កូរ៉េខាងជើង៖ ប៉ូលីសម៉ាឡេស៊ីនិយាយនៅថ្ងៃពុធនេះថា គេបានរកឃើញមុខសញ្ញាម្នាក់ទៀតដែលជាប់ពាក់ព័ន្ធករណីឃាតកម្មលើលោក គឹម ជុងណាំ បងប្រុសលោក គឹមជុងអ៊ុន ដែលបានស្លាប់កាលពីថ្ងៃទី ១៣កុម្ភៈ ។
តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia មន្ដ្រីទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ី ដែលរងការសង្ស័យនេះ មានឈ្មោះ Hyon Kwang Song មានឋានៈជាលេខាធិការទី ២របស់សាទូត។ក្នុងពេលជាមួយគ្នានេះ បុគ្គលិកទូតម្នាក់ក៏ត្រូវបានដៅមុខសញ្ញាចោទប្រកាន់ផងដែរ។
គិតមកដល់ពេលនេះ ប៉ូលីសម៉ាឡេស៊ីបានចាប់ខ្លួនមនុស្ស ៤នាក់ហើយដែលពាក់ព័ន្ធឃាតកម្មលោក គឹមជុងណាំ ។ ក្នុងចំណោមពួកគេ មានស្ដ្រី ២នាក់ ម្នាក់កាន់លិខិតឆ្លងដែន វៀតណាម និងម្នាក់ទៀតកាន់លិខិតឆ្លងដែនឥណ្ឌូនេស៊ី។
ដោយសាររឿងនេះ ទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី និងកូរ៉េខាងជើង ស្ថិតក្នុងស្ថានភាពតានតឹង ព្រោះតែម៉ាឡេស៊ីមិនព្រមប្រគល់សពលោក គឹម ជុងណាំ ទៅអោយកូរ៉េខាងជើង។
លោកគឹម ជុងណាំមានអាយុ៤៦ឆ្នាំ។ លោកគឺជា បងប្រុស មេដឹកនាំ គឹមជុងអ៊ុន ប៉ុន្តែ ម្ដាយទីទៃគ្នា៕ប្រភព:CNA