en     km
en     km

ក្រសួង​ធម្មការ​នឹង​ចេញ​ប័ណ្ណ​សម្គាល់​សង្ឃ​ពិត​ ដើម្បី​ទប់ស្កាត់​សង្ឃ​ក្លែងក្លាយ​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធម្មការ​ និង​សាសនា​ គ្រោង​ចេញ​ប័ណ្ណ​សម្គាល់​ដល់​ព្រះសង្ឃ​ ដើម្បី​ឱ្យ​ពលរដ្ឋ​ងាយស្រួល​សម្គាល់ថា​ជា​សង្ឃ​ពិត​ ពេល​លោក​និមន្ត​បិណ្ឌ​បាត្រ​។​ ការ​គ្រោង​ចេញ​ប័ណ្ណ​សម្គាល់​សង្ឃ​នេះ​ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​បាន​ជន​ក្លែងបន្លំ​ធ្វើ​ជា​ព្រះសង្ឃ​ ដែល​ដើរ​បិណ្ឌ​បាត្រ​បោក ប្រាស់​ប្រជាពលរដ្ឋ​ចំនួន​ ១៥​ ករណី​កាលពី​ឆ្នាំ​មុន​។​

 

 

សន្និបាតបូកសរុបលទ្ធផលការងារព្រះពុទ្ធសាសនា រាជធានីភ្នំពេញ ប្រចាំ ឆ្នាំ ២០១៦ និងទិសដៅ ឆ្នាំ២០១៧។ រូបភាពWMC(កែវ សុខា)
សន្និបាតបូកសរុបលទ្ធផលការងារព្រះពុទ្ធសាសនា រាជធានីភ្នំពេញ ប្រចាំ ឆ្នាំ ២០១៦ និងទិសដៅ ឆ្នាំ២០១៧។ រូបភាពWMC(កែវ សុខា)
យ៉ាង​ហោច​ណាស់​មាន​ចំនួន​ ១៥​ ករណី​កាលពី​ឆ្នាំ​២០១៦​ ដែល​ក្រសួង​ធម្មការ​ និង​សាសនា​ រក​ឃើញ​ថា​មាន​ជនខិលខូច​បាន​បន្លំ​ក្លែង​ធ្វើ​ជា​ព្រះ សង្ឃ​ ដើរ​បិណ្ឌ​បាត្រ​នៅ​គ្រប់​ច្រកល្ហក​រ៉ៃ​អង្កា​ស​ប្រាក់​បោកប្រាស់​ប្រជាពលរដ្ឋ​។​ នេះ​បើ​ការ​ឱ្យ​ដឹង​ពី​លោក​ ផ​ន​ ដា​វី​ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាស នា​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​ កម្មវិធី​សង្ឃ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ព្រះពុទ្ធ​សាសនា​ រាជធានី​ភ្នំពេញ​ ប្រចាំឆ្នាំ​ ២០១៦​ និង​ទិស​ដៅ​ឆ្នាំ​២០១៧​ នៅ​ថ្ងៃ​ទី​ ២១​ កុម្ភៈ​ នេះ​។​

លោក​ ផ​ន​ ដា​វី​ មាន​ប្រសាសន៍​ថា​ ក្នុង​ពេល​ឆាប់​នេះ​ ក្រសួង​នឹង​ចេញ​ប័​ណ្ឌ​សម្គាល់​ព្រះសង្ឃ​សម្រាប់​ឱ្យ​ព្រះសង្ឃ​ក្នុង​រាជធានី​ភ្នំពេញ​ ពាក់​តាម​ព្រះ​កាយ​ពេល​និមន្ត​ចេញ​បិណ្ឌ​បាត្រ​ ដើម្បី​ឱ្យ​ពលរដ្ឋ​ងាយស្រួល​ចំណាំ​ថា​ ជា​ព្រះសង្ឃ​ពិត​ ឬ​ក្លែងក្លាយ​។​ លោក​ថា​ ការ​ចេញ​វិធានការ​បែប​នេះ​ គឺ​ដើម្បី​ទប់ស្កាត់​បាតុភាព​ព្រះសង្ឃ​ក្លែងក្លាយ​ ដែល​កន្លង​មក​បាន​ដើរ​បិណ្ឌ​បាត្រ​បោកប្រាស់​ប្រជាពលរដ្ឋ​ បង្ក​ឱ្យ​ពលរដ្ឋ​អ​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​។​

