រដ្ឋមន្ដ្រីការបរទេសនៃប្រទេសបង់ក្លាដេស បានអំពាវនាវដល់សហគមន៍អន្ដរជាតិ ឱ្យជួយបញ្ចប់ជនភៀសខ្លួនសហគមន៍រ៉ូហ៊ឹងយ៉ា ដែលរស់នៅរដ្ឋរ៉ាក់ឃីន ភាគខាងលិចនៃប្រទេសភូមា។
ចាប់តាំងពីមានការវាយប្រហារដោយកងទ័ពភូមាទៅលើសហគមន៍រ៉ូហ៊ឹងយ៉ា រយៈពេល ៤ខែមកនេះ បណ្ដាលឱ្យជនភៀសខ្លួនរ៉ូហ៊ឹងយ៉ាទៅនៅប្រទេសបង់ក្លាដេស ប្រមាណជា ២០ម៉ឺននាក់ ។
លោកម៉ាហាមូដ អាលី បាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស ដោយផ្សព្វផ្សាយនៅថ្ងៃនេះថា គេត្រូវការសហគមន៍អន្ដរជាតិចូលពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងរដ្ឋាភិបាលភូមា ដើម្បីបញ្ចប់វិបត្តិនេះ ។ ប៉ុន្ដែ សម្រាប់រដ្ឋាភិបាលទីក្រុងដាកា ចង់ចរចា ទ្វេភាគីជាមួយរដ្ឋាភិបាលជាមុនសិន។
តាមរបាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ យ៉ាងតិចមនុស្សស្លាប់កើនជាង ១ពាន់នាក់ ដែលភាគច្រើនជាសហគមន៍រ៉ូហ៊ឹងយ៉ា។សហគមន៍រ៉ូហ៊ឹងយ៉ា រស់នៅប្រទេសភូមាមានប្រមាណជា ១លាន១សែននាក់។ពួកគេជាជនអន្ដោប្រវេសន៍ មានដើមកំណើតពីប្រទេសបង់ក្លាដេស និងប្រទេសឥណ្ឌា។ ពួកគេមករស់នៅប្រទេសភូមាតាមរយៈអាណានិគមប្រទេសអង់គ្លេស ។ តែសហគមន៍នេះ មិនត្រូវបានចាត់ទុកជាពលរដ្ឋភូមាឡើយ។ករណីនេះ គឺដោយសារតែរដ្ឋធម្មនុញ្ញភូមាចាត់ទុក ពួកគេជាជនអន្ដោប្រវេសន៍ខុសច្បាប់៕
ប្រភព:CNA