en     km
en     km

ស្ដ្រី​និង​ក្មេង​ស្រី​អាច​ស្ថិត​នៅ​ក្រៅសង្គម​ក្នុង​រយៈពេល​១៣​ឆ្នាំ​ទៀត​

Share

បើ​ពុំ​មាន​ការ​វិនិយោគ​លើ​បញ្ហាយេនឌ័រនោះទេ ក្នុង​រយៈពេល​១៣​ឆ្នាំ​ទៀត ស្រ្ដី និង​ក្មេងស្រី នៅប្រទេសកម្ពុជាអាចនឹងត្រូវផាត់ចេញឆ្ងាយពីសង្គម។ នេះជា​ការកត់​សំគាល់​របស់​មន្ត្រី​អង្គការភ្លែនអន្តរជាតិ​កម្ពុជា។ ការកត់សំគាល់​នេះ​ធ្វើឡើងក្នុងកម្មវិធី​ប្រកាសដំណើរ​ការថ្នាក់ខេត្ត​នៃផែនការយុទ្ធសាស្រ្ដ​ប្រចាំ​ប្រទេស ២០១៦- ២០២១ ក្នុង​ខេត្តសៀមរាប។ កញ្ញា ជាតា ជូន​សេចក្តីរាយការណ៍ពី​ខេត្តសៀមរាប ដូចតទៅ៖

 

plan-01

 

មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​លើក​ឡើង​ថា​ ក្មេ​ង​ស្រី​និង​ស្ត្រី​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​«​នៅ​តែ​មិន​ទទួល​បានការ​យក​ចិត្ត​»​ ហើយ​ពួក​គេ​នឹង​ត្រូវ​ផាត់​ចេញពី​សង្គម​នៅ​ត្រឹម​ឆ្នាំ​២០៣០​គឺ​ក្នុង​រយៈពេល​១៣​ឆ្នាំ​ទៀត​ ប្រសិនបើ​គ្មាន​ការ​វិនិយោគ​លើ​ផ្នែក​យេ​ន​ឌ័​រ​ទេ​នោះ​។​

​លោក​ យី​ គី​ម​ថា​ន​ ប្រធាន​កម្មវិធី​ជាតិ​របស់​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា​ បាន​អះអាង​យ៉ាង​ដូច្នេះ​ក្នុង​កម្មវិធី​ប្រកាស​ដំណើរការ​ថ្នាក់​ខេត្ត​នៃ​ផែនការ​យុទ្ធសាស្ដ្រ​ប្រចាំ​ប្រទេស​២០១៦-​ ២០២១​ ក្នុង​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​១៧​ខែកុម្ភៈ​។​ ផែនការ​យុទ្ធសាស្ដ្រ​នេះ​ស្ថិត​ក្នុង​គម្រោង​កិច្ច​ជួយ​គាំពារ​ស្ដ្រី​ និង​ក្មេង​ស្រី​ ឱ្យ​រួច​ផុត​ពី​ការ​រំលោភ​បំពាន​ និង​ចាក​ចេញពី​ភាព​ក្រីក្រ​។​

លោក​ យី​ គី​ម​ថា​ន​៖​«​មាន​ក្មេង​ស្រី​ និង​ស្ដ្រី​រាប់​លាន​នាក់​ រួម​ទាំង​ក្មេង​ស្រី​ និង​ស្ដ្រី​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​នៅ​តែ​មិន​ទទួល​បានការ​យកចិត្តទុកដាក់​និង​ត្រូវ​បាន​ផាត់​ចេញពី​សង្គម​នៅ​ឆ្នាំ​ ២០៣០​នោះ​  ប្រសិនបើ​យើង​គ្មាន​ការ​វិនិយោគ​ដែល​ផ្ដោត​ការ​រ​យកចិត្តទុកដាក់​លើ​បញ្ហា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​»​។​

