en     km
en     km

សភា​ប្រជុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​បក្សនយោបាយ​ដោយ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ចូលរួម​

Share

​ភ្នំពេញ​ ៖​ សមាជិក​រដ្ឋសភា​ទាំង​ ៦៦​ រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២០​ កុម្ភៈ​ នេះ​បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​ អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ដោយ​មាន​វត្តមាន​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ខណៈ​ សមាជិក​រដ្ឋសភា​បក្ស​ប្រឆាំង​មិន​ចូលរួម​ប្រជុំ​ ។​

កិច្ចប្រជុំសភាអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី ២០ កុម្ភៈ
កិច្ចប្រជុំសភាអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី ២០ កុម្ភៈ
សំណើសុំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ ស្តី​ពី​គណបក្ស​នយោបាយ​ រៀបចំ​ដោយ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ ៦០​រូប​ បាន​ដាក់​ញត្តិ​ចូល​មក​ដល់​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​។​

ការ​រៀបចំ​សំណើ​នេះ​ គឺ​បន្ទាប់​ពី​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​សភា​គណបក្ស​លោក​ កាលពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឱ្យធ្វើ​ញត្តិ​ទៅ​ប្រធានរដ្ឋសភា​ ដើម្បី​កែប្រែ​ច្បាប់​ ស្ដី​ពី​គណបក្ស​នយោបាយ​ ដោយ​ប​ញ្ជូ​ល​មាត្រា​ថ្មី​មួយ​ ឬក​ឋា​ខ័​ណ្ឌ​ថ្មី​ដើម្បី​ដកសិទ្ធិ​អ្នកនយោបាយ​ ដែល​សម្ដេច​ថា​ជា​ទណ្ឌិត​មិន​ឱ្យធ្វើ​នយោបាយ​ ឬ​ ជា​ប្រធាន​ ឬ​ អនុប្រធាន​។​

​កិច្ចប្រជុំ​ពិសេស​នេះ​ ក៏​មាន​វត្តមាន​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។​

កាលពី​ថ្ងៃ​ម្សិលមិញ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា​ សមាជិក​របស់​ខ្លួន​ទាំង​ ៥៥​ រូប​សម្រេច​មិន​ចូលរួម​ប្រជុំ​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ទេ​ ព្រោះ​សេចក្ដីព្រាងច្បាប់​នេះ​ នឹង​ធ្វើ​អោយ​មានការ​បែកបាក់​ឯកភាព​ជាតិ​ធ្ងន់ធ្ងរ​ ហើយ​ច្បាប់​នេះ​ក៏​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​ដំណើរ​ការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ ផ្ទុយ​ពី​ឆន្ទៈ​រាស្ត្រ​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ បើ​ទោះបីជា​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មិន​ចូលរួម​ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​ពិនិត្យ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ដែរ​។​

ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាន​ ១១​ ជំពូក​ និង​ ៤៥​ មាត្រា​។​ មាត្រា​ចំនួន​ ២៧​ នឹង​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ ហើយ​បន្ថែម​ពី​នោះ​នឹង​មានការ​បញ្ចូល​មាត្រា​ចំនួន​ប្រាំ​បន្ថែម​ទៀត​។​

ប្រសិនបើ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ នោះ​លោក​ សម​ រ​ង្ស៊ី​ នឹង​ក្លាយជា​គោលដៅ​នៃ​ការ​រារាំង​មិន​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ និង​ជា​គោលដៅ​នៃ​ហេតុ ផល​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូចដែល​មាន​ចែង​ក្នុង​មាត្រា​ ៣៨​ថ្មី​ និង​មាត្រា​៤៥​ថ្មី​៕

Share

ព័ត៌មានទាក់ទង

Image