en     km
en     km

កម្ពុជា​កម្ទេច​គ្រាប់​មីន​ជាង​៣​លាន​គ្រាប់​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ ក្នុង​រយៈពេល​២៥​ឆ្នាំ​ កម្ពុជា​បាន​កម្ទេច​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ បាន​ជាង​៣​លាន​គ្រាប់​។​ អាជ្ញាធរ​កំចាត់​មីន​កម្ពុជា​ បាន​ដាក់​ផែនការ​រំដោះ​ដី​ដែល​សង្ស័យ​ថា​គ្របដណ្តប់​ដោយសារ​គ្រាប់​មីន​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥​។​

 

min1

​គិត​មក​ដល់​ឆ្នាំ​២០១៧​នេះ​ គឺ​ក្នុង​រយៈពេល​២៥​ឆ្នាំ​ កម្ពុជា​បាន​កម្ទេច​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ជាង​ ៣,៧​លាន​តោន​។​ នេះ​បើ​យោង​តាម​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ថ្លែង​ក្នុង​ទិវា​ជាតិ​យល់​ដឹង​ពី​មីន​លើក​ទី​១៨​ នៅ​ថ្ងៃ​សុក្រ​ ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០៧​នេះ​។​ នៅ​ក្នុង​សារលិខិត​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​សម្តេច​ ហ៊ុន​ សែន​ បាន​បង្ហាញ​ថា​ ផ្ទៃដី​ចំនួន​ ១៥០០​គីឡូម៉ែត្រ​ក្រឡា​ ត្រូវ​បាន​រំដោះ​ចេញពី​គ្រឿងផ្ទុះ​ទាំងនោះ​។​

​សារលិខិត​ដដែល​បាន​រៀបរាប់​ថា​ ក្នុង​ចំណោម​គ្រាប់​មីន​ដែល​បាន​កម្ទេច​ ក្នុង​នោះ​មាន​ គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន​ជាង​មួយ​លាន​គ្រាប់​ (១.០៣៦.៣៧៦​គ្រាប់​)​ គ្រាប់​មីន​ប្រឆាំង​រថក្រោះ​ជាង​ ២​ម៉ឺន​គ្រាប់​(២៤.២៥១​គ្រាប់​)​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ជាង​ ២​លាន​គ្រាប់​ (២.៦៦០.៦៣៨​គ្រាប់​)​។​ នៅ​ក្នុង​នោះ​ដែរ​ជន​រង​គ្រោះ​ដោយសារ​តែ​យុទ្ធភណ្ឌ​ទាំងនេះ​បាន​ធ្លាក់​ចុះ​ពី​ ៤៣២០​នៅ​ឆ្នាំ​១៩៩៦​ មក​ត្រឹម​ ៨៣​នាក់​ ក្នុង​ឆ្នាំ​២០១៦​ កន្លង​ទៅ​។​

heng-ratha
​លោក​ ហេង​ រតនា​ អគ្គនាយក​ម​ជ្ឈ​ម​មណ្ឌល​សកម្មភាព​កំចាត់​មីន​នៅ​កម្ពុជា

​លោក​ ហេង​ រតនា​ អគ្គនាយក​ម​ជ្ឈ​ម​មណ្ឌល​សកម្មភាព​កំចាត់​មីន​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ដែរ​ថា​ ខេត្ត​បាត់​ដំបូង​ ប៉ៃលិន​ និង​បណ្តា​ខេត្ត​ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​គឺជា​ខេត្ត​ដែល​នៅ​តែ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ដោយសារ​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅឡើយ​។

​លោក​ ហេង​ រតនា​ បន្ត​ថា​ បច្ចុប្បន្ន​ ស៊ី​ម៉ាក់​ កំពុង​តែ​បន្តសកម្មភាព​បោសសំអាត​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ដែល​រក​ឃើញ​នៅ​សេសសល់​ ។​ «​យើង​ប្រឹងប្រែង​ ហើយ​ផែនការ​របស់​យើង​ គឺ​យើង​នឹង​សំអាត​គ្រាប់​មីន​គំរាមកំហែង​ ដល់​ប្រជាពលរដ្ឋ​អោយ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥»​។

​តាម​របាយការណ៍​របស់​អាជ្ញាធរ​មីន​កម្ពុជា​ បង្ហាញ​ថា​ កម្ពុជា​នៅ​មាន​ផ្ទៃដី​សង្ស័យ​ថា​ មាន​មីន​និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ប្រមាណ​ជាង​ ១៩៤៦​គីឡូម៉ែត្រ​ក្រឡា​ទៀត​។​ ហើយ​ក្នុង​ផែនការ​បោសសំអាត​ពី​ឆ្នាំ​២០១៧​ ដល់​ ២០២៥​ នឹង​ត្រូវការ​ថវិកា​ប្រមាណ​ ៤០៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

Share

ព័ត៌មានទាក់ទង

Image