មូស្គូ៖ប្រជាជននៅទីក្រុងមូស្គូរាប់ពាន់នាក់នៅថ្ងៃចន្ទ ទី២៧ កុម្ភៈនេះ បាននាំគ្នាដើរជាក្បួនដើម្បីរំលឹកអំពើឃាតកម្មលើមេបក្សប្រឆាំង Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ២០១៥ នៅខាងក្រៅវិមានគ្រឹមឡាំង។
លោក Boris Nemtsov គឺជាអ្នកកែទម្រង់ដ៏លេចធ្លោជាងគេនៅប្រទេសរុស្ស៊ី លោកធ្លាប់ជាអនុឧបនាយករដ្ឋមន្ដ្រី ប៉ុន្ដែលោកក៏ជាអ្នករិះគន់ការដឹកនាំរបស់ប្រធានាធិបតី ប្លាឌីមៀពូទីន ផងដែរ។
អ្នកដើរក្បួនបានស្រែកថា រុស្ស៊ីត្រូវតែជាប្រទេសប្រកាន់ប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្ដែនៅពេលជាមួយគ្នានេះបាតុករខ្លះបានស្រែកថា ពូទីន គឺជាមនុស្សល្មោភសង្គ្រាម។ ករណីឃាតកម្មលើមេដឹកនាំបក្សប្រឆាំងរុស្ស៊ីរូបនេះបាននាំឲ្យមានការចាប់ខ្លួនមនុស្សយ៉ាងតិច ៥នាក់ ប៉ុន្ដែបាតុករ ដាក់ការសង្ស័យថា ពួកគេទាំងប្រាំនាក់នោះគ្រាន់តែជាជនជាប់ចោទដែលមិនពាក់ព័ន្ធនឹងរឿងរ៉ាវផ្ទាល់តែប៉ុណ្ណោះ។
ទោះបីយ៉ាងនេះក្ដី មនុស្សទាំងប្រាំងនាក់នេះត្រូវបានឃុំខ្លួនរហូតមកដល់ពេលនេះ។ លោក Boris Nemtsov អាយុ ៥៥ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ចំពីក្រោយខ្នងខណៈលោកដើរចេញពីភោជនីយដ្ឋានមួយនៅពេលយប់ នៅក្បែរវិមានគ្រឹមឡាំង កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៥។
លោក Boris Nemtsov គឺជាអ្នកនយោបាយរុស្ស៊ីដែលចេញមុខខ្លាំងក្លាប្រឆាំងលោក ពូទីន ប្រើប្រាស់កងទ័ពដើម្បីលុកលុយតំបន់គ្រីមៀ នៃប្រទេសអ៊ុយគ្រែន៕ប្រភព:BBC