កូឡាឡាំពួរ៖ មន្ដ្រីនៃប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ប្រសិនបើមន្ដ្រីការទូតកូរ៉េខាងជើងប្រចាំទីក្រុងកូឡាឡាំពួ មិនព្រមសហការជាមួយប៉ូលីស ករណីស្វែងរកអ្នកនៅពីក្រោយឃាតកម្មលើលោក គឹម ជុងណាំ ទេ រដ្ឋអាជ្ញានៃប្រទេសនេះនឹងចេញដីកាចាប់ខ្លួនមន្ដ្រីការទូតទាំងនោះ។
បើយោងតាមបណ្ដាញផ្សាយព័ត៌មាន រ៉យទ័រ ដែលស្រង់សម្ដីមន្ដ្រីម៉ាឡេស៊ីមកចុះផ្សាយនៅថ្ងៃទី២៥ កុម្ភៈ នេះ បញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងមក អាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនលោក Hyon Kwang ដែលជាលេខារបស់មន្ដ្រីទូកូរ៉េខាងជើងប្រចាំទីក្រុងកូឡាឡាំពួរ ដើម្បីសាកសួរពាក់ព័ន្ធឃាតកម្មលោក គឹម ជុងណាំ ដែលត្រូវជាបងប្រុសរបស់លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។
យ៉ាងណារហូតមកដល់ពេលនេះ ជនជាតិកូរ៉េខាងជើងចំនួនប្រាំបីនាក់ហើយ ដែលត្រូវបានចាប់ខ្លួនករណីសង្ស័យថា បានជាប់ពាក់ព័ន្ធអំពើឃាតកម្មលើលោក គឹម ជុងណាំ។
លោក គឹម ជុងណាំ ត្រូវបានគេសម្លាប់ដោយការដាក់ថ្នាំបំពុលកាលថ្ងៃទី ១៣ ខែកុម្ភៈ ខណៈលោក កំពុងរង់ចាំជិះយន្ដហោះនៅទីក្រុង កូឡាឡាំពួរ។ ក្រោយមានអំពើឃាតកម្មនេះភ្លាម អាជ្ញាធរម៉ាឡេស៊ី បានចាប់ខ្លួនស្ត្រីពីរនាក់ ម្នាក់ជានជនជាតិឥណ្ឌូនេស៊ីនិងម្នាក់ទៀតជាជនជាតិវៀតណាដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ។
ក្រោយឃាតកម្មលើលោក គឹម ជុងណាំ ភ្លាមចារកម្មរបស់សហរដ្ឋអាមរិក និងកូរ៉េខាងត្បូងបានរកឃើញថា លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងសព្វថ្ងៃ អាចនៅពីក្រោយអំពើឃាតកម្មនេះ៕ប្រភព Reuters