ភ្នំពេញ៖ ជារឿងអក្សរសិល្បិ៍បុរាណមួយមែន ប៉ុន្តែរឿងភាគឥណ្ឌានេះ ក៏ខ្មែរមានដែរគឺរឿង រាមកេរ្តិ៍។ រឿងនេះ បើអស់លោកបានទស្សនាគឺជក់ចិត្តយ៉ាងខ្លាំង ព្រោះការវាយប្រហារគ្នា រវាងនគរក្រុងលង្កានិង ក្រុងរាម មានប្រើដោយវេទមន្តយ៉ាងអស្ចារ្យ។ តែអ្នកផ្ដើមឱ្យមានសង្គ្រាមគឺ ទសក័ណ្ឌ ដោយមហាយក្ស នេះ ចាប់នាងសិតាធ្វើជាប្រពន្ធបើទោះជានាងជាភរិយារបស់ព្រះរាមក៏ដោយ។ ក្រៅពីនេះ ទសក័ណ្ឌអួតក្អេងក្អាង មិនស្ដាប់ទីប្រឹក្សា ឬ អ្នកជិតខាង ឬពលរដ្ឋខ្លួនឡើយដោយ យកនគរក្រុងលង្កាជាថ្នូរនៃការធ្វើសង្គ្រាមជាមួយក្រុងរាម។ ភាពអំនួតគ្មានគ្រូអាចារ្យណាប្រដៅបាននេះ នគរក្រុងលង្កា រលាយដោយសារកម្លាំងសាមគី្គគ្នារបស់ព្រះរាម។
នេះជា បទពិសោធន៍មួយ របស់អ្នកមានអំនួត ដែលមិនឱ្យតម្លៃអ្នកដទៃ។ បើនឹកគិតរឿង បុរាណរបស់ ខ្សែភាពយន្តភាគឥណ្ឌានេះ គឺគេក៏អាចគិតថា នាពេលបច្ចុប្បន្ននេះ ក៏មានមេដឹកនាំប្រទេសខ្លះមានចរិតដូច ទសក័ណ្ឌដែរ ហើយនាំឱ្យខ្លួនរលាយ ជាតិវិនាស ហិចហោច។
សូមស្ដាប់ លោក រស់ គង់ បរិយាយអក្សរសិល្បិ៍បុរាណមួយនេះដោយ ភ្ជាប់ តថភាព សង្គម ដូចតទៅ៖
ថ្ងៃនេះយើងលើកយកអក្សរសិល្បិ៍បុរាណមួយមកធ្វើការឆ្លុះបញ្ចាំងទៅនឹងតថភាពសង្គមរបស់មនុស្ស លោកនាពេលបច្ចុប្បន្ន។ រឿងរាមកេរ្តិ៍ខ្មែរ ត្រូវបាននិពន្ធឡើងតាមលំនាំរឿងរាមាយណៈ របស់ឥសីក្លិង្គម្នាក់ឈ្មោះ វាល្មីកិ នៅប្រទេសឥណ្ឌា ដែលបានហូរចូលមកអតីតអាណាចក្រខ្មែរ គឺសម័យនគរភ្នំព្រមជាមួយព្រហ្មញ្ញសាសនា។
វត្តមានរបស់រឿងរាមកេរ្តិ៍នាសម័យនោះ អាចបញ្ជាក់បានតាមរូបបដិ មាជាច្រើន ជាពិសេសរូបហនុមាន ដែលឆ្លាក់លើសន្លឹកមាស និងបន្តោងធ្វើអំពីកែវ ឬ ថ្ម ដែលបុរាណវិទូបានរកឃើញនៅស្ថានីយប្រវត្តិសាស្ត្រដំបូងរបស់ខ្មែរ គឺអង្គរបុរីនៅខេត្តតាកែវ។ បន្ទាប់មក រឿងបែបទេវកថានេះត្រូវបានឆ្លាក់នៅតាមផ្ដែរ ថែវឬជញ្ជាំងប្រាសទ សាស្ត្រាស្លឹករិទ្ធជាដើម។ រឿងរាមកេរ្តិ៍មានឥទ្ធិពលក្នុងសង្គមខ្មែរយ៉ាងខ្លាំងក្លាបំផុតរហូតដល់សព្វថ្ងៃ ជាពិសេស អក្សរសិល្បិ៍ វិស័យសិល្បៈស្ទើរគ្រប់ទម្រង់ដូចជា កំណាព្យ ចម្រៀង គំនូរ ចម្លាក់ របាំ ល្ខោនជាដើម និងទំនៀមទម្លាប់។ ខ្ញុំសូមសង្ខេបប្រវត្តិមួយអន្លើត្រឹមប៉ុណ្ណេះ និងសូមរំលេចតួអង្គសំខាន់មួយ គឺព្រះបាទទសក័ណ្ឌ។ ទសក័ណ្ឌមាននាមផ្សេងទៀត គឺក្រុងរាពណ៍ ឬក្រុងទសមុខ។ មានការសិក្សាជាច្រើនបង្ហាញថា ក្រុងលង្កាបានរលំរលាយក្លាយជាផេះផង់ ដោយសារតែសង្គ្រាមដណ្ដើមស្រី រវាងព្រះរាម និងទសក័ណ្ឌ។ ព្រះនាងសិតា ជាតួអង្គដើមចមទំនាស់ធំនេះ បន្ទាប់ពីនាងយក្ខសូបនខា ជាប្អូនទសក័ណ្ឌញុះញង់ អុចអាលឲ្យទសក័ណ្ឌចាប់នាងសិតាមកធ្វើជាមហេសីបន្ថែម និងដើម្បីជាការសងសឹកនឹងព្រះរាម ព្រះលក្សណ៍ ដែលមិនព្រមស្រឡាញ់នាង ហើយចាប់កោរសក់ និងកាត់ដៃនាង។ ធាតុពិតនៅពីក្រោយសង្គ្រាមដោយសារស្រីនេះ គឺជាបុគ្គលិកលក្ខណៈរបស់ទសក័ណ្ឌផ្ទាល់តែម្ដង គឺទសក័ណ្ឌជាបុគ្គលល្មោភកាម ក្អេងក្អាង អំនួតលើសមត្ថភាពខ្លួនឯងហួសប្រមាណ។
ដើម្បីជាសក្ខីភាព ខ្ញុំសូមរំលេចនូវចំណុចមួយចំនួន ជាតឹកតាងការពារអំណះអំណាងខាងលើនេះ៖
១. កុវេរ ជាអាទិទេពនៃទ្រព្យសម្បត្តិ ត្រូវជាបងទសក័ណ្ឌ មានឪពុកតែមួយម្តាយទីទៃ។ ច្រណែននឹងកុវេរ ទសក័ណ្ឌ ក៏ទៅវាយដណ្តើមទ្រព្យសម្បត្តិរបស់កុវេរយកទ្រព្យសម្បត្តិដ៏មហាសាល ដណ្តើមយកបុស្បកាវិមាន ដែលកុវេរទទួលបានពីព្រះព្រហ្ម។
២. ទសក័ណ្ឌ ហ៊ានជិះលើបុស្បកាវិមានហោះកាត់ភ្នំក្រៃលាសជាលំនៅព្រះសិវៈ ដោយមិនក្រែងសោះឡើយ។ ទីបំផុតព្រះសិវៈបានផ្ចាញ់ ដោយប្រើត្រឹមម្រាមមេជើងមួយប៉ុណ្ណោះ ឲ្យទសកណ្ឌស្រែក យំនិងជាប់ក្រោមភ្នំក្រៃលាស១០០០ឆ្នាំ។ ចំណុចនេះមានចម្លាក់នៅហោជាងនៃប្រាសាទ បន្ទាយស្រី មាននៅលើផ្តែរនៃប្រាសាទមួយស្ថិតក្នុងរចនាប័ទ្មបាពួនឯខេត្តបាត់ដំបង និងនៅលើមណ្ឌបខាងលិចឈៀងខាងត្បូងនៃប្រាសាទអង្គរ។
