ភ្នំពេញ៖ របាយការណ៍ ស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងតិចណាស់មនុស្ស៤នាក់ស្លាប់ និង១៨នាក់ រងរបួសករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
តាមរបាយការណ៍ដដែលឲ្យដឹងដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលថ្ងៃម្សិលមិញបង្កឲ្យខូតខាតរថយន្ដធុនធំចំនួន ២គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង ម៉ូតូចំនួន៩គ្រឿង។ មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះព្រោះ តែអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ដែលមានជាអាទិ៍ ការបើកបើរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព និងការបើកបរក្នុងស្ថានភាពស្រវឹង។ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃម្សិលមិញ ទាំងអ្នកស្លាប់ និងអ្នកដែលរងរបួសគឺសុទ្ធតែជាបុរស។
យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស គិតដល់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២៣១លើក ស្លាប់ ១១២នាក់ រងរបួស ធ្ងន់២៣០នាក់ និងរងរបួសស្រាល ចំនួន ១១៩ នាក់៕