រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា មន្ត្រីអង្គការសហប្រជាជាតិ នឹងនាំយកផែនទីដែលបានតម្កល់នៅបណ្ណាល័យអង្គការសហប្រជាជាតិ មកប្រគល់ជូនដល់រដ្ឋាភិបាលកម្ពុជាតាមការស្នើសុំរបស់លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋាភិបាល ចេញនៅថ្ងៃទី១៤ ខែសីហានេះឲ្យដឹងថា នៅថ្ងៃទី ១៨ ខែសីហា ខាងមុខនេះ មន្រ្តីអង្គការសហប្រជាជាតិ ២រូបនឹងនាំយកផែនទីដើម ដែលបានតម្កល់នៅបណ្ណាល័យដាក់ហាំម៉ាស្ក៍ហ្សូលរបស់អង្គការសហ ប្រជាជាតិ មកដល់ប្រទេសកម្ពុជា ហើយនៅថ្ងៃទី២០ ខែសីហា ខាងមុខ វេលាម៉ោង៩ព្រឹក នឹងធ្វើពិធីប្រគល់ផែនទីនោះជាផ្លូវការដល់តំណាងរដ្ឋាភិបាល កម្ពុជា នៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។
សេចក្តី ប្រកាសព័ត៌មានឲ្យដឹងដែរថា គណៈកម្មការ ចំពោះកិច្ចការសម្រាប់សម្របសសម្រួលការងារទទួល ប្រគល់និងផ្ទៀងផ្ទាត់ នឹងអញ្ជើញតំណាងគណបក្ស ប្រជាជនកម្ពុជា៥រូប គណបក្សសង្រ្គោះជាតិ៥រូប និងគណបក្សហ៊្វុនស៊ិនប៉ិច៥រូប សមាជិករដ្ឋសភា៦រូប ក្នុងនោះ ៣រូបមកពីគណបក្សប្រជាជន និង៣រូបទៀតមកពីគណបក្សសង្គ្រោះជាតិ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា៣រូប សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី៣រូប តំណាងក្រុមប្រឹក្សាធម្មនុញ្ញ២រូប តំណាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម២រូប សមាជិកនៃរាជបណ្ឌិតសភា និងទីប្រឹក្សារដ្ឋាភិបាលដែលជាជនបរទេសមួយចំនួនទៀត។
សូម ជម្រាបថា ខណៈបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម កំពុងកើនកម្ដៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរលិខិតទៅអង្គការសហប្រជាជាតិ ដើម្បីសុំផែនទីដែលព្រះករុណានរោត្តម សីហនុ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិនៅទសវត្សរ៍៦០។ ជាការឆ្លើយតប អង្គការសហប្រជាជាតិបានរកឃើញផែនទីរបស់កម្ពុជាចំនួន១៨ ផ្ទាំង។ ប៉ុន្តែមន្រ្តីជំនាញថាមិនមែនជាផែនទីដែលរដ្ឋាភិបាលកម្ពុជាចង់បាននោះទេ៕