ភ្នំពេញ៖ ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្ដល់ថិវកាសុរបចំនួន ២៤៧,៧៣៤ ដុល្លារអាមេរិក ក្នុងការកែលម្អការថែទាំសុខភាព និងប្រព័ន្ធធារាសាស្ដ្រនៅកម្ពុជា។ នេះបើតាម ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ថ្លែងក្នុងពិធីប្រកាសផ្ដល់ជំនួយឥតសំណងដល់កម្ពុជា នៅស្ថានទូត ជប៉ុនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោក ហូរី ណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនបានបញ្ជាក់ឱ្យដឹងនៅក្នុងពិធីប្រកាសផ្ដល់ជំនួយនោះទៀតថា ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្ដល់ថវិកាសរុបចំនួន ២៤៧, ៧៣៤ ដុល្លារអាមេរិក ដល់អង្គភាពជំនួយចំនួនបី។
អង្គភាពដែលទទួលបានជំនួយទាំងនោះរួមមាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលើ ខេត្តកំពង់ចាម , មន្ទីរសុខាភិបាលខេត្តកំពង់ធំ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់។
គួរបញ្ជាក់ដែរថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើនៅប្រទេសកម្ពុជានៅឆ្នាំ ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមគម្រិតមូលដ្ឋាន ។
គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាមួយចំនួន ដូចជា ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍៕