នៅចំកណ្តាលទីធ្លាប្រាសាទអង្គរវត្តដែលជាទីប្រមូលផ្តុំនៃទេសចរជាតិនិងអន្តរជាតិ ស្ត្រីមកពី ខេត្តផ្សេងបានចាប់យកមុខរបរលក់ទឹកត្នោត។ មុខរបរនេះធ្វើឲ្យគាត់អាចចិញ្ចឹមគ្រួសារតូចរបស់ពួកគាត់បាន។
កញ្ញា ជាតា ជូនបទយកការណ៍ពីខេត្តសៀមរាប ដូចតទៅ៖
សៀមរាប ៖ នាពេលរសៀលថ្ងៃរាបលិច ក្រុមទេសចរជាតិនិងអន្តរជាតិបានចាប់ផ្តើមរៀបចំខ្លួនចាកចេញពីប្រាង្គប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃដើម្បីវិលត្រឡប់ទៅកាន់ទីស្នាក់អាស្រ័យរបស់ពួកគេវិញ។ រីឯស្ត្រីលក់ទឹកត្នោតផ្អែមក្នុងបរិវេណប្រាសាទបុរាណនេះ ហាក់ដូចជាប្តូរវេណគ្នាចាកចេញម្នាក់ម្តងៗ។ ស្ត្រីទាំងនេះសុទ្ធតែមានស្វាមីជាអ្នកឡើងត្នោត។
រែកបំពង់ទឹកត្នោត នៅលើស្មាខាងស្ដាំ អ្នកស្រី ឃាង អាន ទើបតែបានចេញផុតពីបរិវេណប្រាសាទបុរាណនេះបានប្រមាណជា១០ ទៅ ២០ម៉ែត្រតែប៉ុណ្ណោះ។ ស្ដ្រីវ័យ៣០ឆ្នាំផ្លាយរូបកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយ។
អ្នកស្រី ឃាង អាន៖ «លក់អស់ហើយ ចេញទៅហើយ ទៅផ្ទះវិញ» ។
មានសំបុរស្រអែម ឃាង អាន លក់ទឹកត្នោតនៅទីនេះអស់រយៈពេល១៥ឆ្នាំមកហើយ។ដើរបណ្ដើររែកទឹកត្នោតបណ្ដើរ ស្ត្រីកូនបីរូបនេះពោលទាំងមានស្នាមញញឹមថាជារៀងរាល់ថ្ងៃ នាងក្រោកមកលក់ទឹកត្នោតចាប់តាំងពីម៉ោង ៥ទាបភ្លឺម្ល៉េះ។នាងត្រូវធ្វើដំណើរដោយថ្មើជើងពីផ្ទះនាងចម្ងាយប្រមាណ ១គីឡូ ទៅ ២គីឡូម៉ែត្រ។
ជារៀងរាល់ថ្ងៃអ្នកស្រី ឃាង អាន អាចរកកម្រៃបានពី៥ម៉ឺន ទៅ៦ម៉ឺនរៀល។
អ្នកស្រី ឃាង អាន៖«លក់ដាច់ជាងគេត្រឹមថ្ងៃសុក្រ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ហើយភ្ញៀវទេសចរដែលចូលចិត្ត ញ៉ាំទឹកត្នោតច្រើនជាងគេ ចិន វៀតណាម អឺរ៉ុប គ្រប់សាសន៍ ប៉ុន្ដែភាគច្រើនគឺចិន ខ្មែរយើងមួយៗ»។
ការលក់ទឹកត្នោតរបស់អ្នកស្រី ឃាង អាន ហាក់ដូចជាមុខរបររកមួយថ្ងៃសំរាប់មួយថ្ងៃតែប៉ុណ្ណោះ។ប៉ុន្តែគឺជាមុខរបរដែលមិនអាចខ្វះបានសំរាប់នាង។
អ្នកស្រី ឃាង អាន៖ «ប្ដីខ្ញុំអ្នកឡើងត្នោត ខ្ញុំមានកូន ៣នាក់រៀនទាំងអស់ មិនចង់ផ្លាស់មុខរបរទេ និយាយរួមទៅមិនដឹងធ្វើអី រៀនក៏បានតិចតួចមិនដឹងរកអីក្រៅតែពីទឹកត្នោត »។
នៅខាងឆ្វេងដៃ អ្នកស្រីឃាង អាន គឺស្ដ្រីអ្នកលក់ទឹកត្នោតម្នាក់ទៀត។ អ្នកស្រី ឃុន ហាក់ដូចជាប្រញ៉ាប់ប្រញ៉ាល់។
