en     km
en     km

អ្នកវិភាគ​៖​ ការលាលែង​ពី​តួនាទី​របស់​មន្ត្រី​គណបក្សប្រឆាំង​ ទំនង​ដើម្បី​ការពារ​ការ​រំលាយ​បក្ស​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​មានទោស​ជាប់​ខ្លួន​បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង​ក្នុង​ជួរ​បក្ស​ដោយសារ​អ្វី​ដែល​ពួក​ខ្លួន​អះអាង​ថា​ដោយសារ​តែ​ មូល​ហេតុផល​មានរឿង​ផ្ទាល់ខ្លួន​។​

​យ៉ាងណា​ក៏​ដោយ​អ្នកវិភាគ​នយោបាយ​យល់​ថា​ ការ​លាលែង​តំណែង​របស់​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ​ទំនង​ដើម្បី​ការពារ​បក្ស​ពី​ការ​រំលាយ​ ខណៈ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស​ហៀ​ប​ចូល​ជា​ធរមាន​។​

 

មន្រ្តីគណបក្សប្រឆាំង មានលោក ហុង សុខហួរ .អ៊ុំ សំអាន .និងលោក មាជ សុវណ្ណារ៉ា បានសុំលាលែងតំណែងពីគណបក្សរៀងៗខ្លួន។
មន្រ្តីគណបក្សប្រឆាំង មានលោក ហុង សុខហួរ .អ៊ុំ សំអាន .និងលោក មាជ សុវណ្ណារ៉ា បានសុំលាលែងតំណែងពីគណបក្សរៀងៗខ្លួន។
ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នៃ​ការ​លាលែង​តំណែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ របស់​លោក​ សម​ រ​ង្ស៊ី​ មិន​ទាន់​បាន​មួយ​ខែ​ផង​ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​ ២៣​ កុម្ភៈ​ ម្សិលមិញ​ មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្ក្រោះ​ជាតិ​ គឺ​លោក​ អ៊ុំ​ សំ​អាន​ និង​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ សម​ រ​ង្ស៊ី​ គឺ​លោក​ ហុង​ សុខ​ហួរ​ បាន​សម្រេច​លាលែង​ពី​តំណែង​ពី​សមាជិក​គណ​ក​ម្មា​ការ​នាយក​របស់​បក្ស​រៀងៗ​ខ្លួន​។​ ​អ្នក​ទាំង​បី​ដែល​កំពុង​មានទោស​ជាប់​ខ្លួន​នេះ​ បាន​សរសេរ​លិខិត​សម្រេច​លាលែង​ពី​តំណែង​ដោយ​បញ្ជាក់​ថា​«​ដោយសារ​ហេតុផល​ផ្ទាល់ខ្លួន»​។​

លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត​សភា​ លើក​ឡើង​ថា​ ការ​លាលែង​តំណាង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស ប្រឆាំង​ទាំង​ពីរ​នេះ​ ទំនង​ដើម្បី​ការពារ​បក្ស​ពី​ការ​រំលាយ​ ព្រោះ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​គណបក្ស​នយោបាយ​ដែល​ទើប​អនុម័ត​ដោយ​រដ្ឋសភា​កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ចែង​ពី​ការ​ដាក់​ពិន័យ​បុគ្គល​នយោបាយ​ និង​ឈាន​ទៅ​រំលាយ​គណបក្ស​នយោបាយ​ ប្រ​សិន​ណា​មន្ត្រី​នៃ​គណបក្ស​នយោបាយ​ជា​ជន​មាន​ពុ​រិ​ទ្ធ​ ឬ​ជា​ទណ្ឌិត​។​

