ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ គឺឈរលំដាប់លេខ១ ដែលខ្ចីប្រាក់ច្រើនជាងគេពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា។
ធនាគារជាតិបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា អតិថិជននៅរាជធានីភ្នំពេញច្រើនជាង ២សែននាក់ទទួលបានឥណទាន។ ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ដែរថា ខេត្តកណ្ដាល គឺជាខេត្តដែលឈរនៅលេខរៀងទីពីរ។ ប្រជាជនខេត្ដនេះបានខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចន្លោះពី ១៥ម៉ឺននាក់ ទៅ២០ម៉ឺននាក់។ បើតាមធនាគារជាតិនៃកម្ពុជា ក្នុងចំណោមខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា ខេត្តកំពង់ស្ពឺ សៀមរាប កំពង់ចាម ព្រៃវែង តាកែវ កំពង់ធំ និងបាត់ដំបង សុទ្ធតែជាខេត្តដែលមានប្រជាជនប្រើប្រាស់កម្ចីឥណទានខ្ពស់ ស្ថិតនៅចន្លោះពី ១០ម៉ឺននាក់ ទៅ ១៥ម៉ឺននាក់ គិតត្រឹមឆ្នាំ២០១៦៕