ភ្នំពេញ ៖ សមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភាបានសម្រេច បញ្ជូនសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយ ទៅកាន់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដើម្បីសិក្សាលម្អិត និងពិនិត្យ មុននឹងដាក់ចូលសភាពេញអង្គបោះឆ្នោតអនុម័ត ក្នុងពេលខាងមុខនេះ។ ការសម្រេចនេះធ្វើឡើងក្រោយពី គណកម្មាធិការនេះបានបញ្ចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ។ តែយ៉ាងណាមិញ បក្សប្រឆាំង សុំឱ្យពន្យាការធ្វើវិសោ ធនកម្មច្បាប់នេះ។
សមាជិកគណកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួនប្រាំបីរូប នៅព្រឹកថ្ងៃ ច័ន្ទទី១៣ កុម្ភៈនេះ បានសំរេចបញ្ជូនសំ ណើរសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយទៅកាន់គណកម្មការនីតិកម្ម និងយុត្តិធម៌ដើម្បីពិនិត្យ និងសិក្សាលម្អិត បើទោះបីជាមាន ការប្រឆាំងជំទាស់របស់សមាជិកគណកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រឆាំងក៏ដោយ។
សេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់សម្តេច ហ៊ុន សែន ដើម្បីរារាំងមិនឲ្យបុគ្គលដែលជាប់ពិរុទ្ធដឹកនាំគណបក្សនយោបាយ។
ច្បាប់ស្តីពីគណបក្សនយោបាយ មាន ១១ ជំពូក និង ៤៥ មាត្រា។ បើតាមលោក ឈាង វុន អ្នកនាំពាក្យនៃក្រុមតំណាងរាស្ត្ររបស់គណបក្សប្រ ជាជនកម្ពុជា មាត្រាចំនួន ២៧ នឹងត្រូវបានធ្វើសោធនកម្ម ហើយបន្ថែមពីនោះនឹងមានការបញ្ចូលមាត្រាចំនួនប្រាំបន្ថែមទៀត។
លោក ឈាង វុន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនៅព្រឹកនេះថា ច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានស្នើឱ្យធ្វើវិសោធនកម្មនេះ មិនមែនដៅទៅលើគណបក្សណាមួយនោះទេ គឺជាច្បាប់ទូទៅ សម្រាប់អនុវត្តគ្រប់គណបក្សនយោបាយទាំងអស់។
លោកបញ្ជាក់បន្ថែមថា ការធ្វើវិសោធនកម្មនេះដើម្បីធានាពីលទ្ធិប្រជាធិបតេយ្យ ធានារាជបល្ល័ង ការឯកភាពជាតិ និងធានាថា អ្នកទោសក្នុងតំណែង មិនអាចដឹកនាំគណបក្សនយោបាយបាន ព្រមទាំងមិនមានការធ្វើអបគមន៍។ លោក ឈាន វុន៖«ច្បាប់បានបារាំងក៏ដូចជាច្បាប់នៅប្រទេសធំមួយចំនួន នៅអាមេរិកជាដើម គេមិនដែលឱ្យអ្នកទោស ធ្វើនយោបាយទេ ដែលខ្ញុំនិយាយថាអ្នកទោសហ្នឹងគឺអ្នកទោសក្នុងដំណែង ជាប់គុកក្តី ត្រូវបានដោះលែងដោយមិនទាន់បំពេញកាតព្វកិច្ចជាអ្នកទោសក្តី អ្នកទោសហ្នឹងត្រូវតែហាមឃាត់មិនឱ្យគាត់ធ្វើទៀត ព្រោះវាអាចទាញសង្គមយើងឱ្យអន្តរាយ នៅត្រង់ហ្នឹងហើយដែលយើងភ័យព្រួយរឿងអស់នេះ»។
យ៉ាងណាក៏ដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបតែលាលែងដំណែងកាលពីពេលថ្មីៗនេះ បានហៅការធ្វើវិសោធនកម្មច្បាប់នេះថា គឺធ្វើឡើងក្នុងគោលដៅរំលាយគណបក្សប្រឆាំង។
លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សរបស់លោកស្នើសុំឱ្យពន្យាពេលក្នុងការធ្វើវិសោធនកម្មច្បាប់នេះសិន ដើម្បីមានពេលគ្រប់គ្រាន់ពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដែលជាគណបក្សនយោបាយទាំងអស់នៅកម្ពុជា។លោក យ៉ែម បុញ្ញឬទ្ធិ៖«ជាជំហររបស់គណបក្សគណបក្សសង្គ្រោះជាតិ យើងពុំគាំទ្រនូវរបៀបវារៈនេះទេពីព្រោះយើងយល់ឃើញថា ទី១យើងសិក្សាថតភាពសង្គមជាក់ស្តែងជំនឿ ទំនុកទុចិត្តពីប្រជាពលរដ្ឋទៅលើប្រព័ន្ធតុលាការ ហើយហ្នឹង ទី២.គឺពាក់នឹងពេលវេលាបោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់នៅសល់បីខែទៀតដូច្នេះយើងយល់ឃើញថាវិសោធនកម្មច្បាប់នេះវាពាក់ព័ន្ធទៅនឹងគណបក្សនយោបាយ»។
បច្ចុប្បន្ននេះនៅកម្ពុជាមានគណបក្សនយោបាយចំនួន ៧១ គណបក្ស ក្នុងនោះមានតែ ៤៥ គណបក្សនយោបាយប៉ុណ្ណោះដែលត្រូវបានទទួលស្គាល់ជាផ្លូវការ៕