​លោក​ឯម​ សុ​វ​ណ្ណា​រ៉ា​ លើក​ឡើង​ថា​ នៅ​ដំណាក់កាល​ស្ថានភាព​នយោបាយ​កំពុង​មាន​ភាព​តានតឹង​បែប​នេះ​ យុទ្ធសាស្ត្រ​បោះបង់​តំណែង​ ឬ​តួនាទី​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​មានទោស​ គឺជា​វិធី​ល្អ​បំផុត​ដើម្បី​រក្សា​បក្ស​ឈាន​ទៅ​ការ​ប្រកួតប្រជែង​នៅ​ពេល​ខាង​មុខ​។​ «​ទី​មួយ​ដើម្បី​ការពារ​ផល​ប្រ​យោ​ ជន៍​បក្ស​ ទី​២​ ដើម្បី​បើកឱកាស​ខ្លួនឯង​សម្រាប់​ប្រឡូក​ក្នុង​ឆាកនយោបាយ​នៅ​ពេល​ដែល​រួច​ទោស​។​ ចំណុច​មួយទៀត​ យើង​អាច​មើលឃើញ​ពី​ភាព​គេ​ហៅ​ថា​ ភាព​រឹត​ត្បឹ​ត​ក្នុង​ការ​ប្រកួតប្រជែង​ដោយ​សេរី​។​»

​សេចក្ដី​ស្នើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាន​ ១១​ជំពូក​ និង​ ៥០​មាត្រា​។​ ក្នុង​ចំណោម​មាត្រា​ទាំងនេះ​ គឺ​មាន​ ២​ មាត្រា​បាន​ផ្ដល់​អំណាច​ទៅ​ក្រសួងមហាផ្ទៃ​មាន​សមត្ថកិច្ច​ ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន​លើ​គណបក្ស​ណាមួយ​ដែល​ត្រូវ​បាន​ចោទ​ថា​ បំពាន​ច្បាប់​ ឬ​ ថ្នាក់ដឹកនាំ​បក្ស​នោះ​ មាន​កំហុស​ ហើយ​ក្រសួង​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​កំពូល​ ដើម្បី​រំលាយ​គណបក្ស​នយោបាយ​នោះ​ ក្នុង​ករណី​មាន​កំហុស​លក្ខណៈ​ធ្ងន់ធ្ងរ​។​
​មាត្រា​ ៤៥​ថ្មី​នេះ​ បាន​ចែង​ថា​ ៖«​តុលាការ​ដែល​មាន​សមត្ថកិច្ច​ ដើម្បី​ពិនិត្យ​លើ​បណ្ដឹង​នានា​ ដោយ​អនុវត្ត​តាម​ច្បាប់​នេះ​គឺ​តុលាការ​កំពូល​។

ដោយឡែក​ចំពោះ​មាត្រា​ ៤២​ថ្មី​នៃ​ច្បាប់​នេះ​វ​អនុវត្ត​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ជា​ធរមាន​។​ តំណាង​មហាអយ្យការ​ អម​តុលាការ​កំពូល​ ត្រូវ​ចូលរួម​សុំ​ឱ្យ​មានការ​គោរព​ច្បាប់​ នៅ​ក្នុង​ពេល​ដែល​មាន​ បណ្ដឹង​ដាក់​ជូន​តុលាការ​កំពូល​ពិនិត្យ​។​ ក្នុង​ករណី​ដែល​គណបក្ស​នយោបាយ​ត្រូវ​បាន​រំលាយ​ តុលាការ​អាច​សម្រេច​ហាមឃាត​ការ​ធ្វើ​សកម្មភាព​នយោបាយ​នោះ​រយៈពេល​៥​ឆ្នាំ​បាន​។​ តុលាការ​កំពូល​ត្រូវ​សម្រេចសេចក្ដី​លើ​អង្គហេតុ​និង​អង្គច្បាប់​ដោយ​សភា​ពេញអង្គ​។​ សាលដីកា​របស់​តុលាការ​កំពូល​ជា​សេចក្ដី​បិទផ្លូវ​តវ៉ា​។​

