ភ្នំពេញ ៖ គ្រាន់តែថៃ្ងរះភ្លាម គេសង្កេតឃើញនៅខាងមុខខ្លោងទ្វារចូលសាលារៀន ឬ នៅសាកលវិទ្យាល័យមួយចំនួន នៅរាជធានីភ្នំពេញ មានដាក់លក់របស់អនុស្សាវរីយ ដូចជាតុក្កតា និង ផ្កាជាដើម។
នេះជាទិដ្ឋភាពនៃការទាក់ទាញយុវវ័យ ឱ្យចាប់អារម្មណ៍ចង់ទិញដើម្បីជូនជាកាដូរទៅដៃគូរបស់ខ្លួន។ ផ្កាដែលដាក់តាំងលក់ខាងមុខសាលា រៀន ច្រើនតែជាផ្កាកុលាបពណ៌ក្រហម។ ផ្កាកុលាបពណ៌ក្រហម តំណាងឱ្យក្ដីស្រឡាញ់ជ្រាលជ្រៅ និងស្មោះស្ម័គ្រ។
ហេតុអ្វីបានជាផ្កាកុលាបក្លាយជាកម្រងអនុវស្សាវរីយមានប្រជាប្រិយភាពជាងគេ?
ចូរអ្នកស្វែងយល់អំពីអត្ថន័យនៃពណ៌និមួយរបស់ផ្កាកុលាប។
កុលាបពណ៌ក្រហមខ្ចី តំណាងឲ្យស្នេហា។ កុលាបពណ៌ក្រហមសុទ្ធ តំណាងឲ្យក្ដីស្រលាញ់។ កុលាបពណ៌ស តំណាងឲ្យភាពបរិសុទ្ធ ភាពស្លូតបូត។ កុលាបពណ៌ស៊ីជម្ពូចាស់ តំណាងឲ្យអំណរគុណ។ កុលាបពណ៌ស៊ីជម្ពូខ្ជី តំណាងឲ្យការកោតសរសើរ ការអាណិតអាសូរ។ កុលាបពណ៌លឿង តំណាងឲ្យភាពសប្បាយ ត្រេតអរ។ កុលាបពណ៌លឿងក្រហម តំណាងឲ្យមិត្តភាព ធ្លាក់ក្នុងអន្លងស្នេហ៍។ កុលាបពណ៌ទឹកក្រូច តំណាងឲ្យ សេចក្តីសាទរ។ ។ កុលាបពណ៌ក្រហមលឿង តំណាងឲ្យអារម្មណ៍សប្បាយរីករាយ។ កុលាបពណ៌ផ្កាថ្ម តំណាងឲ្យសេចក្តីប្រាថ្នា។ កុលាបពណ៌ខ្មៅ តំណាងឲ្យមរណភាព ឬលាសិនហើយ។ កុលាបពណ៌ខៀវ តំណាងឲ្យអសមត្ថភាព ឬមិនអាចសម្រេចបាន។
Valentine day ១៤ កុម្ភៈចូលមកកម្ពុជា
ក្នុងទិដ្ឋភាពថៃ្ង Valentine day ១៤ កុម្ភៈ ដែលជាវប្បធម៌របស់ពួកអឺរ៉ុប បានទាញឱ្យយុវជននៅអាស៊ី ធ្លាក់ ចូលក្នុងស្ថានភាពងប់ងល់មួយឈានដល់ការបោះបង់ចោល ទំនៀបទម្លាប់របស់ ខ្លួនដែលធ្លាប់មានដ៏ផូរផង់មកហើយ។
Valentine day ១៤ កុម្ភៈ បានហូរចូលកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទាក់ទាញយុវជនកម្ពុជា យ៉ាងខ្លាំងហើយពេល ខ្លះបង្កឱ្យយុវជនមានការប៉ះទង្គិចគ្នាទៀតផង នៅពេលដែលពួកគេជូនផ្កា ឬ វត្ថុអនុស្សាវរីយជាន់ដៃគូគ្នា។ បន្ថែមលើនេះ Valentine day ១៤ កុម្ភៈ បានទាញ់ឱ្យ យុវតីភ្លេចគេចពីសេចក្ដីថ្លៃថ្នូររបស់ខ្លួន ជាស្ត្រីតំណាងឱ្យភាពស្អាតស្អំតំណាងឱ្យគ្រួសារត្រកូល និងសង្គមខ្មែរដោយសម្រេច ចាប់ដៃគូ ឬដើរខុសពីទំនៀមទម្លាប់ ដោយភ្លេចពីអ្វីជាភាពបរិសុទ្ធរបស់ស្ត្រី។
