en     km
en     km

រដ្ឋាភិបាល​កំពុង​រៀបចំ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​នៅ​ថៃ​ (មានសំឡេង)

Share

​ភ្នំពេញ​៖​កាលពីដើម​ខែកុម្ភៈ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថៃ​ បាន​ចុះ​កិច្ចព្រម ព្រៀង​មួយ​ដើម្បី​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ចំណាកស្រុក​ពី​កម្ពុជា​។​

 

okk

​មន្ដ្រីជាន់ខ្ពស់​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​ថា​ ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ៤៥​ម៉ឺន​នាក់​ នឹង​ទទួល​បាន​ភាព​ស្របច្បាប់​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​។​ ពលករ​ទាំងនេះ​គឺជា​ពលករ​ដែល​មាន​ភាព​ស្របច្បាប់​បណ្តោះអាសន្ន​រួច​ទៅ​ហើយ​។​

​​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ ហេង​ សួរ​ បាន​អះអាង​ថា​ ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​ដោយ​មិន​ទាន់​ស្របច្បាប់​ពេញលេញ​នៅ​ក្នុង​ប្រទេស​ថៃ​ចំនួន​ ៤៥​ម៉ឺន​នាក់​នឹង​ទទួល​បាន​ភាព​ស្របច្បាប់​ដើម្បី​ធ្វើការ​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​អ្នកនាំពាក្យ​ធ្វើ​ឡើង​ក្រោយ​ពី​កិច្ចប្រជុំ​បូក​សរុប​ការងារ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​។​ នៅ​ក្នុង​ពេល​នេះ​ស្ថានទូត​កម្ពុជា​ក្នុង​ទីក្រុង​បាងកក​បាន​ត្រៀម​ចែកចាយ​លិខិតឆ្លងដែន​ចំនួន​ ២៣​ម៉ឺន​ដល់​ពលករ​ទាំងនោះ​។​

​លោក​ ហេង​ សួរ​ បញ្ជាក់​ថា​ ពលករ​ដែល​នឹង​ទទួល​បាន​ភាព​ស្របច្បាប់​នេះ​គឺជា​ពលករ​ដែល​មាន​ប័ណ្ណ​ព័ណ៌​ស៊ី​ជំពូ​ដែល​ធ្វើ​ក្រោយ​ឆ្នាំ​២០១៦​។​ ឬ​មាន​ន័យ​ថា​ពួក​គេ​មាន​ភាព​ស្របច្បាប់​បណ្តោះអាសន្ន​រួច​ទៅ​ហើយ​។​ «​រដ្ឋាភិបាល​ថៃ​គាត់​ផ្តល់​ភាព​ស្រប់ច្បាប់​តែ​ចំពោះ​ពលករ​ទាំងឡាយ​ណា​ដែល​មាន​ប័ណ្ណ​ពណ៌​ស៊ី​ជំពូ​ហើយ​។​ គាត់​មាន​ប័ណ្ណ​ពណ៌​ស៊ី​ជំពូ​ហើយ​ គាត់​ត្រូវការ​លិខិតឆ្លងដែន​ លិខិត​ធ្វើ​ដំណើរ​ និង​ប័ណ្ណ​ពលករ​កម្ពុជា​ ថែម​មួយទៀត​ បូក​ប័ណ្ណ​ពណ៌​ស៊ី​ជំពូ​ គឺ​គាត់​អាច​រស់នៅ​ស្រប់ច្បាប់​ ធ្វើការ​ដោយ​ស្រប ច្បាប់​បាន​ តែ​ផ្ទុយ​ទៅ​វិញ​ បើសិន​យើង​មាន​លិខិតឆ្លងដែន​ លិខិត​ធ្វើ​ដំណើរ​ តែ​អត់​ប័ណ្ណ​ពណ៌​ស៊ី​ជំពូ​ ក៏​គាត់​មិន​អាច​ទទួល​បាន​ភាព​ស្រប់ច្បាប់​នៅ​ឯ​ប្រទេស​ថៃ​នោះ​ទេ​»​។​

