ភ្នំពេញ ៖ របាយការអង្កេតរបស់អង្គការខមហ្វ្រែល ដែលចេញនៅថ្ងៃនេះ បានបង្ហាញថា ប្រសិទ្ធិភាព របស់រដ្ឋសភាត្រូវទម្លាក់។ ជាមួយគ្នាការបញ្ចេញមតិរបស់តំណាងរាស្ត្រក៏មានការថយចុះផងដែរ។ តំណាងរាស្ដ្រគណបក្សកាន់អំណាចមិនបដិសេធធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។
ប្រសិទ្ធិភាពរបស់រដ្ឋសភាបានធ្លាក់ចុះមួយកម្រិតដោយសារការកើនឡើងនៃ«ការបំពានអំណាច»ពីក្រុមសភាតំណាងរាស្ត្រគណបក្សដឹកនាំប្រ ទេស។ នេះគឺជារបាយការណ៍របាយការណ៍អង្កេតរដ្ឋសភា និងតំណាងរាស្ត្រ ឆ្នាំទី៣ នៃរដ្ឋសភានីតិកាលទី ៥ នៅឆ្នាំ ២០១៦ របស់អង្គការឃ្លាំ មើលការបោះឆ្នោតខុមហ្វ្រែល ដែលចេញផ្សាយនៅថ្ងៃអង្គារទី២១ កុម្ភៈ។
ការថយចុះប្រសិទ្ធិភាពដែលស្តែងចេញតាមរយៈការធ្លាក់ចុះនៃការអនុម័តសេចក្តីព្រាងច្បាប់នានា។ហើយការអនុម័តសេចក្តសំរេចនិងសេចក្តី ព្រាងច្បាប់ធ្វើឡើងដោយសំលេងឯកបក្ស។ ជាមួយគ្នានេះ ក៏មានរបៀបវារៈចំនួន ១១ ត្រូវបានអនុម័តដោយមិនមានការពិភាក្សាដេញដោល លើខ្លឹមសារច្បាប់ដោយអ្នកតំណាងរាស្ត្រនោះទេ។
ដោយឡែកសកម្មភាពការងាររបស់គណៈកម្មការជំនាញនៃរដ្ឋសភាវិញ គឺមានការថយចុះ ប៉ុន្តែសកម្ម ភាពនៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រមានការកើនឡើង បើធៀបនឹងឆ្នាំ ឆ្នាំ២០១៥។
ចំណែកបរិមាណនៃចំនួនតំណាងរាស្ត្រឡើងបញ្ចេញមតិក្នុងការពិភាក្សា និងអនុម័តច្បាប់ និងបរិមាណនៃការបញ្ចេញមតិនៅក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា ក៏មានការថយចុះផងដែរ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៥។ ក្នុងឆ្នាំ ២០១៦ តំណាងរាស្ត្រដែលឡើងបញ្ចេញមតិមានតែ ១៨រូប ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០១៥ មានចំនួន ៤៣រូប។ ការថយចុះនេះ ដោយសារមានការខ្វែងគំនិតគ្នា រវាងគណបក្សទាំងពីរ លើចំណាត់ការរបស់រដ្ឋសភាចំពោះតំណាងគណបក្សប្រឆាំង ដែលនាំឱ្យមានការធ្វើពហិការមិនចូលប្រជុំរបស់បក្សប្រឆាំង។
របាយការណ៍អង្កេតនេះ បន្តថា តំណាងរាស្ត្រគណបក្សកាន់អំណាច បានបើកផ្លូវឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំង។ ជាមួយគ្នានេះ គណបក្សកាន់ អំណាច ជាឯកបក្សបានអនុម័តច្បាប់ និងធ្វើវិសោធនកម្មបទបញ្ជាផ្ទៃ ក្នុង នៃរដ្ឋសភាលុបចោលក្រុមមតិភាគតិចទទួលស្គាល់ដោយច្បាប់។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាតំណាងគណបក្សប្រជាជនកម្ពុជា មិនអត្ថាធិប្បាយជុំវិញរបាយការណ៍នេះទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហាសង្គម មានប្រសាសន៍ នៅក្នុងកិច្ចពិភាក្សនៅ ព្រឹកនេះថា រដ្ឋសភាកម្ពុជាបច្ចុប្បន្ននៅខ្វះខាតវប្បធម៌ប្រជាធិបតេយ្យ និងនៅតែប្រកាន់បក្សពួកខ្លាំងពេក។ ទន្ទឹមនឹងនេះដែរ ប្រធានរដ្ឋសភាមិនទាន់អព្យាក្រិត្យ។ លោកបន្តថា ជាទូទៅប្រធានរដ្ឋសភានៅបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួន គឺជាបុគ្គលឯករាជ្យ មានតួនាទីដឹកនាំស្ថាប័នជាតិមួយ ដាច់ដោយឡែកពីរដ្ឋាភិបាល ហើយការពារផលប្រយោជន៍រដ្ឋសភា និងការពារសមាជិករដ្ឋសភា បើទោះមកពីគណបក្សណាក៏ដោយ។ «គ្មានការជជែកវែកញែកគ្នាមិនមែន មិនមែនជាសភាទេ មនុស្សម្នាក់សម្រេចតាម។ បទបញ្ជាផ្ទៃក្នុងទៀតដែលខ្ញុំឃើញថា យើងហ្នឹងធ្វើដូចចង្អៀតណាស់ អត់មានយន្តការដើម្បីជជែក ឬពិភាក្សាគ្នាឱ្យបានច្រើនទេ ខុសពីសភាជំនាន់សង្គមរាស្ត្រនិយម អាហ្នឹងបក្សតែមួយដែរ ក៏ប៉ុន្តែសភាហ្នឹងគេទម្លាក់រដ្ឋាភិបាល»។
លោកបណ្ឌិតឡៅ ម៉ុងហៃ លើកឡើងទៀតថា បុគ្គលិកដែលបម្រើការនៅក្នុងរដ្ឋសភា ចាប់ពីតំណែងអគ្គលេខាធិការ ត្រូវតែអព្យាក្រិត មិនត្រូវប្រកាន់បក្សពួកទេ ប៉ុន្តែជាក់ស្តែង បុគ្គលិកទាំងនោះដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់បក្សពួក ដែលទង្វើនេះធ្វើឱ្យរដ្ឋសភាដំណើរការមិនល្អ៕