ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ បានស្នើបង្កើនអត្រាស្ត្រីឱ្យបានចូលរួមកាន់តែច្រើនថែមទៀតនៅក្នុងក្រសួងមន្ទីរ និងស្ថាប័នរដ្ឋ។
សម្តេច ហ៊ុន សែន ថ្លែងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៧ ដើម្បីពិនិត្យវឌ្ឍនៈភាព និងបញ្ហាប្រឈមនានា នៅវិមានសន្តិភាព។
សម្តេចបានថ្លែងសរសើរចំពោះ ក្រសួងកិច្ចការនារី សមាគមអង្គការដៃគូជាតិ និងអន្តរជាតិនានាដែលបានចូលរួមយ៉ាងសកម្មក្នុងការងារបញ្ជ្រាបយេនឌ័រ (Gender) ព្រមទាំងផ្តល់នូវវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈផ្សេងៗដើម្បីពង្រឹង និងបង្កើនសមត្ថភាពដល់ស្ត្រី។
ជាមួយគ្នានេះដែរ សម្តេចបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចក្រសួង និងស្ថាប័នរពាក់ព័ន្ឋទាំងអស់បង្កើនការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្ត្រីគ្រប់រូបភាព និងសូមចូលរួមគាំទ្រលើកកំពស់សិទ្ឋិសេរីភាព និងការចូលរួមរបស់ស្ត្រីអោយបានកាន់ តែច្រើនឡើង។
ក្នុងនោះដែរ សម្តេច បានអំពាវនាវដល់ស្ត្រីខ្មែរចូលរួមជាចលនាក្នុងការបង្ក្រាបគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវប្រុងប្រយ័ត្នចំពោះសំណើសុំពរពោះពីបរទេស ដែលអាចបម្រើផលប្រយោជន៍ប្តូរសរីរាង្គ ដែលជាបញ្ហាគ្រោះថ្នាក់ធំបំផុត៕