Gambia៖បន្ទាប់ពី ជនផ្ដាច់ការ Yahya Jammeh ចាកចេញពីតំណែង រយៈពេលជាងមួយខែប៉ុណ្ណោះ គេសង្កេតឃើញសហគមន៍អន្តរជាតិចាប់ផ្ដើមផ្ដល់ជំនួយឡើងវិញ សម្រាប់ប្រទេសក្រីក្រនៅអាហ្វ្រិកមួយនេះ ដោយមានទាំងជំនួយមនុស្សធម៌ និងជំនួយជួយអភិវឌ្ឍន៍ប្រទេស។
សហគមន៍អន្តរជាតិ ដែលផ្ដល់ជំនួយមុនគេ គឺសហភាពអឺរ៉ុបដោយផ្ដល់ជំនួយឥតសំណងជិត៥០០លានដុល្លារ សហគមន៍សេដ្ឋកិច្ចអាហ្រិ្វក ជាច្រើនរយលានដុល្លារ ធនាគារពិភពលោកជាង ៦០លានដុល្លារ និងមូលនិធិរូបីវត្ថុ អន្តរជាតិ កំពុងជួបប្រជុំគ្នាដើម្បីផ្ដល់ជំនួយឲ្យទៅប្រទេសតូចមួយនេះដែរ។ ក្រៅពីសហគមន៍អន្ដរជាតិទាំងនេះ ក៏មានប្រទេសអាមេរិក កំពុងតែសម្លឹងមើលដើម្បីផ្ដល់ជំនួយដល់ប្រទេសនេះផងដែរ។
ប្រទេស Gambia ជាប្រទេសតូចមួយនៅភាគខាងលិចនៃទ្វីបអាហ្វ្រិក មានប្រជាជនជិត ២លាននាក់។ ប្រជាជនប្រទេសនេះភាគច្រើនធ្វើចំណាកស្រុកទៅស៊ីឈ្នូលធ្វើពលកម្មឲ្យប្រទេសជិតខាង។ Gambia ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Jammeh រយៈពេល ២២ឆ្នាំ ប៉ុន្ដែប្រទេសតូចមួយនេះបានជាប់បំណុលបរទេសជាង ១ពាន់ លានដុល្លារអាមេរិក។ សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា លោក Jammeh បានប្រព្រឹត្ដអំពើពុករលួយលើប្រាក់ជំនួយនិងប្រាក់កម្ចី ដែលធ្វើឲ្យការបាត់បង់ថវិការដ្ឋរាប់រយលានដុល្លា។
លោក Jammeh ត្រូវបានគេរកឃើញថា នៅចុងក្រោយលោកសម្រេចចិត្ដលួចលុយពីរតនាគារជាតិ ១១លាន ៤សែនដុល្លារ យកទៅតាមខ្លួននៅប្រទេសគីណេ។ ក្រៅពីនេះត្រូវបានគេរកឃើញថា គ្រួសាររបស់លោកនិងលោកបានកិបកេញប្រាក់ជំនួនមនុស្សធម៌ជិត ៥០លានដុល្លារអាមេរិកថែមទៀត។ សព្វថ្ងៃគ្រួសាររបស់ជនផ្ដាច់ការ Jammeh បានឱបក្រសោបលុយទាំងនោះដេកស៊ីនៅប្រទេស គីណេ ដែលជាប្រទេសម្ព័ន្ធមិត្ដរបស់ខ្លួន។ ប្រធានាធិបតីថ្មី Adama Barrow សន្យាថា នឹងស្វះស្វែងរកលុយដែលលោក Jammeh លួចយកមកដាក់ឃ្លាំងលុយរបស់រដ្ឋវិញ៕ប្រភព: African news