ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាបានថ្លែងអះអាងថា កម្ពុជាបច្ចុប្បន្នអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្តាត់អំពើភេរវកម្មណាមួយដែលអាចកើតឡើងដោយយថាហេតុ។ ការថ្លែងលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងទិវាជាតិទីក្រុងស្អាតឆ្នាំ ២០១៧ ព្រឹកម្សិលនៅវិមានសន្តិភាពក្រុងភ្នំពេញ។
ថ្លែងក្នុងពិធីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានប្រុងជើងការសព្វគ្រប់ដើម្បីទប់ទល់នឹងអំពើភេរវកម្ម បើទោះបីជាកម្ពុជាមិនទាន់ជួបប្រទះ ឬទទួលរងការវាយប្រហារភេរវកម្មកើតឡើងក៏ដោយ។ យ៉ាងណាសម្តេចថ្លែងអះអាងថា កម្ពុជាអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ស្កាត់អំពើភេរវកម្មបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ។ សម្តេច ហ៊ុន សែន៖ «ភេរវកម្មមិនទាន់មាននៅកម្ពុជា ហើយខ្ញុំសង្ឃឹមថា យើងអាចទប់ទល់បានតាមរយៈនៃការខិតខំរបស់យើង។»
យ៉ាងណាសម្តេចក៏បាន លើកសរសើរពីប្រសិទ្ធភាពរបស់សមត្ថកិច្ចពាក់ព័ន្ធ ដែលកន្លងមកបានបង្ក្រាបបានករណីរត់ពន្ធគ្រឿងញៀន និងភ្លុកដំរីរាប់តោនពីក្រៅប្រទេស។ សម្តេច ហ៊ុន សែន៖ «គ្រឿងញៀនចេញពីអាមេរិកឡាទីន ឆ្លងកាត់ព្រលានយន្តហោះយ៉ាងច្រើន តែបែបមកចាប់បាននៅកម្ពុជា តើប្រទេសទាំងហ្នឹងដែលមានបច្ចេកវិទ្យាខ្ពស់ៗគេធ្វើការរបៀបម៉េច។ មួយទៀត គ្រាន់តែអាភ្លុកដំរី និងរបស់ច្រើនបែបច្រើនណាស់អានោះវាបញ្ចូលតាមរបៀបមួយក្នុងប្រទេសកម្ពុជា តើប្រទេសនានាគេធ្វើការរបៀបម៉េច»។
ទាក់ទិនក្នុងរឿងនេះ លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគាំទ្រ ការអះអាងរបស់ សម្ដេច ហ៊ុនសែន ។ លោក ខៀវ សុភ័ក្រ បានលើកសរសើរពីគោលនយោបាយការបរទេសល្អរបស់កម្ពុជា ដែលអាចបញ្ចៀសបាននូវអំពើហិង្សា និងពិសេសអំពើភេរវកម្ម។ លោក ខៀវ សុភ័ក្រ ៖«នយោបាយការបរទេសកម្ពុជា គឺជានយោបាយអហិង្សាយ៉ាងហោចណាស់ភេរវករក៏យោគយល់ដែរ។»
ទាក់ទងកការទប់ស្កាត់ការចរាចរគ្រឿងញៀន និងភ្លុកដំរីទ្រង់ទ្រាយធំៗដែលរត់ពន្ធពីក្រៅប្រទេសលោក ខៀវ សុភ័ក្រ ពន្យល់ថា ៖«សំខាន់យើងប្រយ័ត្នខ្ពស់ កម្ពុជាអត់មានម៉ាស៊ីនស្កេនដូចគេ ប៉ុន្តែយើងសង្ស័យ យើងបើកមើលតែម្តង។ តែពេលខ្លះយើងមានព័ត៌មានផ្តល់ពីក្រៅប្រទេសដែលមានការសង្ស័យដែរ តែភាគច្រើនយើងចាប់បានដោយខ្លួនឯង ប៉ុន្តែទោះបីជាយ៉ាងណាកិច្ចប្រតិបត្តិការយើងមិនចោលនោះទេ»។
កម្ពុជា មានភូមិសាស្ត្រ ក្នុងប្រទេសសមាគមអាស៊ាន ។ ក្នុងតំបន់នេះ ប្រទេសដែលជួបអំពើភេរវកម្ម គេសង្កេត ឃើញច្រើនកើតមាននៅប្រទេស ថៃ ម៉ាឡាស៊ី ឥណ្ឌូនេស៊ី៕