ភ្នំពេញ៖គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានប្រកាសដាក់ប្រើប្រាស់និមិត្តសញ្ញា (Logo) ថ្មី ដើម្បីកុំឱ្យច្រឡំជាមួយស្ថាប័នរដ្ឋ តាមការបង្គាប់របស់ប្រមុខរាជរដ្ឋាភិបាល។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ កាលពីថ្ងៃទី២២ ខែ កុម្ភៈ។ ការផ្លាស់ប្ដូរនិមិត្តសញ្ញានេះ ធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន បង្គាប់ឱ្យមានការដោះដូរដូចនេះ ដែលសម្ដេចបានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត សាកលវិទ្យាភ្នំពេញអន្តរជាតិកាលពីថ្ងៃពុធទី២២កុម្ភៈ។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា ប្រាសាក់ គឺជាគ្រឹះស្ថានឯកជន មិនមែនជាគ្រឹះស្ថានរបស់រដ្ឋទេ។ ដើម្បីចៀសវាងការភ័ន្តច្រឡំពីអតិថិជននិងសាធារណជន ប្រាសាក់ បានធ្វើការផ្លាស់ប្ដូរនិមិត្តសញ្ញា (Logo) ដែលផ្លាស់ប្តូរអក្សរ «៛» ចេញជំនួយវិញដោយពាក្យថា «ប្រាសាក់» កុំឲ្យច្រឡំជាមួយធនាគារជាតិនៃកម្ពុជា។
កាលពីថ្ងៃទី២២ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឯកជនទាំងអស់ ដែលមាននិមិត្តសញ្ញាស្រដៀងគ្នានឹងស្ថាប័នរដ្ឋ ដូចមានសញ្ញា «៛» ឬ រូបសឹង្ហជាដើម ត្រូវប្តូរចេញជាបន្ទាន់ ដើម្បីកុំមានការភ័ន្តច្រឡំថា ជារបស់រដ្ឋ។
ពាក់ព័ន្ធរឿងនេះក្រសួងពាណិជ្ជកម្ម បានសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងនោះប្តូរឱ្យបានមុខថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ៕