ប្រធានាធិបតីថ្មីនៃប្រទេសGambia ដែលបានស្បថចូលកាន់តំណែង បានថ្លែងទៅកាន់ហ្វូងមហាជនរាប់ម៉ីននាក់ បាននិយាយប្រាប់ពលរដ្ឋរបស់ខ្លួនថា ចាប់ពីថ្ងៃនេះតទៅពលរដ្ឋគឺជាម្ចាស់ប្រទេសវិញហើយ ។
លោក Adama Barrow បានស្បថចូលកាន់តំណែងជាផ្លូវការរបស់លោកដែលធ្វើឡើងនៅឯ ពហុកីឡាដ្ឋានជាតិ ក្នុងទីក្រុង Banjul កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ។ ក្នុងពិធីជាប្រវត្ដិសាស្ដ្រនេះ ពលរដ្ឋ Gambia ជាច្រើនពាន់នាក់បានសប្បាយរីករាយដោយម្នាក់ៗ សង្ឃឹមថា មេដឹកនាំថ្មីរបស់ខ្លួនដែលសន្យាមិនកាន់អំណាចផ្ដាច់ការនេះ នឹងធ្វើអោយប្រទេសGambia មានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយសមធម៌។
ជាមួយនិងពលរដ្ឋសប្បាយរីករាយដោយអធិកអធមនេះ លោក Barrow ដែលមើលទៅមានមោទនភាពយ៉ាងខ្លាំងឋានៈជាប្រធានាធិបតីទី៣ នៃប្រទេសក្រីក្រមួយនេះបានថ្លែងថា ឱកាសនេះគឺជាជ័យជំនៈសំរាប់ប្រជាធិបតេយ្យដែលពលរដ្ឋ Gambia បានរង់ចាំ ២២ឆ្នាំមកហើយ។
លោកបានថ្លែងទៀតថា នៅសប្ដាហ៍នេះ អ្នកទោសនយោបាយទាំងអស់នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ ។ប៉ុន្ដែ លោកទទូចឱ្យ ពលរដ្ឋ Gambia អត់ឱនគ្នា សាមគ្គីគ្នាក្នុងក្របខណ្ឌនៃការឯកភាពជាតិតែមួយ។
ប្រយោគដែលលោក Adama Barrow បានប្រើពាក្យចុងក្រោយលាពលរដ្ឋ ក្នុងពេលទៅកាន់វិមានប្រធានាធិបតីវិញនោះ គឺ ពាក្យថា ៖ « Gambia មានតែមួយ ជាតិមានតែមួយ ពលរដ្ឋមានតែមួយ គឺ ពលរដ្ឋ Gambia »។
ជាការពិត Adama Barrow បានស្បថចូលកាន់តំណែងម្ដងរួចហើយកាលពីថ្ងៃទី ១៩មករា នៅស្ថានទូត Gambia ប្រចាំនៅប្រទេសហ្សេនីហ្កាល់ ទីដែលលោកជ្រកកោននៅទីនោះ ខណៈអតីតប្រធានាធិបតី Yaya Jammeh ចូលកាន់កាប់វិមានប្រធានាធិបតី។
ប្រទេស Gambia ដែលទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស នៅឆ្នាំ ១៩៦៥ មានប្រធានាធិបតីស្របច្បាប់តែ ៣លើកតែប៉ុណ្ណោះ រាប់ទាំងលោក Adama Barrow ផងដែរ ។
ចំណែកឯ លោក Jammeh ដែលកាន់អំណាច ២២ឆ្នាំ គឺលោក បានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ ឆ្នាំ១៩៩៤ ។លោក Jammeh បានអនុញ្ញាតឱ្យមានការបោះឆ្នោតដែរ ប៉ុន្ដែស្ថាប័នរៀបចំការបោះឆ្នោតប្រទេសនេះ ជាឧបករណ៍របស់លោក ។បន្ទាប់ពីមានការកែទ្រង់ ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី១ ធ្នូឆ្នាំ២០១៦ ជ័យជម្នះបានទៅលើ មេដឹកនាំបក្សប្រឆាំងគឺលោកAdama Barrow ។
លោក Barrow បានចូលកាន់តំណែងនេះ ដោយសារតែ មានអន្តរាគមន៍ ពីសមាជិកកងទ័ពនៃ សហភាពអាហ្វ្រិកខាងលិច ដែលបានចូលបណ្ដេញលោកJammeh ពីវិមានប្រធានាធោបតីកាលពីថ្ងៃទី២១ មករា។ កងទ័ពចម្រុះជាតិសាសន៍នេះ ដឹកនាំដោយ ប្រទេសហ្សេនេហ្គាល់ ដែលមានការគាំទ្រដោយ អង្គការសហប្រជាតិ៕ ប្រភព:BBC