តែ​យ៉ាងណា​មាត្រា​ ៤៦​ថ្មី​ចែង​ថា​ ៖«​ការ​អនុវត្ត​ជំពូក​នេះ​ មិន​រារាំង​ដំណើរ​នីតិវិធី​ព្រហ្មទណ្ឌ​ឡើយ​ ក្នុង​ករ​ ណី​អំពើ​បំពាន​លើ​បញ្ញត្តិ​ដែល​បាន​ចែង​លើ​ជំពូក​នេះ​ជា​បទ​ល្មើ​ល​ដែល​បាន​ចែង​ក្នុង​ច្បាប់ព្រហ្មទណ្ឌ​»​។​

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​សិក្សា​ច្បាប់​និង​គោលនយោបាយ​ការ​បរទេស​ យល់​ថា​ ជំហរ​លាលែង​ពី​តំណែង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ អាច​ជា​យុទ្ធសាស្ត្រ​ដកខ្លួន​ចេញពី​កណ្តាប់ដៃ​របស់​អ្នកនយោបាយ​បក្ស​ម្ខាង​ទៀត​ ខណៈ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ កំពុង​ក្លាយជា​ឧបករណ៍​គាប​សង្កាត់​បក្ស​ប្រឆាំង​។​ «​ដូច្នេះ​ហើយ​ពួក​គាត់​លាលែង​ចេញពី​តំណែង​ទាំងអស់​ហ្នឹង​ កុំឱ្យ​មាន​នរណា​ម្នាក់​មាន​លេស​ ឬ​ក៏​យក​ពួក​គាត់​នឹង​ធ្វើ​ជា​ចំណាប់ខ្មាំង​នយោបាយ​ដើម្បី​ការ​ចរចា​ ឬ​ក៏​ដើម្បី​ទៅ​បង្ខិតបង្ខំ​ឱ្យ​មានការ​ធ្វើ​ ឬ​ព្រមព្រៀង​អ្វីមួយ​។​»

ទាក់ទិន​ក្នុង​រឿង​នេះ​ដែល​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​លាលែង​នេះ​ គឺ​ដើម្បី​ទុក​លទ្ធភាព​សម្រាប់​រៀបចំ​ក្បាលម៉ាស៊ីន​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ មុន​ពេល​ច្បាប់​ស្តី​ពី​គណបក្ស​ចូល​ជា​ធរមាន​។​ តែ​យ៉ាងណា​ លោក​ សុខ​ ឥ​សាន្ត​ សង្ស័យ​ថា​ ការ​លាលែង​នេះ​ អាច​ជា​ល្បិច​កល​របស់​បក្ស​ប្រឆាំង​ ដែល​កំពុង​បំភ័ន្ត​ឱ្យ​ពលរដ្ឋ​អាណិតអាសូរ​ ខណៈ​ពួក​គេ​ជា​អ្នក​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​រដ្ឋ​។​
«​ការ​ធ្វើ​ឱ្យ​មាន​ជា​ប្រព័ន្ធ​ក្នុង​ការ​លាលែង​នេះ​ វា​អាច​ធ្វើ​ប្រជា​ពល​យល់​ច្រឡំ​គិត​ថា​ សមី​ជន​ជា​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់​ វា​បែរ​ទៅ​ជាស​មី​ជន​ជា​ជន​រង​គ្រោះ​ដែល​គួរ​ឱ្យ​ប្រជា​ពល​អាណិត​ស្រលាញ់​ទៅ​វិញ​។​»

លោក​ ប៉ុ​ល​ ហំ​ ប្រធាន​គណកម្មាធិការ​នាយក​ គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​ ដោយ​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​អ្វី​នោះ​ទេ​ ជុំវិញ​ការ​លាលែង​តំណែង​របស់​សមាជិក​ខ្លួន​។​ តែ​យ៉ាងណា​លោក​ទទួលយក​សំនើសុំ​លាលែង​តំណែង​របស់​សមាជិក​ខ្លួន​ជា​បណ្តុះ​អាសន្ន​សិន​ ដោយ​រង់ចាំ​កោះ​ប្រជុំ​គណកម្មាធិការ​នាយក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​៕

Share

ព័ត៌មានទាក់ទង

Image