​លោក​ យី​ គី​ម​ថា​ន​ កត់សំគាល់​ឃើញ​ថា​ មាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សំរាប់​ស្ត្រី​ ប៉ុន្តែ​មិន​មាន​សកម្មភាព​ជាក់លាក់​ណាមួយ​ដែល​ត្រូវ​អនុវត្តន៍​ដែល​អាច​ជួយ​ដល់​ស្ដ្រី​និង​ក្មេង​ស្រី​ឱ្យ​ពួក​គាត់​ចាក​ចេញពី​ភាព​ក្រីក្រ​ និង​ការ​រំលោភ​បំពាន​ផ្សេងៗ​នោះ​ទេ​ ។​

លោក​ យី​ គី​ម​ថា​ន​  បានឱ្យ​ដឹង​ទៀត​ថា​  ស្ដ្រី​ និង​ក្មេង​ស្រី​ អាច​ជួប​ប្រទះ​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​សង្គម​ច្រើន​ជាង​បុរស​ ។

លោក​ យី​ គី​ម​ថា​ន​ ៖​ «​យើង​ឃើញ​ថា​បញ្ហា​ច្រើន​ដែល​ពាក់ព័ន្ធ​លើ​ក្មេង​ស្រី​ ហើយ​និង​ស្ដ្រី​។​ យើង​មើល​តំបន់​ប្រតិបត្តិ​កម្មវិធី​យើង​មួយ​ចំនួន​ ទាក់ទង​ទៅ​នឹង​អត្រា​បោះបង់​ការ​សិក្សា​ យើង​ឃើញ​ថា​ ក្មេង​ស្រី​ ច្រើន​ជាង​ក្មេង​ប្រុស​  ការ​រៀប​ការ​វ័យក្មេង​ ..​។ ​មួយវិញទៀត​បើ​ស្ដ្រី​មិន​បាន​ទទួល​នូវ​ការ​អប់រំ​ឱ្យ​បាន​ខ្ពស់​ទេ​ ក៏​គាត់​(​ស្ដ្រី​)​ មិន​មាន​សិទ្ធិ​អំណាច​ទាក់​ទង់​នឹង​សេដ្ឋកិច្ច​ក៏​ដូច​ជា​ការ​សម្រេចចិត្ត​នៅ​ក្នុង​គ្រួសារ​របស់​គាត់​ដែរ​ ចឹ​ង​ជា​ហេតុ​ធ្វើ​អោយ​មានការ​រំលោភ​បំពាន​ទៅ​លើ​មនុស្ស​ស្រី​ច្រើន​ជាង​មនុស្ស​ប្រុស​»​។​

លោក សង់ រីហា  អភិបាលរងខេត្តសៀមរាប បាន​ថ្លែង​ក្រោយ​ពី​ពិធីប្រកាស​ផែនការ​យុទ្ធសាស្ដ្រ​ខាង​លើ​ដោយ​ទទួ​ល​ស្គាល់​ថា​កុមារ​និង​ស្ត្រី​នៅ​ក្នុង​ខេត្ត​របស់​លោកមាន​សភាព​យ៉ាប់​យ៉ឺន ​​ជាពិសេស​នៅ​តាម​តំបន់​ដា់ច់​ស្រយាល។​

លោកសង់ រីហា ៖ «​ នៅពេលដែល​អង្គការ​ ភ្លែន​ចុះជួយចឹងទៅ ដូចជាកុមារី​បោះ​បង់​ចោល​ការសិក្សា អង្គការ​បាន​ជួយ​ពន្យល់​ណែនាំ​និង​ផ្តល់​ការឧបត្ថម្ភ គាត់(ស្ត្រី) ដឹង​ខ្លួន​ក៏ត្រឡប់​ចូល​សាលារៀនផង តស៊ូផង ព្យាយាម​ផង ធ្វើ​ឲ្យគាត់​សំរេច​បាន​គោល​ដៅ»។

បន្ថែម​ពីនោះ​ លោកអភិបាលរងខេត្ត​បញ្ជាក់​ថា សាលាខេត្ត​មានផែនការយុទ្ធសាស្ត្រ​និង​ថវិកា​ដើម្បីគាំពារ​ដល់​ការ​ផ្គត់​ផ្គង់​ស្ត្រីនិង​ក្មេងស្រី​ក្នុង​ឆ្នាំ​២០១៧​នេះ។

