ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលថា លោក សម រង្ស៊ី ស្នើតែង តាំងភរិយារបស់ខ្លួនធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ។ នៅថ្ងៃទី ១២ កុម្ភៈនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា លិខិតស្នើនោះ គឺជាលិខិតក្លែងក្លាយ ដែលមានបំណងបំភ័ន្ដមតិសាធារណៈ។
បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្ដលាលែងពីតំណែង ជាប្រធានគណបក្សកាលពីរសៀលថ្ងៃទី១១ កុម្ភៈ រួចមក ស្រាប់នៅតែនៅទី១២ ខែកុម្ភៈ នេះ មានការបង្ហាញនូវលិ ខិតថ្មីមួយទៀត ដែលដាក់ឈ្មោះលោក សម រង្ស៊ី ដដែល ដោយបញ្ជាក់ថា លោក សម រង្ស៊ី មានបំណងស្នើប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ ជ្រើសតាំងលោកស្រី ជូឡុង សូមូរ៉ា ជាប្រធានគណបក្សជំនួសរូបលោក ដើម្បីរក្សាបាននូវនិរន្ដភាពគណបក្សនាពេលអនាគត។
លិខិតចំហរដែលបានផ្សព្វផ្សាយជាសាធារណៈលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលនេះ ត្រូវបានអ្នក នាំពាក្យគណក្សសង្គ្រោះជាតិច្រានចោល។ លោក យឹម សុវណ្ណ បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី១២ កុម្ភៈ នេះ ដោយអះអាងថា លិខិតនោះមិនមែនជាការពិតឡើយ ពោលគឺជាលិ ខិតដែលមានបំណងបំភ័ន្ដមតិសាធារណៈប៉ុណ្ណោះ។
បន្ថែមពីនេះអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបញ្ជាក់ទៀតថា នៅខណៈនេះទាំងតំណែងជាប្រធានគណបក្ស និងមូលហេតុពីការលាលែងតំណែងជាប្រធានគណបក្សរបស់លោក សម រង្ស៊ី និងចំណាត់ ការផ្សេងៗ លោកមិនទាន់អាចបញ្ជាក់លម្អិតបានទេ ព្រោះគណបក្សត្រូវការពេលដើម្បីប្រជុំពិភាក្សាកិច្ចការផ្ទៃក្នុងបក្ស៕