៣. ទេវកថានេះ អ្នកនិពន្ធបានពណ៌នាពីសម្រស់ដ៏ល្អឯករបស់ព្រះនាងសិតា។ ទសក័ណ្ឌបានទៅចាប់ព្រះនាងសិតា ស្ត្រីបរទេសជាមហេសីព្រះរាមដោយផ្ទាល់ បំណងយកមកធ្វើជាមហេសីបន្ថែម និងជាការសងសឹកនឹងព្រះរាម ដោយគ្មានខ្លាចក្រែងសូម្បីបន្តិច ហើយថែមទាំងកៀកកើយព្រះនាងសិតាបញ្ឈឺព្រះរាមទៀតផង។ ក្នុងអរិភាពនេះ ទសក័ណ្ឌអាងមហិទ្ធិរិទ្ធរបស់ខ្លួនខ្លាំងក្លា អាងខ្លួនមានក្បាលដល់ទៅដប់ អាងមានកូនមានប្អូនជាមេព័ទខ្លាំងពូកែ អាងទ័ពស្ម័គ្រស្មោះក្លាហានដ៏ច្រើនសន្ធឹកសន្ធាប់ រហូតលែងស្ដាប់ទីប្រឹក្សា មិនខ្វល់ពីយោបល់ផ្សេងទៀត មិនខ្វល់ពីសុខទុក្ខរាស្ត្រនៅក្រុងលង្កា។ ជាក់ស្ដែង!ទសក័ណ្ឌបាន វាយក្បាលពិភេកជាប្អូននឹងស្បែកជើង ហើយបណ្ដេញចេញពីនគរ ក្រោយពេលពិភេកហោរាកំពូលរបស់ខ្លួន ទស្សន៍ទាយពីជោគវាសនាក្រុងលង្កាថាមិនល្អ ហើយទូលទៅទសក័ណ្ឌសុំប្រគល់ព្រះនាងសិតាឲ្យព្រះរាមវិញ ដើម្បីគេចផុតពីការអន្តរាយនគរ។ រីឯនាងមណ្ឌោលគីរី ក៏មានសុភវិនិច្ឆ័យរំឭកស្វាមី ពុំគួរធ្វើទណ្ឌកម្មពិភេគបែបនេះ ហើយក៏ពុំគួរលួចយកព្រះនាងសិតាដែរ ។ ទសក័ណ្ឌខឹងក្រេវក្រោធ ជេរប្រទេចមហេសីថា ទៅធ្វើប្រពន្ធពិភេគទៅទើបសម ។ ដោយឡែក កុម្ភការណ៍ ជាប្អូនក៏និយាយរំឭកបងអំពីរឿងហេតុដែលបណ្ដាលមកពីនាងសុបនខាទៅចង់ប្រុសខុសក្រឹត្យក្រម ហើយទសក័ណ្ឌទៀតសោតក៏ខុស ដោយល្មោភនឹងតណ្ហា លួចយកនាងសិតា។ ទសក័ណ្ឌ ខឹងនិងចោទកុម្ភការណ៍ថាកំសាក ខ្លាចសង្គ្រាមជាមួយសត្វស្វាគឺក្រុមហនុមាន។
ជាលទ្ធផល ភាពអំនួតក្អេងក្អាង ក្រអឺតក្រទមគិតថាគ្មាននរណាស្មើខ្លួន អស្មិមានះ អាត្មានិយម អត្តនោម័តផ្ដាច់ការ អំពើល្មោភកាម របស់ទសក័ណ្ឌ គឺបណ្ដាលឲ្យកើតសង្គ្រាមបំផ្លាញខ្លួនឯង។ ទោះបីទសក័ណ្ឌមានក្បាល១០ក៏ស្លាប់មិនគ្រប់ ស្លាប់ទាំងពូជ អន្តរាយប្រជាជាតិ ក្រុងលង្កាវិនាសហិនហោចស្ទើរគ្មានសល់។
តើអក្សរសិល្បិ៍បុរាណមួយនេះ ឆ្លុះបញ្ចាំងនឹងបញ្ហារបស់អ្នកដឹកនាំបច្ចុប្បន្នដែរឬទេ?
