ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅព្រឹកថៃ្ងទី១៦ កុម្ភៈនេះ ព្រះអង្គបានយាងទៅកាន់ខេត្តសៀមរាប ដើម្បីជាព្រះអធិបតីនៃពិធីសម្ពោធខ្សែភាពយន្តជាវណ្ណៈកម្ម របស់តារាហូលីវូដអាមេរិកលោកស្រី Anjelina Jolie មានចំណងជើងថា «មុនដំបូងខែ្មរក្រហមសម្លាប់ឪពុករបស់ខ្ញុំ»។
ខ្សែភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំងនៅរោងកុនអង្គរសៀមរាប ខេត្តសៀមរាប នាថៃ្ងទី១៨ កុម្ភៈ ឆ្នាំ ២០១៧។ នេះបើតាមហ្វេសប៊ុករបស់ Royal du Cambodge។
ខ្សែភាព « មុនដំបូងខែ្មរក្រហមសម្លាប់ឪពុករបស់ខ្ញុំ » គឺជាការតាក់តែងនិពន្ធនិងចាត់ចែងការផលិត និងចំណាយការផលិត ដោយលោកស្រី Anjelina Jolie។ ភាពយន្តនេះ រម្លឹកអំពីសោកនាដកម្មនៃការកាប់សំលាប់ ពលរដ្ឋដោយរបបខ្មែរក្រហម ហើយសកម្មភាពថត មានទីតាំងនៅ ខេត្តសៀមរាបនិងខេត្តបាត់ដំបដង ដោយដំណើរការផលិតរយៈពេលជិតមួយឆ្នាំ។
តាមប្រភពដដែល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីកាត់ឫសសីមាឆ្លងព្រះវិហារថ្មីនៅវត្តស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ផងដែរ៕