ពាក្យថាអធិបតេយ្យភាព ប្រទេសណាក៏ប្រើវាដែរ គឺថាតើប្រទេសនោះបានបង្ហាញអំណាចរបស់ខ្លួនខ្លាំងប៉ុនណា ទប់ទល់នឹងប្រទេសដទៃ។ បើគ្រាន់តែដើរតែនិយាយថា ខ្លួនមានអធិប តេយ្យ ភាពគឺមិនគ្រប់គ្រាន់ តែធាតុពិតស្ថិតនៅក្រោមឥទិ្ធពលរបស់គេដកខ្លួនមិនរួច គឺមិនអាចថា ប្រទេសនោះមានអធិបតេយ្យពេញលេញឡើយ។
ពាក្យថា អធិបតេយ្យភាពនិងកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគឺគេនិយាយនៅពេលប្រទេសនោះហ៊ានការពាររឿងអ្វីមួយ ដែលគេថា ប៉ះពាល់កិច្ចសហការជាមួយប្រទេសដទៃ។ រឿងនេះហើយ ដែលយើងធ្វើអធិប្បាយមួយ និយាយពីប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ដែលមិនមានអាវុធនុយក្លេអ៊ែរ បែរជាហ៊ាន ឈ្លោះជាមួយប្រទេសមានអាវុធនុយក្លែអ៊ែរ មានកម្លាំងទ័ពរាប់លាននាក់។ ប្រទេសនេះ គឺប្រទេសម៉ាឡេស៊ី ដែលហ៊ានឈ្លោះជាមួយ កូរ៉េខាងជើង ដឹកនាំដោយជនផ្ដាច់ការ គឹម ជុងអ៊ុន។
ហេតុអ្វីបានជា ម៉ាឡេស៊ីហ៊ានឈ្លោះ ជាមួយ កូរ៉េខាងជើង ប្រទេសមានអាវុធនុយក្លេអ៊ែរ?
នេះជាសំណួរមួយត្រូវតែមានការបកស្រាយ។ តែសំណួរសួរថាតើប្រទេសម៉ាឡេស៊ី មានអ្វីនៅពីក្រោយ បានជាហ៊ានដំឡើងសាច់ដុំឈ្លោះជាមួយប្រទេសល្មោភសង្គ្រាមមួយនេះ?
ដូចយើងនិយាយថា ពាក្យថា អធិបតេយ្យភាពគឺគេសំដៅលើការការពារកិត្តិយស របស់ប្រទេស ដែលប្រឆាំងនឹងការដាក់គំនាបពីប្រទេសមួយមកលើខ្លួន។ ប្រទេសម៉ាឡេស៊ីពេលនេះ កំពុងមានភាពតឹងយ៉ាងខ្លាំងជាមួយ កូរ៉េខាងជើងដឹកនាំដោយបុរសខ្លាំង គឹម ជុងអ៊ុន។
អ្វីជាដើមចមធ្វើឱ្យតានតឹងផ្នែកការទូត?
