ភ្នំពេញ៖ព្រឹទ្ធសភាកម្ពុជា គ្រោងនឹងបើកកិច្ចប្រជុំវិសាមញ្ញមួយ នៅថ្ងៃអង្គារទី២៨ កុម្ភៈស្អែកនេះ ដើម្បីពិនិត្យនិងផ្តល់យោបល់លើ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅព្រឹកថ្ងៃចន្ទនេះ។
សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ មាន១១ ជំពូក និង៥០មាត្រា។ សេចក្តីស្នើច្បាប់នេះត្រូវគេរិះគន់ថា ធ្វើឡើងក្នុងគោលដៅហាមអ្នកមានទោសមិនឱ្យធ្វើប្រធាននិងអនុប្រធានគណបក្សនយោបាយ ហើយអាចឈានដល់ការរំលាយគណបក្ស ប្រសិនបើបុគ្គលដឹកនាំគណបក្សត្រូវរកឃើញថា មានទោសធ្ងន់ធ្ងរ។
សេចក្តីស្នើច្បាប់ត្រូវបានអនុម័តដោយសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៦ អនុម័តកាលពីថ្ងៃទី២០ ខែកុម្ភៈ។ ខណៈដែលសមាជិកសភាគណបក្សសង្គ្រោះជាតិបានធ្វើពហិការក្នុងកិច្ច ប្រជុំវិសាមញ្ញនោះ។គណបក្សប្រឆាំងបានស្នើឲ្យលើកពេលអនុម័តសេចក្តីស្នើច្បាប់ដ៏ ប្រទាញប្រទង់នេះដោយចង់បានការប្រឹក្សាយោបល់ពីភាគីនានាឲ្យបានច្រើន៕