ដោយសាររឿងនេះ គេសង្កេតឃើញក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជននិងកីឡា និងអង្គការស្ត្រី មួយចំនួនបានអំពាវនាវជាចំហ ទៅកាន់យុវ ជន និងគ្រួសារអាណាព្យាបាលឱ្យជួយលើកដំកើង សេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ឱ្យបានខ្ពស់បំផុត ដោយជួយបញ្ជៀសឱ្យបាននូវការបាត់បង់កេរ្តិ៍ ខ្មាស់ក្នុងស្ថានភាពអាក្រក់ណាមួយដែលអាចកើតឡើងជាយថាហេតុ។
ប្រវត្តិ Valentine day ១៤ កុម្ភៈ
ថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់ ប្រារព្ធដំបូងនៅប្រទេសក្នុងទ្វីបអឺរ៉ុប គឺនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ តាមកំណត់ត្រា ខ្លះថាមានតាំងសត វត្សទី ១៤ ខ្លះថា ទី១៧។
ដើមឡើយមានរឿងមួយនិយាយពី គូស្នេហាមួយគូស្រឡាញ់គ្នា យ៉ាងស្មោះស្ម័គតែពួកគាត់ព្រាត់គ្នា បាន គឺដោយ បុរសជាប្ដីត្រូវបានចាប់ដាក់ពន្ធនាគារធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងត្រូវគេប្រកាសប្រហារជីវិតដោយកាត់កនៅថ្ងៃទី១៤ កុម្ភៈ។
បុរសនេះហើយគឺលោក Valentine។ មុនយកទៅប្រហារជីវិត លោក Valentine បានផ្ញើសំបុត្រមួយទៅនាង នោះដោយបង្កប់ន័យ បង្ហាញភាពស្មោះស្ម័គ្រយ៉ាងក្រៃលែងចំពោះនាង។ ក្នុងសំបុត្រនោះ មិនត្រឹមនិយាយពីស្នេហាទេ គឺនិយាយពីការរាប់អាន និង សាមគ្គីគ្នា ចេះជួយធុរៈគ្នាទៀតផង។
ភាពល្បីភាពរន្ធត់នេះហើយ បានធ្វើឱ្យមនុស្សជំនាន់ក្រោយបន្តចងចាំ ថ្ងៃ១៤ កុម្ភៈ ដោយចាត់ទុកថា«ទិវានៃក្តីស្រឡាញ់»។
ទិវានេះបន្តរីករាលដាលខ្លាំងនៅអឺរ៉ុប ហើយក្រោយមកពាសពេញអាស៊ី និងពិភពលោក ដូចសព្វថ្ងៃនេះ។ តាមរយៈនេះអ្នកខ្លះចាត់ទុកទិវានៃស្រឡាញ់នេះ ក្លាយជាការដឹងគុណ អ្នកដែលមានគុណលើខ្លួន។ តែអ្នកខ្លះ គិតថា ដៃគូអនាគត គឺជារឿងពិសេសណាស់ ដើម្បីចងភ្ជាប់ពីមិត្តភាព ទៅជារឿងសេ្នហាទៅវិញ។ ចំណែកវត្ថុដែលជាការចងចាំ ច្រើនតែផ្កាកុលាប។ តែកុលាបក្រហម គឺជាការពេញនិយមជាងគេ៕