ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី ២៣ កុម្ភៈនេះ សម្តែងការ ខកចិត្ត ចំពោះប្រមុខរាជរដ្ឋា ភិបាលលើកយកបញ្ហាសញ្ញាសម្គាល់ស្ថាប័នមីក្រូ ហិរញ្ញវត្ថុ ជាជាងយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាទុន និងបំណុលរបស់ប្រជាពលរដ្ឋ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកុម្ភៈ បានប្រកាសឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឯកជនទាំងអស់ ដែលមាននិមិត្តសញ្ញាស្រដៀងគ្នានឹងស្ថាប័នរដ្ឋ ដូចមានសញ្ញា «៛» ឬ រូបសឹង្ហ ឬក៏ រូបហង្ស ត្រូវប្តូរជាបន្ទាន់។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សនេះ បានផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលគួរគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុ ដើម្បីទម្លាក់ការប្រាក់តាមរយៈកាត់បន្ថយពន្ធ និងមិនយកពន្ធរយៈពេលកំណត់ណាមួយ ចំពោះសាខាតំបន់ដាច់ស្រយាល។ យើយជួយសម្រួលស្ថាប័នហិរញ្ញវត្ថុទទួលបានទុនដោយការប្រាក់ទាប និងលើកទឹកចិត្តឲ្យសន្សំប្រាក់ ដើម្បីបង្កើនទុនក្នុងស្រុក។
ក្នុងសេចក្តីថ្លែងការណ៍ដដែល រដ្ឋាភិបាលគួរគាំទ្រដល់កសិករ និងអាជីវករ អាចមានលទ្ធភាពប្រកបមុខរបរទទួលប្រាក់ចំណេញ និងដោះស្រាយបញ្ហាទីផ្សារកសិកម្ម រួមទាំងដោះស្រាយបញ្ហាបំណុលរបស់ប្រជាកសិករ។
រហូតមកដល់ថ្ងៃទី២៣ កុម្ភៈនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ប្រាសាក់ ផ្លាស់ប្ដូរនិមិត្តសញ្ញាជាអក្សរ «៛» ចេញជំនួសវិញដោយពាក្យថា «ប្រាសាក់» កុំឲ្យច្រឡំជាមួយធនាគារជាតិនៃកម្ពុជា។ រីឯធនាគារ អេស៊ីលីដា បានផ្លាស់ប្តូរនិមិត្តសញ្ញារូប «ហង្ស» ចេញជំនួយវិញដោយពាក្យថា «អេស៊ីលីដា» កុំឲ្យច្រឡំជាមួយ ក្រសួងសេដ្ឋកិច្ច។
ពាក់ព័ន្ធរឿងនេះក្រសួងពាណិជ្ជកម្ម បានសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងនោះប្តូរឱ្យបានមុខថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រីបានចេញបញ្ជាតម្រូវឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវផ្សាយថា មីក្រូហរិញ្ញវត្ថុទាំងអស់មិនមែនជារបស់រដ្ឋ ហើយតម្រូវឱ្យធនាគារ ឬមីក្រូហរិញ្ញវត្ថុមួយចំនួនផ្លាស់ប្តូរនិមិត្តសញ្ញាចេញ ប្រសិនបើនិមិត្តសញ្ញានោះដូចគ្នានឹងនិមិត្តសញ្ញារបស់ស្ថាប័នរដ្ឋ។ ការចេញបញ្ជារបស់លោកនាយករដ្ឋមន្ត្រីនេះ ដោយសារលោកថា ពលរដ្ឋមួយចំនួនមានការភ័ន្តច្រឡំថា មីក្រូហរិញ្ញទាំងអស់ជារបស់រដ្ឋ។
អ្នកវិភាគយល់ថា ការចេញបញ្ជារបស់ប្រមុខរដ្ឋាភិបាលនេះ គឺមានហេតុផលនយោបាយនៅពីក្រោយ នៅគ្រាដែលមានគណបក្សមួយចំនួនបានដើរឃោសនាលុបបំណុលពលរដ្ឋទាំងអស់ ប្រសិនបក្សខ្លួនជាប់ឆ្នោត ដែលប្រការនេះនាំប៉ះទង្គិចដល់សំឡេងឆ្នោតរបស់បក្សកាន់អំណាច៕