កញ្ញា សុវណ្ណ ស្រីលីស និស្សិតមកពីសាកលវិទ្យាល័យបៀប្រាយក្នុងក្រុងសៀមរាប និងជា​បុគ្គលិកបម្រើការងារ​នៅ​សណ្ឋាគារ Lotus Blanc  បានរម្លឹករឿងរបស់ខ្លួនកាលនៅរៀន​វិទ្យាល័យ ប្រាប់ដល់អ្នកចូលរួមក្នុងកម្មវិធី​ដែរថា​ កញ្ញា​ស្ទើរ​តែបោះបង់​ការសិក្សាចោល​ដោយសារជីវភាព​គ្រួសារដុនដាប​ខ្លាំងពេក។

កញ្ញា សុវណ្ណ ស្រីលីស ឡើង ថ្លែងក្នុងកម្មវិធីពិធីប្រកាសដំណើរការថ្នាក់ខេត្តផែនការយុទ្ធសាស្រ្ដប្រចាំប្រទេស២០១៦-២០២១ របស់អង្គការភ្លែនអន្ដរជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ។
កញ្ញា សុវណ្ណ ស្រីលីស ឡើងថ្លែងក្នុងកម្មវិធីពិធីប្រកាសដំណើរការថ្នាក់ខេត្តផែនការយុទ្ធសាស្រ្ដប្រចាំប្រទេស២០១៦-២០២១ របស់អង្គការភ្លែនអន្ដរជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ។

កញ្ញា សុវណ្ណ ស្រីលីស ៖ « ពីព្រោះដោយសារតែគ្រួសាររបស់ខ្ញុំមានបញ្ហាខ្វះខាត  ហើយនិងមិន​ត្រឹម​ណ្ណឹង​ទេ មាន មីង ពូ ខ្ញុំជាច្រើនគាត់បាននិយាយថា ហ្ហែងនៅដល់ណាទៀត ឱពុកម្ដាយក៏ចាស់ ហើយគ្រួសារ​ក៏​ក្រីក្រ ហេតុអីក៏មិន​ទៅធ្វើ​ការងារដូចជាមួយមិត្តភក្ដិ និងបងប្អូនជីដូនមួយដទៃទៀត បានទៅធ្វើការនៅ​ប្រទេស​ថៃ ឬក៏ធ្វើការងាររោងចក្រ និង​ការងារសំណង់ដ៏ទៃទៀត ជួយផ្គត់ផ្គង់គ្រួសារ»។

​កាលពី​ថ្ងៃ​ទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​  អង្គការ​លី​កាដូ​ បាន​បញ្ចេញ​នូវ​របាយការណ៍​មួយ​ ស្ដី​ពី​  ៖​ «​ការ​រួចខ្លួន​ពី​បទល្មើស​៖​ ការ​អនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​»។​ របាយការណ៍​នោះ ​បាន​រក​ឃើញ​ពី​ភាព​ទន់ខ្សោយ​យ៉ាងធ្ងន់ធ្ងរ​របស់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ដូច​ជា​ កំហុសឆ្គង​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ អាកប្បកិរិយា​រើសអើង​ចំពោះ​ស្ដ្រី​ និង​ក្មេង​ស្រី​ ការ​បកស្រាយ​ច្បាប់​ខុស​។​ 

​អង្គការ​លី​កាដូ​បាន​បង្ហាញ​ភស្ដុ​តាង​ នៃ​ការ​មិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រួ​វ​ នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ក្នុង​ការ​ស៊ើបអង្កេត​ ផ្ដន្ទាទោស​ឲ្យ​បាន​ត្រឹមត្រូវ​ ចំពោះ​ករណី​នៃ​បទល្មើស​រំលោភ​សេព​សន្ធ​វៈ​ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ជាដើម​៕

Share

ព័ត៌មានទាក់ទង

Image