បច្ចុប្បន្នរស់នៅក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប អ្នកស្រីឃុន មានដើមកំណើតបានមកពីខេត្តកំពុងចាមជាច្រើនឆ្នាំមកហើយ។ មុខរបរលក់ទឹកត្នោតផ្អែមហាក់ដូចជាកំប៉ិកកំប៉ុក ប៉ុន្តែគឺជាមុខរបរចិញ្ចឹមឆ្នាំងចាំបាច់ដែលអ្នកស្រីមិនចង់វិលត្រឡប់ទៅស្រុកកំណើតវិញនោះទេ។
ស្ដ្រីវ័យជាង ៤០ ឆ្នាំរូបនេះពោលទាំងអម្រែកទឹកត្នោតនៅលើស្មា។
អ្នកស្រី ឃុន៖ «ផ្ទះបង (ខ្ញុំ) នៅកំពង់ចាម ខ្ញុំអត់ចង់ទៅរកស៊ីកំពង់ចាមវិញ ព្រោះអីមុខរបរនៅទីនេះស្រួលរកលុយជាង»។
តាមអ្នកស្រី ឃុន មុខរបរលក់ទឹកត្នោតផ្អែមមិនប្រើលុយកាក់ជាដុំកំភួនសំរាប់ធ្វើជាដើមទុននោះទេ ហើយក៏ជាមុខរបរមួយដែលមិនតម្រូវឲ្យមានចំណេះដឹងច្រើននោះដែរ។
អ្នកស្រី ឃុន៖ «ពិបាកដែរនឹងអូនអើយ ហេតុតែយើងមិនចេះអក្សរ ណាមួយយើងនៅស្រុកស្រែមិនដឹងធ្វើអី»។
កាលពីឆ្នាំ២០១៦ មានទេសចរបរទេសចំនួនជាង២លាននាក់បានមកទស្សនាប្រាង្គប្រាសាទនានាក្នុងខេត្តសៀមរាប។
នៅម៉ោងប្រមាន៦កន្លះល្ងាច ភ្ញៀសទេសចរជាតិ និងអន្ដរជាតិ បានធ្វើដំណើរចេញពីបរិវេណប្រាសាទអង្គវត្តបណ្ដើរៗ។ ភ្ញៀវបរទេសចរ ចិន និងវៀតណាម ហាក់ដូចជាមានចំនួនច្រើនជាងគេ ។
អ្នកស្រី ប៉ក់ ដុំ គឺជាស្ដ្រីអ្នកលក់ទឹកត្នោតម្នាក់ទៀត។ នៅពេលនេះនាងរែកបំពង់ទឹកត្នោតនៅស្មាស្តាំឆ្ពោះទៅផ្ទះរបស់គាត់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ អ្នកស្រីប៉ក់ ដុំ បានបោះបង់ការងាររោងចក្រនៅខណ្ឌ័ស្ទឹងមានជ័យក្រុងភ្នំពេញ ដើម្បីមកប្រកបមុខរបរជាអ្នកលក់ទឹកត្នោតនៅក្នុងប្រាសាទអង្គរវត្តវិញ។
អ្នកស្រី ប៉ក់ ដុំ៖ «និយាយរួមទៅឆ្អែតហ្មង ហត់នឿយ តិចទៅស្ទឹងមានជ័យ តិចទៅចំការដូង ចឹងតែដូរកន្លែងនៅរហូតព្រោះអត់មានកន្លែងនៅ ទៅនៅផ្ទះជួលថ្លៃពេក»។
នៅពេលដើរប្រហែលជា ១គីឡូដី ពីបរិវេណប្រាសាទអង្គរ និងចំណាយពេលអស់រយៈពេល ជិត១០នាទី អ្នកស្រី ប៉ក់ ដុំ បានទៅដល់ផ្ទះរបស់គាត់។
ផ្ទះរបស់អ្នកស្រីប៉ក់ ដុំ មានដំបូលប្រក់ដោយធាងត្នោត។ នៅពីមុខផ្ទះរបស់អ្នកស្រីមានគ្រែចំនួន ២ និងមានពាងទឹកនៅពីចំហៀងផ្ទះផងដែរ។
ទន្ទឹមនឹងនេះដែរ លោក ចិន ផល្លា ដែលត្រូវជាស្វាមីរបស់អ្នកស្រីប៉ក់ ដុំ លើកឡើងដែរ របរលក់ទឹកត្នោត វាមិនងាយស្រួលនោះទេ។
លោក ចិន ផល្លា៖ «និយាយរួមទៅ ការឡើងត្នោតអាស្រ័យទៅលើធម្មជាតិ ជីវិតយើងមិនទៀងទេ ពេលខ្លះឡើងទៅរន្ទះមកក៏មានដែរ…»។
បើទោះបីជាត្អូញត្អែបែបនេះក្តី លោកចិន ផល្លា នៅតែមិនទាន់មានបំណងណាមួយបោះបង់ចោលនូវរបរលក់ទឹកត្នោតនេះទេ។
«ឱ្យផ្លាស់មុខរបរណាមួយ បើអត់មានជំនាញអីផង យើងផ្លាស់ទៅណាកើត យើងអត់មានជំនាញដូចគេ យើងចេះតែឡើងត្នោត»៕