​លោក​ ផ​ន​ ដា​វី​ បញ្ជាក់​ថា​ នៅ​ក្នុង​ប័ណ្ណ​សម្គាល់​នេះ​ ក៏​មាន​ដាក់​លេខ​ទូរស័ព្ទ​ព្រះ​ចៅអធិការ​ផង​ដែរ​ ករណី​មានការ​សង្ស័យ​ ពលរដ្ឋ​អាច​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​បញ្ជាក់​ពី​ព្រះ​ចៅអធិការ​បាន​។​ «​ការ​ក្លែងបន្លំ​របស់​ជនខិលខូច​មួយ​ចំនួន​ដែល​មក​ធ្វើ​ជា​បុព្វ​ជិត​ អ​ញ្ចឹ​ង​គឺ​យើង​នឹង​មាន​ប័ណ្ណ​សម្គាល់​ដែល​ចេញ​ដោយ​ព្រះ​ចៅអធិការ​គ្រប់​វត្ត​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ ទាំង​១៤៩​វត្ត​ ប្រ​សិន​មាន​អង្គ​ណា​និមន្ត​បិណ្ឌ​បាត្រ​ គឺ​យើង​មាន​ប័ណ្ណ​សម្គាល់​ប្រគេន​លោក​ ដោយ​លោក​អាច​កិប​ហ្នឹង​ស្បង​យាម​ក៏​បាន​ ឬ​អាច​ពាក់​ករប​ស់លោក​បាន​ ដើម្បី​ធ្វើ​យ៉ាងណា​ ឱ្យ​ពុទ្ធបរិស័ទ​សម្គាល់ថា​ នេះ​ពិតជា​ព្រះសង្ឃ​ពិតប្រាកដ​។​»

លោក ផន ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ។ រូបភាពWMC(កែវ សុខា)
លោក ផន ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ។ រូបភាពWMC(កែវ សុខា)
​ទាក់ទង​បញ្ហា​អាចារ្យ​ដើរ​រ៉ៃ​អង្គាស​ថវិកា​វិញ​ លោក​ ផ​ន​ ដា​វី​ បញ្ជាក់​ថា​ គឺជា​ទ​ង្វើ​ខុសច្បាប់​ ព្រោះ​ក្រសួង​ធម្មការ​ និង​សាសនា​មិន​អនុញ្ញាត​នោះ​ទេ​។​ លោក​ថា​ កន្លង​មក​ក្រសួង​ធ្វើការ​អប់រំ​អាចារ្យ​មួយ​ចំនួន​ ដែល​លួច​ធ្វើ​សកម្មភាព​ដើរ​រ៉ៃ​ប្រាក់​តាម​ផ្ទះ​ប្រជាពលរដ្ឋ​។​ «​ខុសច្បាប់​ព្រះពុទ្ធ​សាសនា​ផង​ ខុសច្បាប់​រដ្ឋ​ផង​ ជា​ពិសេស​ច្បាប់​របស់​ក្រសួង​ធម្មការ​ និង​សាសនា​ ដែល​បាន​ហាមឃាត់​ មិន​ឱ្យ​មានការ​រ៉ៃ​អង្គាស​ ទាំង​ពិធីបុណ្យ​ សូ​ម្បី​តែ​បុណ្យ​ចូល​ព្រះ​វស្សា​ គឺ​មិន​ឱ្យ​មាន​ទេ​ តែ​កន្លង​មក​ពួក​គាត់​លួច​ធ្វើ​សកម្មភាព​ ពេល​ដែល​យើង​បានដឹង​ យើង​បាន​អញ្ជើញ​គាត់​មក​អប់រំ​ណែនាំ​ ឬ​ក៏​ដកហូត​យក​សម្ភារៈ​ប្រើប្រាស់​ក្នុង​ការ​រ៉ៃ​អង្គាស​ហ្នឹង​ គឺ​យើង​ដកហូត​។​»​

​របាយការណ៍​ សង្ឃ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ព្រះពុទ្ធ​សាសនា​ រាជធានី​ភ្នំពេញ​ ប្រចាំឆ្នាំ​ ២០១៦​ និង​ទិស​ដៅ​ឆ្នាំ​២០១៧​ បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ​ ២០១៦​ មាន​បាតុភាព​ដើរ​រ៉ៃ​អង្គាស​ ធ្វើ​ជា​ប្រ​ យោជន៍​បុគ្គល​ មាន​ ៥៥​ ករណី​ កើនឡើង​ ២​ដង​លើស​ឆ្នាំ​មុន​។​ ចំណែក​ការ​ក្លែងបន្លំ​ធ្វើ​ជា​ព្រះសង្ឃ​ ដើរ​បិណ្ឌ​បាត្រ​ កើត​មាន​ ១៥​ ករណី​។​ រីឯ​ករណី​រ៉ៃ​អង្គាស​ជា​ក្រុម​មាន​លក្ខណៈ​មិន​ច្បាស់លាស់​ ប្រើ​ឧ​ឃ្ឃោស​ន​ស័ព្ទ​ និង​រូបភាព​ផ្សេងៗ​កើតឡើង​ច្រើន​ជាង​ឆ្នាំ​មុន​។​

​របាយការណ៍​ដដែល​បង្ហាញ​ថា​ វត្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​សរុប​ ១៤៩​ វត្ត​។​ វត្ត​គណៈមហានិកាយ​មាន​ចំនួន​ ១៤២​ និង​ វត្តគណៈធម្មយុត្តិក និកាយ​មាន​ចំនួន​ ០៧​ ។​ ព្រះសង្ឃ​សរុប​ទាំង​ពីរ​គណ​មាន​ចំនួន​ ៧៨៨៥​ អង្គ​ ភិក្ខុ​ ៤០១៤​ អង្គ​ សាមណេរ​ ៣៨៧១​អង្គ​៕ 

Share

ព័ត៌មានទាក់ទង

Image