​ដោយសារ​ចំណោទ​ជីវភាព​ពលរដ្ឋ​កម្ពុជា​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង​ជា​រៀង​រាល់​ឆ្នាំ​។​ ក្នុង​នោះ​មាន​ប្រទេស​វៀតណាម​និង​ប្រទេស​ថៃ​ជាដើម​។ ​ប៉ុន្តែ​ពួក​គេ​ភាគច្រើន​បាន​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំង​ស្របច្បាប់​និង​ទាំង​ខុសច្បាប់​ដោយសារ​ប្រទេស​នេះ​សម្បូរ​ ការងារ​និង​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​នៅ​ប្រទេស​កម្ពុជា​។​ ជួនកាល​ពួក​គេ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ​ឬ​ចាប់​ដាក់​មន្ទីរ ឃុំឃាំង​មុន​នឹង​បញ្ជូន​ត្រឡប់​មក​វិញ​ដោយសារ​ពួក​គេ​ឆ្លង​ចូល​ទៅ​ធ្វើការ​ខុសច្បាប់​។​ ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម​  សំណង់​ឬ​នេសាទ​។​

​លោកស្រី​ មួ​ សុខ​ហួរ​  តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់​បាន​ទៅ​ជួប​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​នា​ពេល​កន្លង​មក​។​ លោកស្រី​បាន​សាទរ​វិធានការ​ផ្តល់​ឯកសារ​ស្របច្បាប់​ដល់​ពលករ​ចំណាក់ស្រុក​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​នេះ​។​ លោកស្រី​មួ​ សុខ​ហួរ​ រំពឹង​ថា​ ចំណាត់ការ​នេះ​នឹង​អាច​ជួយ​ការពារ​ពលករ​ពី​ការ​រំលោភសិទ្ធិ​ និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ក្នុង​ប្រទេស​ថៃ​។​ «​ប្រសិនបើ​រាជរដ្ឋាភិបាល​ ជា​ពិសេស​ ស្ថានទូត​ រាជទូត​ថ្មី​យើង​ ការ​យកចិត្តទុកដាក់​ ទាំង​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​ លោក​ ធ្វើ​បាន​ជោគជ័យ​ លទ្ធិ​ផល​ល្អ​ យើង​អប់អរសាទរ​ ព្រោះ​យើង​ចង់​ឲ្យ​ពលករ​យើង​ចំណេញ​ ពលករ​យើង​បាន​ស្រប់ច្បាប់​ កុំ​លំបាក់​គេ​បណ្តេញ​មក​វិញ​ ឬ​ប្រឈម​មុខ​ទៅ​និង​ការ​គេ​ចាប់​គេ​ចង​»​។​

​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ទើបតែ​បាន​ចុះហត្ថលេខា​រួម​គ្នា​កាលពីដើម​ខែកុម្ភៈ​លើ​កិច្ចព្រមព្រៀង​ដើម្បី​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ចំណាកស្រុក​ពី​កម្ពុជា​។​នៅ​ក្នុង​នោះ​កម្ពុជា​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ប្រទេស​ថៃ​ដើម្បី​ព​ង្រី​ទីតាំង​ចែកចាយ​លិខិតឆ្លងដែន​ចំនួន​ប្រាំ​កន្លែង​បន្ថែម​ទៀត​។​ ទីតាំង​ទាំងនោះ​ស្ថិត​នៅ​ខេត្ត​សា​មុ​ត្រ​ប្រា​កាន​ ឈុ​ន​បុរី​ ខេត្ត​ឆាក់​ឈើ​ង​សាវ​ និង​ខេត្ត​ រ៉ា​ក់​យ៉ង​។​ មាន​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ចំនួន​សរុប​ ១​លាន​ ៦​ម៉ឺន​នាក់​។​ ក្នុង​នោះ​ពលករ​ស្រប់ច្បាប់​មាន​ចំនួន​ប្រមាណ​ ៣៣​ ម៉ឺន​នាក់​ និង​ពលករ​ស្រប់ច្បាប់​បណ្តោះអាសន្ន​ប្រមាណ​ ៤៥​ ម៉ឺន​នាក់​។​ នេះ​បើ​តាម​តួលេខ​ផ្លូវការ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង