មន្ដ្រីបេសកជនសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី Yanghee Lee ចុះធ្វើទស្សនកិច្ចស្រាវជ្រាវ និងស្វែងរកការពិត អំពីវិបត្តិជនភៀសខ្លួនរ៉ូហ៊ឹងយ៉ា នៅជំរុំ ជនភៀសខ្លួននៃភាគនិរតី ប្រទេសបង់ក្លាដេស ។
តាមទីភ្នាក់ងារសារព័ត៌មាន AFP ជំរុំជនភៀសខ្លួននៅទីនោះ បានផ្ដល់សិទ្ធិជ្រកកោន ឱ្យសហគមន៍រ៉ូហ៊ឹងយ៉ា ៧ម៉ឺន ៣ពាន់នាក់ ដែលបានរត់មកដល់ជំរុំភៀសខ្លួនប្រទេសបង់ក្លាដេស ចាប់តាំងពីវាយប្រហារ កាលពី ៥ខែមកនេះ។ អង្គការសហប្រជាជាតិបានហៅ ការវាយប្រហាររបស់យោធាភូមា ថា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
ជនអន្ដោប្រវេសន៍ម៉ូស្លីម រ៉ូហ៊ឹងយ៉ាដែលរត់មករស់នៅរដ្ឋរ៉ាក់ឃីនភាគខាងលិចប្រទេសភូមា ធ្លាប់រងអំពើហិង្សាជាតិសាសន៍ជាច្រើនដងមកហើយ ។
កាលពីឆ្នាំ ២០១២ អំពើហិង្សានេះ បានបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច ២០០នាក់ ។
ចំណែកអំពើហិង្សារយៈពេលចុងក្រោយនេះ ត្រូវបានអង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិរកឃើញថា មនុស្សស្លាប់ដែលភាគច្រើនជាសហគមន៍រ៉ូហ៊ឹយ៉ានោះ កើនឡើងជាង ១ពាន់នាក់ ។
ទស្សនកិច្ចរបស់លោកស្រី Yanghee Lee បានធ្វើឡើងបន្ទាប់ពីលោកស្រី បានទៅសម្របសម្រួលជាមួយរដ្ឋាភិបាលភូមា អោយជួយបញ្ចប់វិបត្តិជនភៀសខ្លួនរ៉ូហ៊ឹងយ៉ា ដោយបញ្ឈប់ការបង្ក្រាបលើជាតិសាសន៍មួយនេះ ។
កាលពីថ្ងៃម្សិលមិញ ក្រសួងការបរទេសបង់ក្លាដេសបានអំពាវនាវឱ្យសហគមន៍អន្ដរជាតិជួយបញ្ចប់វិបត្តិជនភៀសខ្លួនរ៉ូហ៊ឹងយ៉ា ជាបន្ទាន់ បើពុំនោះទេ ករណីនេះនឹងបន្ដរីករាលដាលថែមទៀត៕ The Nation