ដើមចម ដោយសារតែរដ្ឋាភិបាលកូឡាឡាំពួរ មិនធ្វើតាមក្រុងព្យុងយ៉ាង ឱ្យប្រគល់សាកសពលោក គឹម ជុងណាំ ដែលត្រូវបានសម្លាប់ដោយការដាក់ថ្នាំបំពុល ហើយស្លាប់នៅលើទឹកដី រដ្ឋជាសមាជិកអាស៊ានមួយនេះ។ ដោយសាររឿងនេះ បង្កឱ្យមានភាពតានតឹងផ្នែកការទូតយ៉ាងខ្លាំងរហូតម៉ាឡេស៊ី កោះហៅ អ្នកការទូតរបស់ ខ្លួនត្រឡប់ពីទីក្រុងព្យុងយ៉ាង ហើយមិនតែប៉ុណ្ណោះ បានដាក់កាចោទប្រកាន់ មន្ត្រីទូត កូរ៉េខាងជើងជាច្រើននាក់ ជាប់សង្ស័យករណីឃាតកម្ម លោក គឹម ជុងណាំ ដែលជនរងគ្រោះនេះ នរណាក៏ដឹងដែរថា ជាបងប្រុសរបស់លោក គឹម ជុងអ៊ុន ដោយគ្រាន់តែម្ដាយដទៃ។ នៅថ្ងៃនេះ ម៉ាឡេស៊ី បាន ប្ដឹងទៅប៉ូលិសអន្តរជាតិ (Interpol) ឱ្យជួយចាប់ខ្លួនអ្នកការទូតកូរ៉េខាងជើង ៤នាក់ មកឱ្យខ្លួនដើម្បី សាកសួររឿងពាក់ព័ន្ធឃាតកម្មលើលោក គឹម ជុងណាំ។ ក្នុងសំណុំរឿងនេះ ម៉ាឡេស៊ីបាន ឃុំខ្លួនមនុស្ស៤នាក់ រូចហើយដែលក្នុងនោះ ២នាក់ជាជនជាតិកូរ៉េខាងជើង។
សំណុំរឿងឃាតកម្ម កម្រិតអន្តរជាតិនេះ ល្បីពេញពិភពលោក
អ្វីដែលធ្វើឱ្យរឿងនេះល្បី ដោយសារលោក គឹម ជុងណាំ ជាបងប្រុសមេដឹកនាំ គឹម ជុងអ៊ុន ដែលគេថាអាចស្នងតំណែងលោក ជុងអ៊ុន នៅអនាគត។ ឃាតកម្មនេះ ត្រូវបានចារកម្មអាមេរិកនិងកូរ៉េខាងត្បូង រកឃើញថា លោក គឹម ជុងអ៊ុន នៅពីកក្រោយ។
ទំនងដោយសារហេតុផលនេះហើយមើលទៅ ដែលធ្វើឱ្យក្រុង កូឡាឡាំពួរ ប្រកាន់ជំហរ ក្នុងនាមជារដ្ឋអធិបតេយ្យពិតប្រាកដ មិនព្រមប្រគល់សពលោក គឹម ជុងណាំ ទៅឱ្យក្រុងព្យុងយ៉ាង។ ចំណែកឯកូរ៉េខាងជើងបានទទូចថា ដើម្បីឲ្យទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរល្អប្រសើរឡើងវិញ គឺក្រុងកូឡាឡាំពួរ ត្រូវដកថយមួយជំហ៊ាន ហើយប្រគល់សាកសពលោក គឹម ជុងណាំ បើពុំនោះទេ ម៉ាឡេស៊ី នឹងក្លាយជាអ្នកបង្កហេតុហើយជាប្រទេសមួយដែលមិនមែនជាមិត្ដពិតប្រាកដឡើយ។
កូរ៉េខាងជើងអះអាងថា ជនរងគ្រោះគឺជាពលរដ្ឋរបស់ខ្លួនដែលម៉ាឡេស៊ី មិនគួរប្រកាន់ជំហរដូចនេះទេ។ ប៉ុន្ដែម៉ាឡេស៊ីបានអះអាងថា អ្វីដែលចាំបាច់ត្រូវរក្សាសាកសពនេះបន្ដទៀតដោយសារតែត្រូវរង់ចាំការពិសោធន៍ DNA និងត្រូវចាប់ខ្លួនមនុស្សយ៉ាងតិច ៧រូបទៀត ដែលសង្ស័យពាក់ព័ន្ធឃាតកម្មនេះ។ ប៉ុន្ដែអ្វីដែលសំខាន់ក្រុងកូឡាឡាំពួរ ចាត់ទុកថា ករណីឃាតកម្មលើលោក គឹម ជុងណាំ គឺជាអំពើឃាតកម្មអន្ដរជាតិមួយផងដែរ។ សរុបសេចក្ដីទៅក្រុងកូឡាឡាំពួរ បានប្រើប្រាស់សិទ្ធិកាទូតរបស់ខ្លួនជាមួយនឹងពាក្យថា អធិបតេយ្យភាពនៅពេលនេះកំពុងតែមានឥទ្ធិពលនិងមានប្រសិទ្ធភាព៕