ក្នុងដំណើររឿងទេវកថាមួយនេះ ទោះបីមានអាយុកាលជាងពីរពាន់ឆ្នាំហើយក្ដី ប៉ុន្តែនៅតែមានតម្លៃអប់រំដល់អ្នកដឹកនាំទាំងឡាយរហូតដល់បច្ចុប្បន្ន។ យើងអាចក្រឡេកមើលមេដឹកនាំកំពូលៗមួយចំនួនក្នុងពិភពលោក គឺពិតជាទទួលនូវក្ដីអន្តរាយយ៉ាងប្រាកដ ពេលដែលពួកគេងប់នឹងអំនួត ងប់នឹងអំណាចផ្ដាច់ការ ដូចជា លោក សាដាមហ៊ូសេន មេដឹកនាំនៅប្រទេសអ៊ីរ៉ាក់ និង លោក មូអាម៉ា ហ្កាដាហ្វ៊ី មេដឹកនាំនៅប្រទេសលីប៊ី ត្រូវបានសម្លាប់ និងថ្មីៗនេះមាន លោក យ៉ាស់យ៉ា ចាម៉ែស មេដឹកនាំនៃប្រទេសហ្គាំប៊ី ត្រូវបង្ខំចិត្តចុះចេញពីតំណែងជាប្រធានាធិបតី គេចខ្លួនយកព្រះអាយូស។ មេដឹកនាំកំពូលៗ ដែលជួបក្ដីអន្តរាយទាំងនេះ យើងអាចមើលឃើញថា ពួកគាត់ងប់ នឹងអំណាច។ ភាពងប់ងល់នឹងអំណាច អំនួតក្អេងក្អាង ចង់ធ្វើអ្វីស្រេចតែចិត្តមិនគិតតម្លៃមនុស្សជាតិ គឺដោយសារគេមានចំណុចខ្លាំងក្នុងដៃ ដូចជាប្រមូលផ្ដុំអំណាចច្បាប់ឲ្យស្ថិតលើបបូរមាត់ខ្លួន ក្របួចតុលាការឲ្យនៅក្នុងដៃ ច្នៃទ័ពឲ្យស្ដាប់បញ្ជា ពិសេសមានអង្គរក្សផ្ទាល់ខ្លួនសន្ធឹកសន្ធាប់ និងច្បាមសេដ្ឋកិច្ចយ៉ាងណែនទៀតផង។ មនុស្សមានបេះដូង យូរទៅមនុស្សក្បែរខ្លួនក៏គេធុញទ្រាន់ ទ្រលាន់នឹង អំនួតអំណាចផ្ដាច់ការនេះដែរ។ មនុស្សស្រឡាញ់កាន់តែតិច មនុស្សស្អប់កាន់តែច្រើន នោះថ្ងៃបរាជ័យ ក្ដីអន្តរាយនឹងដើរមកដល់។ ទោះបីមិនដូចក្រុងលង្ការបស់ទសក័ណ្ឌ ប៉ុន្តែភាពអំនួតគ្មានអ្នកស្មើនេះ នាំឲ្យក្រុមគ្រួសារ បក្សពួករបស់គេជួបក្ដីវិនាស។ ផ្ទុយទៅវិញមេដឹកនាំ អ្នកនយោបាយ បើចង់បានកិត្តិយសថ្លៃថ្នូរ ប្រទេសរីកចម្រើន ប្រជារាស្ត្រសុខសាន្ត ល្គឹកណាខ្លួនមិនគួរបណ្ដោយឲ្យមេរោគអំនួតចូលសណ្ឋិតក្នុងខ្លួនបាននោះទេ ពោលគឺ គប្បីបើកបេះដូង ថ្លឹងថ្លែងការផ្ដល់យោបល់ គិតប្រយោជន៍រួមជាធំ កុំយល់ថាមតិទាំងឡាយផ្ទុយពីខ្លួនសុទ្ធតែខុស រឹតតែមិនត្រូវលាបពណ៌ ចោទប្រកាន់ ដើម្បីបំបិទមាត់ ឬធ្វើទុក្ខ បុកម្នេញដោយទុច្ចរិតចំពោះដៃគូប្រកួតប្រជែង ឬអ្នកផ្ដល់យោបល់ទាំងនេះ។ កុំអួតអាងដូចទសក័ណ្ឌ ត្បិតមានកូន មានបងប្អូន សាច់ញាតិជាមេទ័ពខ្លាំងពូកែ ទុកអ្នកផ្សេងជាកំទេចសំរាម។ បើមិនដូច្នេះទេ មេរៀននៃរឿងទេវកថា អំនួតទសក័ណ្ឌធ្វើឲ្យរលាយក្រុងលង្កាបុរាណ នឹងក្លាយជាបណ្ដាសារកើតមានក្នុងសម័យទំនើបនេះជាមិនខានឡើយ៕