អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បាននិយាយថា អង្គការពិភពលោកមួយនេះត្រូវការជំនួយ ៤ពាន់លានដុល្លារដើម្បីជួយពលរដ្ឋ ២០លាននាក់ ដែលកំពុងជួបគ្រោះទុរភិក្សនៅប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិច។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រទេសដែលជួបគ្រោះអត់ឃ្លានធ្ងន់ធ្ងរនោះ គឺប្រទេសនីហ្សេរីយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង និងប្រទេសយែមែន។
លោក Antonio Guterres បានបញ្ជាក់ទៀតថា ហេតុផលដែលនាំឲ្យកើតមានភាពគ្រោះទុរភិក្សដ៏ធ្ងន់ធ្ងរនេះគឺដោយសារតែការប្រែប្រួលអាកាសធាតុនិងអំពើហិង្សាដោយសារសង្គ្រាមផ្ទៃក្នុងកើតឡើង។ លោកបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះសហគមន៍អន្ដរជាតិបានផ្ដល់ជំនួយមកឲ្យអង្គការសហប្រជាជាតិទើបតែបាន ៩០លានដុល្លារប៉ុណ្ណោះ។
កាលពីសប្ដាហ៍មុនប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានប្រាប់ទីភ្នាក់សារព័ត៌មាន រ៉យទ័រ ថា ប្រជាជន ២០លាននាក់នៅក្នុងប្រទេសទាំងនេះបានធ្លាក់ខ្លួនក្នុងស្ថានភាពគ្រោះទុរភិក្សរយៈពេល៦ខែមកហើយ។ ប្រភព- Reuters