខ្វះខាតនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលកំពុងពិចារណាពង្រីកទីតាំងរបស់ខ្លួននៅតាមបណ្តាខេត្តសំខាន់ៗចំនួនបីទៀត។
នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបានថ្លែងក្នុងសិក្ខាសាលាមួយនៅព្រឹកថ្ងៃចន្ទ័នេះ។
ជូនព័ត៌មាននេះដោយកញ្ញា ជុំ ជោគជាតា ៖
ក្រុមប្រឹក្សាអជ្ញាកណ្តាលគ្រោងនឹងពង្រីកសាខារបស់ខ្លួននៅតាមបណ្តាខេត្តឧស្សាហកម្មសំខាន់ៗមួយចំនួនដើម្បីបង្កភាពងាយស្រួលក្នុងការដោះស្រាយវិវាទការងាររបស់ក្រុមកម្មករនិងនិយោជក។
ក្រុមប្រឹក្សាអជ្ញាកណ្តាលជាស្ថាបន័របស់រដ្ឋាភិបាលដើម្បីដោះស្រាយវិវាទការងារនានាទាំងក្នុងវិស័យឯកជននិងវិស័យសាធារណៈ។ ហើយអង្គភាពនេះបច្ចុប្បន្នមានការរិយាល័យតំណាងរតែមួយគត់ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ ក្រុមប្រឹក្សានេះដោះស្រាយវិវាទការងារនានាមកពីគ្រប់ខេត្ត ក្រុងនិងរាជធានី។
ថ្លែងនៅក្នុងសន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ក្នុងការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធដោះ ស្រាយ វិវាទការងារ ក្នុងទីក្រុងភ្នំពេញនៅថ្ងៃចន្ទ័ទី២៧ ខែកុម្ភៈនេះ លោកស្រី ឈីវ ភិរម្យ ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានគូសបញ្ជាក់ថាកន្លងមកការដោះស្រាយវិវាទការងារជូនកម្មករ និយោជិត និងនិយោជកមានការលំបាកមួយចំនួនដោយសារតែក្រុមប្រឹក្សានេះមានការិយាល័យដោះស្រាយវិវាទតែមួយនៅទីក្រុងភ្នំពេញ។ ការលំបាកជាពិសេសចំពោះប្រសិទ្ធិភាពនៃការដោះស្រាយ។
លោកស្រី រំពឹងថា ការពង្រីកការិយាល័យការងារនេះនឹងធ្វើឲ្យយន្តការដោះស្រាយវិវាទការងារកាន់តែប្រសើរឡើង។
លោកស្រី ឈីវ ភិរម្យ ៖«នាពេលបច្ចុប្បន្ននេះ នៅពេលដែលមានរឿងកើតឡើងនៅតាមខេត្តធំៗ នៅពេលដែលមានពាក់ព័ន្ធជាមួយនិងកម្មករនិយោជិតច្រើន ដែលធ្វើអោយគាត់ពិបាកក្នុងការធ្វើដំណើរមកជួបក្រុមប្រឹក្សាអាជ្ញាកណ្ដាល។នេះជាបរិបទមួយទៀត ដែលយើងត្រូវតែពិភាក្សាគ្នាមើល ពីព្រោះថា យើងកើតមកជាង ១០ឆ្នាំ ហើយប្រហែលជាដល់ពេលយើងត្រូវពង្រីកខ្លួនហើយ»។
កាលពីឆ្នាំ២០១៦កន្លងទៅ ក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានសំណុំរឿងចំនួន៣៣០ករណីមកពីគ្រប់ខេត្តក្រុងនិងរាជធានី យកមកដោះស្រាយ។ ករណីទាំងនោះត្រូវបានដោះស្រាយ ប៉ុន្តែក្នុងនោះដំណោះស្រាយដែលធ្វើឲ្យភាគីទាំងសងខាងទទួលយកបាននោះមានត្រឹមតែ៧៥ភាគរយតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោកស្រី ឈីវ ភិរម្យ មិនទាន់អាចបញ្ជាក់បានឡើយថាតើក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងពង្រីកការិយាល័យតំណាងនៅតាមបណ្តាខេត្ត ក្រុងនៅពេលណាពិតប្រាកដនោះទេ។ ប៉ុន្តែ លោកស្រីបង្ហើបថា ខេត្តសំខាន់ៗដំបូងដែលត្រូវពង្រីកការិយាល័យរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះគឺមានដូចជាខេត្តសៀមរាប ខេត្តបន្ទាយមានជ័យនិងខេត្តកណ្តាល។
ជុំវិញរឿងនេះដែរ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានលើកឡើងនៅក្នុងកម្មវិធីនេះដែរថា គម្រោងពង្រីកដែនអនុវត្តន៍សមត្ថកិច្ចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជារឿងល្អប្រសើរមួយ។ ប៉ុន្ដែ លោកថា វាមិនបានជួយអោយល្អប្រសើរទាំងស្រុងទៅលើនីតិវិធីនៃការដោះស្រាយវិវាទរបស់មន្ដ្រីមួយចំនួននោះទេ។
លោក ប៉ាវ ស៊ីណា៖ « បច្ចុប្បន្នអ្វីដែល យើងមើលឃើញនោះ ការអនុវត្តនៅតាមខេត្តមួយចំនួនក៏យើងឃើញថា មន្ដ្រីខ្លះ គាត់បំពេញការងារគាត់ ទៅតាមមាត់គាត់ជាជាងគាត់អនុវត្តទៅតាមនីតិវិធីច្បាប់ ។ចឹងខ្ញុំគ្រាន់តែ មើលឃើញថា បើទោះបីជាបង្កើតច្បាប់ បង្កើតនីតិវិធីដោះស្រាយអី្វក៏ដោយ សូមអោយមានការអនុវត្តឱ្យស្មើភាពគ្នា កុំអោយមានការរើសអើងគ្នា កុំអោយមានការបែងចែកពណ៌សម្បុរគ្នា » ។
លោក ប៉ាវ ស៊ីណា ក៏បានលើកឧទាហរណ៍ជាក់ស្តែងដែលលោកបានជួបប្រទះក្នុងការស្វែងរកការជួយដោះស្រាយជូនកម្មកររោងចក្រ ប៉ុន្តែគាត់ហាក់ដូចជាត្រូវចាត់ទុកថាជាភ្នាក់ងាររបស់គណបក្សប្រឆាំងទៅវិញ៕