លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ បានជួបពិភាក្សាការងារជាមួយលោកស្រី អានជេលីណា ជូលី (Angelina Jolie) ប្រធានមូលនិធិ MJP លើកិច្ចសហប្រតិបត្តិការក្នុងការបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន(ស្តំា)បានជួបពិភាក្សាការងារជាមួយលោកស្រី អានជេលីណា ជូលី(ឆ្វេង) (Angelina Jolie) ប្រធានមូលនិធិ MJP។ ប្រភពរូបភាព ហ្វេសប៊ុកក្រសួងបរិស្ថាន
គម្រោងបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ។
នៅក្នុងពិភាក្សារវាងរដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងតារាហូលីវូដ បានឯកភាពបន្តកែលម្អយន្តការសហប្រតិបត្តិការ និងក្របខណ្ឌការងារ ដែលតម្រូវឱ្យភាគីទាំងពីររៀបចំនិងអនុវត្តរួមគ្នានូវផែនការល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់រូបភាព។
ទន្ទឹមនឹងនេះ ក៏មានកិច្ចពិភាក្សា ឯកភាពលើការជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នៅក្នុងតំបន់នេះ តាមរយៈការអភិវឌ្ឍការងារកសិកម្ម មុខរបរចិញ្ចឹមជីវិត និងទេសចរណ៍ធម្មជាតិ សំដៅកាត់បន្ថយការពឹងអាស្រ័យទាំងស្រុងលើធនធាន ធម្មជាតិ ក៏ដូចជាប្រែក្លាយឥរិយាបទរបស់ប្រជាសហគមន៍មូលដ្ឋានក្នុងការរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយបរិស្ថាន និងធនធានធម្មជាតិ៕